ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ១១:១-២១

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃថ័ន្ទ ទី​២៨ ខែតុលា ឆ្នាំ២០២៤
រីឯ​អ័ថា‌លា ព្រះ‌មាតា​នៃ​អ័ហា‌ស៊ីយ៉ា កាល​បាន​ឃើញ​ថា ព្រះ‌រាជ‌បុត្រា​សុគត​ហើយ​ដូច្នោះ នោះ​ព្រះ‌នាង​ក៏​ចាត់‌ចែង​បំផ្លាញ​ជំនួរ​វង្ស នៃ​ស្តេច​ទាំង​ប៉ុន្មាន​ទៅ តែ​យ៉ូសេបា ជា​បុត្រី​ស្តេច​យ៉ូរ៉ាម ហើយ​ជា​កនិដ្ឋា​របស់​អ័ហា‌ស៊ីយ៉ា នាង​បាន​លួច​យក​យ៉ូអាស ជា​បុត្រា​របស់​អ័ហា‌ស៊ីយ៉ា ចេញ​ពី​ពួក​បុត្រា​របស់​ស្តេច ដែល​ត្រូវ​ស្លាប់​នោះ ព្រម​ទាំង​មេនំ​ផង ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ដេក ឲ្យ​រួច​ពី​អ័ថា‌លា មិន​ឲ្យ​ត្រូវ​ស្លាប់ បុត្រ​នោះ​ក៏​នៅ​ជា​មួយ​នឹង​នាង លាក់​ទុក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​អស់​៦​ឆ្នាំ ឯ​ព្រះ‌នាង​អ័ថា‌លា បាន​សោយ‌រាជ្យ​លើ​នគរ។ លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​យេហូ‌យ៉ាដា​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​ពួក​មេ‌ទ័ពពួក​នាយ នឹង​ពួក​ថ្មើរ​ជើង មក​ឯ​លោក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លោក​ក៏​តាំង​សញ្ញា​នឹង​គេ ហើយ​ឲ្យ​គេ​ស្បថ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​បង្ហាញ​ឲ្យ​គេ​ឃើញ​បុត្រា នៃ​ស្តេច​នោះ លោក​បង្គាប់​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​នេះ គឺ​ពួក​អ្នក​រាល់​គ្នា​១​ភាគ​ក្នុង​៣ ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ត្រួត​លើ​ការ​ចាំ​យាម រក្សា​នៅ​មន្ទីរ​របស់​ស្តេច ត្រូវ​ឲ្យ​១​ភាគ​ក្នុង​៣​ទៀត នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ ហើយ​១​ភាគ​ក្នុង​៣​ទៀត នៅ​ត្រង់​ទ្វារ​ខាង​ក្រោយ​ទី​នៃ​ពួក​ចាំ​យាម អ្នក​រាល់​គ្នា​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​យ៉ាង​នោះ កុំ​ឲ្យ​អ្នក​ណា​ចូល​ឡើយ ឯ​អ្នក​រាល់​គ្នា​ទាំង​២​កង ដែល​ចេញ​វេន​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ព័ទ្ធ​ជុំវិញ​ស្តេច ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​គ្រឿង​សស្រ្តា‌វុធ នៅ​ដៃ​រៀង​ខ្លួន​ចោម​ព័ទ្ធ​ស្តេច បើ​មាន​អ្នក​ណា​ចូល​ហួស​ថែវ​អ្នក​រាល់​គ្នា​មក នោះ​ត្រូវ​សំឡាប់​ចេញ ហើយ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នឹង​ស្តេច ក្នុង​កាល​ដែល​ទ្រង់​យាង​ចេញ​ទៅ នឹង​ចូល​មក​ផង។ ពួក​មេ‌ទ័ព គេ​ធ្វើ​តាម​បង្គាប់​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ​គ្រប់​ជំពូក គេ​នាំ​យក​ពួក​កង​គេ​រៀង​ខ្លួន ជា​ពួក​ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សំរាក នឹង​ពួក​ដែល​ចេញ​វេន​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ មក​ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ១០លោក​ក៏​ចែក​លំពែង នឹង​ខែល​របស់​ស្តេច​ដាវីឌ ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដល់​ពួក​មេ‌ទ័ព ១១ដូច្នេះ ពួក​ចាំ​យាម​គេ​ក៏​កាន់​គ្រឿង​សស្រ្តា‌វុធ​នៅ​ដៃ​រៀង​ខ្លួន ឈរ​នៅ​ព័ទ្ធ​ជុំវិញ​ស្តេច ចាប់​តាំង​ពី​ខាង​ស្តាំ​ព្រះ‌វិហារ រហូត​ដល់​ខាង​ឆ្វេង​តាម​ក្បែរ​អាសនា​ព្រះ‌វិហារ ១២នោះ​លោក​នាំ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច​ចេញ​មក ហើយ​បំពាក់​មកុដ‌រាជ្យ​ថ្វាយ​ទ្រង់ ព្រម​ទាំង​ប្រគល់​សេចក្ដី​បន្ទាល់​ដល់​ទ្រង់ តាំង​ឡើង​ជា​ស្តេច ហើយ​ចាក់​ប្រេង​ថ្វាយ នោះ​គេ​ក៏​ទះ​ដៃ​បន្លឺ​ឡើង​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន។ ១៣កាល​ព្រះ‌នាង​អ័ថា‌លា បាន​ឮ​សូរ​អឺង‌កង​នៃ​ពួក​ចាំ​យាម នឹង​បណ្តាជន​ទាំង​ប៉ុន្មាន នោះ​ព្រះ‌នាង​យាង​ចូល​ទៅ​ឯ​គេ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ១៤ក៏​ទត​មើល​ទៅ​ឃើញ​ស្តេច​ទ្រង់​ប្រថាប់ នៅ​លើ​ទី​ថ្កល់ តាម​ទំនៀម មាន​ទាំង​ពួក​មេ‌ទ័ព នឹង​ពួក​ផ្លុំ​ត្រែ ឈរ​នៅ​ជិត​ផង ពួក​បណ្តាជន ជា​អ្នក​ស្រុក​នោះ​ទាំង​អស់ ក៏​រីក‌រាយ​សប្បាយ​ឡើង ទាំង​ផ្លុំ​ត្រែ​ផង ដូច្នេះព្រះ‌នាង​អ័ថា‌លា​ទ្រង់​ហែក​ព្រះ‌ពស្រ្ត​ស្រែក​ឡើង​ថា នេះ​ជា​ការ​ក្បត់ ជា​ការ​ក្បត់​ហើយ ១៥តែ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​បង្គាប់​ដល់​ពួក​មេ‌ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ថា ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សំឡាប់​គេ​ដោយ​ដាវ នោះ​គឺ​ពី​ព្រោះ​សង្ឃ​បាន​ប្រាប់​ថា កុំ​ឲ្យ​សំឡាប់​ព្រះ‌នាង​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ ១៦ដូច្នេះ គេ​ក៏​ចៀស​បើក​ផ្លូវ​ឲ្យ​ព្រះ‌នាង​យាង​ចេញ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ផ្លូវ​សេះ ដែល​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ​ទៅ។ ១៧រួច​មក​យេហូ‌យ៉ាដា លោក​ឲ្យ​ស្តេច នឹង​ពួក​ជន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ថា គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ស្តេច នឹង​ពួក​រាស្ត្រ ចុះ​សញ្ញា​គ្នា​ដែរ ១៨ក្រោយ​នោះពួក​បណ្តាជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ស្រុក គេ​ចូល​ទៅ​បំផ្លាញ​វិហារ​ព្រះ‌បាល បំបាក់​បំបែក​អស់​ទាំង​អាសនា ព្រម​ទាំង​រូប​ព្រះ​អស់​រលីង ក៏​សំឡាប់​ម៉ាត់‌ថាន ជា​សង្ឃ​នៃ​ព្រះ‌បាល នៅ​ត្រង់​មុខ​អាសនា រួច​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​តាំង​ឲ្យ​មាន​ពួក​ត្រួត‌ត្រា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ១៩លោក​ក៏​នាំ​យក​ពួក​មេ‌ទ័ព ពួក​នាយ នឹង​ពួក​ថ្មើរ​ជើង ព្រម​ទាំង​ពួក​បណ្តាជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ទៅ​ដង្ហែ​ស្តេច​ចុះ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ក្នុង​ដំណាក់​ហ្លួង តាម​ផ្លូវ​ទ្វារ​កំផែង ជា​ទី​របស់​ពួក​ចាំ​យាម ហើយ​ទ្រង់​ក៏​ឡើង​គង់​លើ​បល្ល័ង្ក‌រាជ្យ ២០ដូច្នេះ ពួក​បណ្តាជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក គេ​រីក‌រាយ​សប្បាយ​ឡើង​ទាំង​អស់​គ្នា ហើយ​ទី​ក្រុង​ក៏​មាន​សេចក្ដី​សុខ‌សាន្ត‌ត្រាណ ឯ​អ័ថា‌លា គេ​បាន​ធ្វើ​គុត​ព្រះ‌នាង​ដោយ​ដាវ នៅ​ត្រង់​ដំណាក់​ស្តេច​ទៅ។ ២១21កាល​យ៉ូអាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៧​ឆ្នាំ​ហើយ