ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ១០:១៨-៣៦

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសុក្រ ទី​២៥ ខែតុលា ឆ្នាំ២០២៤
១៨នៅ​គ្រា​នោះ យេហ៊ូវ​ក៏​ប្រមូល​ពួក​បណ្តាជន​ទាំង​អស់​មក​ប្រាប់​ថា អ័ហាប់​បាន​គោរព​ដល់​ព្រះ‌បាល​តែ​បន្តិច​ទេ តែ​យេហ៊ូវ​នឹង​គោរព​ដល់​ទ្រង់​ជា​ច្រើន​វិញ ១៩ដូច្នេះ ចូរ​ហៅ​ពួក​ហោរា​របស់​ព្រះ‌បាល​ទាំង​អស់ មក​ឯ​យើង​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​ទ្រង់ នឹង​អស់​ពួក​សង្ឃ​របស់​ទ្រង់​ផង កុំ​ឲ្យ​មាន​ខ្វះ​អ្នក​ណា​មួយ​ឡើយ ដ្បិត​យើង​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ធំ​ដល់​ព្រះ‌បាល បើ​អ្នក​ណា​ខាន​មក នោះ​នឹង​ត្រូវ​ស្លាប់ តែ​យេហ៊ូវ​លោក​ប្រព្រឹត្ត​ដោយ​ឧបាយ​ទេ ប្រយោជន៍​ដើម្បី​នឹង​បំផ្លាញ​ពួក​អ្នក ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់​ចេញ ២០យេហ៊ូវ​បង្គាប់​ឲ្យ​គេ​ញែក​ថ្ងៃ​១ ទុក​ជា​ថ្ងៃ​បុណ្យ​មុត‌មាំ​ថ្វាយ​ព្រះ‌បាល គេ​ក៏​ប្រកាស​ប្រាប់​ទួទៅ ២១យេហ៊ូវ​ចាត់​គេ​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល ដូច្នេះ ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ‌បាល​ក៏​មក​ទាំង​អស់​គ្នា ឥត​មាន​សល់​ដល់​ម្នាក់​ឡើយ គេ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌បាល ទាល់​តែ​វិហារ​នោះ​បាន​ពេញ​ណែន តាំង​តែ​ពី​ចុង​ម្ខាង​រហូត​ដល់​ចុង​ម្ខាង ២២នោះ​លោក​បង្គាប់​ដល់​អ្នក​រក្សា​អាវ ដែល​សំរាប់​ពាក់​ថ្វាយ‌បង្គំ​ថា ចូរ​យក​អាវ​មក​ចែក​ឲ្យ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់​គ្នា​ទៅ អ្នក​នោះ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា ២៣រួច​យេហ៊ូវនឹង​យ៉ូណា‌ដាប ជា​កូន​រេកាប ក៏​ចូល​ទៅ​ក្នុង​វិហារ​ព្រះ‌បាល​ប្រាប់​ដល់​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ថា ចូរ​រក​មើល កុំ​ឲ្យ​មាន​អ្នក​ណា​ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​នៅ​ទី​នេះ​ឡើយ ឲ្យ​មាន​សុទ្ធ​តែ​ពួក​ថ្វាយ‌បង្គំ​ព្រះ‌បាល​ប៉ុណ្ណោះ ២៤កាល​យេហ៊ូវ​បាន​ចូល​ទៅ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា នឹង​ដង្វាយ​ដុត នោះ​លោក​បាន​ដំរូវ​ឲ្យ​មនុស្ស​៨០​នាក់​នៅ​ជា​ខាង​ក្រៅ ដោយ​បង្គាប់​ថា បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ខ្ញុំ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​បាន​រត់​រួច នោះ​អ្នក​ដែល​ឲ្យ​គេ​រួច​ទៅ នឹង​ត្រូវ​ស្លាប់​ជំនួស​អ្នក​នោះ​វិញ។ ២៥កាល​លោក​បាន​ថ្វាយ​ដង្វាយ​ដុត​រួច​ហើយ នោះ​ក៏​បង្គាប់​ដល់​ពួក​ចាំ​យាម នឹង​ពួក​មេ‌ទ័ព​ថា ចូរ​ឲ្យ​ចូល​ទៅ​សំឡាប់​គេ​ចុះ កុំ​ឲ្យ​អ្នក​ណា​មួយ​ចេញ​រួច​ឡើយ ដូច្នេះ គេ​ក៏​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ​ដោយ​មុខ​ដាវ ឯ​ពួក​ចាំ​យាម នឹង​ពួក​មេ‌ទ័ព ក៏​បោះ​ខ្មោច​ចេញ​ទៅ​ក្រៅ រួច​គេ​ទៅ​ក្នុង​ទី​ក្រុង​នៃ​វិហារ​ព្រះ‌បាល​នោះ ២៦ក៏​យក​អស់​ទាំង​រូប​ព្រះ​ចេញ​ពី​វិហារ​ព្រះ‌បាល​មក​ដុត​ចោល ២៧ហើយ​វាយ​បំបាក់​រូប​ព្រះ ព្រម​ទាំង​បំផ្លាញ​វិហារ​ព្រះ‌បាល ធ្វើ​ឲ្យ​ទៅ​ជា​កន្លែង​បន្ទោ​លាមក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ២៨គឺ​យ៉ាង​នោះ​ដែល​យេហ៊ូវ​បាន​បំបាត់​ព្រះ‌បាល ពី​ពួក​អ៊ីស្រាអែល​ចេញ។ ២៩ប៉ុន្តែត្រង់​ឯ​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​នោះ​ដែរ គឺ​ជា​កូន​គោ​មាស​នៅ​ក្រុង​បេត-អែល នឹង​នៅ​ក្រុង​ដាន់ នោះ​យេហ៊ូវ​មិន​បាន​លែង​ប្រព្រឹត្ត​តាម​ទេ ៣០រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​យេហ៊ូវ​ថា ដោយ​ព្រោះ​ឯង​បាន​ប្រព្រឹត្ត​ល្អ ដោយ​សំរេច​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​អញ ហើយ​បាន​ធ្វើ​ដល់​ជំនួរ​វង្ស​របស់​អ័ហាប់ តាម​គ្រប់​ទាំង​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​អញ នោះ​ពួក​កូន​ចៅ​ឯង​នឹង​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល រហូត​ដល់​អស់​៤​ដំណ ៣១តែ​យេហ៊ូវ​មិន​បាន​ប្រុង​ប្រយ័ត នឹង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ឲ្យ​អស់​ពី​ចិត្ត​ទេ គឺ​លោក​មិន​បាន​លែង​ប្រព្រឹត្ត តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល ធ្វើ​បាប​តាម​នោះ​ទេ។ ៣២នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​តាំង​កាត់​ដែន​ស្រុក​ចេញ​ពី​នគរ​អ៊ីស្រាអែល គឺ​ហាសែល​ទ្រង់​មក​វាយ​សាសន៍​អ៊ីស្រាអែល នៅ​អស់​ទាំង​ព្រំ‌ដែន​ស្រុក​របស់​គេ ៣៣ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ទៅ​ខាង​កើត គឺ​ស្រុក​កាឡាត​ទាំង​អស់ ជា​ស្រុក​របស់​ពួក​កាឌ់ ពួក​រូបេន នឹង​ពួក​ម៉ាន៉ាសេ ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ស្រុក​កាឡាត នឹង​ស្រុក​បាសាន​ទាំង​មូល ៣៤រីឯ​ដំណើរ​ឯ​ទៀត​ពី​យេហ៊ូវ នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​លោក​ធ្វើ ហើយ​ពី​អំណាច​របស់​លោក​ទាំង​អស់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ ៣៥យេហ៊ូវ​ក៏​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​លោក​ទៅ ហើយ​គេ​បញ្ចុះ​លោក​នៅ​ក្រុង​សាម៉ារី រួច​យ៉ូអា‌ហាស ជា​បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​លោក ៣៦យេហ៊ូវ​បាន​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្នុង​ក្រុង​សាម៉ារី​អស់​២៨​ឆ្នាំ។