ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី២៤ ខែតុលា ឆ្នាំ២០២៤
១ឯអ័ហាប់ទ្រង់មានព្រះរាជបុត្រា៧០អង្គ នៅក្រុងសាម៉ារី ហើយយេហ៊ូវក៏ធ្វើសំបុត្រផ្ញើទៅឯពួកអ្នកដែលជាកំពូល នៅយេសរាល ក្នុងក្រុងសាម៉ារី គឺជាពួកចាស់ទុំ នឹងពួកអ្នកបីបាច់រក្សាអស់ទាំងបុត្រានៃអ័ហាប់ថា ២ឥឡូវនេះ ដែលអ្នករាល់គ្នាមានបុត្រាទាំងប៉ុន្មាន នៃចៅហ្វាយរបស់អ្នករាល់គ្នានៅជាមួយនោះ ក៏មានរទេះចំបាំង នឹងសេះ ហើយទាំងទីក្រុងដែលមានកំផែង នឹងគ្រឿងសស្ត្រាវុធផង ដូច្នេះ កាលណាសំបុត្រនេះបានមកដល់អ្នករាល់គ្នាហើយ ៣នោះចូររើសយកអ្នកណាមួយដែលល្អ ហើយសំណំជាងគេក្នុងពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នា តាំងឡើងឲ្យសោយរាជ្យជំនួសបិតាចុះ រួចឲ្យតស៊ូការពារដំណាក់នៃចៅហ្វាយអ្នករាល់គ្នាទៅ ៤តែអ្នកទាំងនោះមានសេចក្ដីភ័យខ្លាចជាខ្លាំង ក៏និយាយថា មើល ស្តេច២អង្គនោះពុំអាចនឹងឈរ នៅមុខលោកបានទៅហើយ ចំណង់បើយើង ធ្វើដូចម្តេចឲ្យយើងឈរនៅបាន ៥ដូច្នេះ ឧកញ៉ាវាំង នឹងចៅហ្វាយទីក្រុង ព្រមទាំងពួកចាស់ទុំ នឹងពួកអ្នកដែលបានបីបាច់រក្សាពួកបុត្រា ក៏ចាត់គេឲ្យទៅជំរាបយេហ៊ូវថា យើងខ្ញុំរាល់គ្នា ជាអ្នកបំរើរបស់លោក នឹងធ្វើតាមតែលោកបង្គាប់គ្រប់ជំពូក យើងខ្ញុំមិនព្រមតាំងអ្នកណាឲ្យធ្វើជាស្តេចទេ សូមលោកធ្វើតាមតែសេចក្ដីដែលលោកគិតឃើញថាល្អចុះ ៦រួចលោកក៏ធ្វើសំបុត្រទី២ផ្ញើទៅគេថា បើអ្នករាល់គ្នាកាន់ខាងខ្ញុំ ហើយចង់ស្តាប់តាមបង្គាប់ខ្ញុំមែន នោះចូរកាត់ក្បាលពួកបុត្រានៃចៅហ្វាយរបស់អ្នករាល់គ្នាចុះ រួចដល់ថ្ងៃស្អែកពេលថ្មើរណេះ ត្រូវឲ្យអ្នករាល់គ្នាទៅឯខ្ញុំនៅត្រង់យេសរាល រីឯពួកបុត្រានៃស្តេចទាំង៧០អង្គ នោះសុទ្ធតែនៅជាមួយនឹងពួកអ្នកធំ ក្នុងទីក្រុងដែលបានបីបាច់រក្សា ៧ដូច្នេះ កាលសំបុត្របានទៅដល់ហើយ គេក៏ចាប់ពួកបុត្រាស្តេចទាំង៧០អង្គសំឡាប់ទៅ ដាក់ព្រះសិរគ្រប់អង្គទៅក្នុងកញ្ឆេផ្ញើទៅឯលោក នៅត្រង់យេសរាល ៨នោះមានម្នាក់នាំដំណឹងមកជំរាបលោកថា គេយកព្រះសិរនៃពួកបុត្រាស្តេចមកហើយ លោកបង្គាប់ថា ចូរដាក់ជា២គំនរ នៅត្រង់មាត់ទ្វារកំផែងរហូតដល់ព្រឹកទៅ ៩លុះដល់ព្រឹកឡើង លោកក៏ចេញទៅឈរ មានប្រសាសន៍នឹងបណ្តាជនទាំងឡាយថា អ្នករាល់គ្នាសុចរិតទេ មើល គឺខ្ញុំហើយដែលបានបះបោរនឹងចៅហ្វាយរបស់ខ្ញុំ ព្រមទាំងសំឡាប់ផង តែអ្នកណាបានសំឡាប់អ្នកទាំងនេះ ១០ដូច្នេះ សូមឲ្យដឹងថា ក្នុងព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានទាយទាស់នឹងជំនួរវង្សអ័ហាប់ នោះនឹងគ្មានណា១ធ្លាក់ដល់ដីឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានធ្វើតាមសេចក្ដី ដែលទ្រង់បានមានបន្ទូល ដោយសារអេលីយ៉ា ជាអ្នកបំរើទ្រង់ហើយ ១១ដូច្នេះ យេហ៊ូវបានប្រហារជីវិតនៃអស់អ្នកណាដែលសល់នៅ ក្នុងជំនួរវង្សរបស់អ័ហាប់ នៅត្រង់យេសរាល ព្រមទាំងពួកអ្នកធំ នឹងពួកមិត្រសំឡាញ់ស្និទ្ធស្នាល ហើយពួកសង្ឃរបស់ទ្រង់ផង ឥតទុកឲ្យមានអ្នកណាមួយសល់នៅខាងទ្រង់ឡើយ។
១២ក្រោយមក យេហ៊ូវក៏ក្រោកឡើងចេញទៅឯក្រុងសាម៉ារី កាលបានទៅដល់សាលា ដែលនៅតាមផ្លូវនោះ ជាទីដែលពួកគង្វាលចៀមធ្លាប់ប្រជុំគ្នា ១៣នោះក៏ប្រទះនឹងពួកបងប្អូនរបស់អ័ហាស៊ីយ៉ា ជាស្តេចយូដា ហើយលោកសួរថា អ្នករាល់គ្នាតើជាអ្នកណា គេឆ្លើយតបថាយើងរាល់គ្នាជាបងប្អូននៃអ័ហាស៊ីយ៉ា យើងចុះទៅជំរាបសួរដល់ពួកបុត្រនៃក្សត្រាក្សត្រី។
១៤នោះលោកបង្គាប់ថា ចូរចាប់គេទាំងរស់ទៅ ពួកលោកក៏ចាប់អ្នកទាំងនោះទាំងរស់ នាំទៅសំឡាប់ទាំង៤២នាក់ នៅត្រង់អណ្តូងរបស់សាលានោះ ឥតទុកឲ្យសល់ដល់ម្នាក់ឡើយ។
១៥កាលយេហ៊ូវបានចេញពីទីនោះទៅ នោះក៏ប្រទះនឹងយ៉ូណាដាប ជាកូនរេកាប ដែលដើរមកពីខាងមុខ លោកក៏គំនាប់គាត់សួរថា តើចិត្តអ្នកស្មោះត្រង់ ដូចជាខ្ញុំដែលស្មោះត្រង់ចំពោះអ្នកឬទេ យ៉ូណាដាបឆ្លើយតបថាស្មោះត្រង់ពិត លោកក៏ថា បើដូច្នេះ ចូរហុចដៃមក អ្នកនោះក៏ហុចដៃទៅ ហើយលោកចាប់ទទួលឲ្យឡើងជិះលើរថជាមួយគ្នា ១៦រួចលោកប្រាប់ថា សូមអ្នកទៅជាមួយនឹងខ្ញុំចុះ ដើម្បីមើលសេចក្ដីឧស្សាហ៍របស់ខ្ញុំចំពោះព្រះយេហូវ៉ា ដូច្នេះ គេក៏ឲ្យគាត់ឡើងជិះក្នុងរថរបស់យេហ៊ូវ ១៧កាលបានដល់ក្រុងសាម៉ារីហើយ នោះលោកក៏វាយសំឡាប់អស់អ្នក ដែលសល់នៅក្នុងជំនួរវង្សអ័ហាប់ ក្នុងក្រុងសាម៉ារី ដរាបដល់បានបំផ្លាញជំនួរវង្សនៃទ្រង់អស់រលីងទៅ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងអេលីយ៉ា។