ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤
២៧កាលអ័ហាស៊ីយ៉ា ជាស្តេចយូដា បានឃើញការដូច្នោះ នោះទ្រង់ក៏រត់ទៅតាមច្បារ តែយេហ៊ូវដេញតាមដោយបង្គាប់គេថា ចូរវាយសំឡាប់វានៅលើរទេះតែម្តងទៅ ដូច្នេះ គេក៏វាយទ្រង់ត្រង់ផ្លូវឡើងទៅឯគើរ ជិតក្រុងយីបលាម តែទ្រង់រត់ទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ ២៨ពួកអ្នកបំរើទ្រង់ ក៏ដឹកនាំសពទៅឯក្រុងយេរូសាឡិម បញ្ចុះក្នុងផ្នូររបស់ទ្រង់ នៅជាមួយនឹងពួកឰយុកោទ្រង់ ក្នុងក្រុងដាវីឌទៅ។
២៩ឯអ័ហាស៊ីយ៉ាបានចាប់តាំងសោយរាជ្យលើស្រុកយូដា ក្នុងឆ្នាំទី១១នៃរាជ្យយ៉ូរ៉ាម ជាបុត្រអ័ហាប់។
៣០កាលយេហ៊ូវបានទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក នឹងតែងព្រះកេសា រួចទតមើលតាមបង្អួចមក ៣១កាលយេហ៊ូវកំពុងតែចូលតាមទ្វាររបង នោះយេសិបិលស្រែកសួរថា តើមានសេចក្ដីសុខឬអី ស៊ីមរីជាអ្នកសំឡាប់ចៅហ្វាយខ្លួនអើយ ៣២នោះលោកក៏ងើបមើលទៅឯបង្អួចសួរថា តើអ្នកណាកាន់ខាងអញ តើមានអ្នកណាឬទេ ខណនោះ មានមនុស្សកំរៀវពីរបីនាក់បានអើតមុខមក ៣៣ដូច្នេះ លោកបង្គាប់គេថា ចូរបោះវាចុះមក នោះគេក៏បោះទំលាក់យេសិបិលចុះមក ហើយឈាមខ្លះក៏ខ្ទាតទៅប្រឡាក់នឹងជញ្ជាំង នឹងសេះ រួចលោកឲ្យសេះជាន់ឈ្លី ៣៤កាលលោកបានចូលទៅបរិភោគភោជនាហាររួចហើយ នោះក៏បង្គាប់ថា ចូរទៅមើលស្ត្រីដែលត្រូវបណ្តាសានោះ ហើយកប់វាទៅ ដ្បិតវាជាបុត្រស្តេចដែរ ៣៥គេក៏ទៅដើម្បីនឹងកប់សព តែរកបានតែរលាក្បាល ប្រអប់ជើង នឹងបាតដៃប៉ុណ្ណោះ ៣៦ដូច្នេះ គេត្រឡប់មកវិញ ជំរាបដល់លោក ហើយលោកមានប្រសាសន៍ថា នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់មានបន្ទូល ដោយសារអេលីយ៉ា ជាអ្នកស្រុកធេសប៊ី ជាអ្នកបំរើទ្រង់ថា ឆ្កែនឹងទំពាស៊ីសាច់យេសិបិល នៅតំបន់យេសរាល ៣៧ហើយសពរបស់យេសិបិលនឹងបានជាលាមក នៅលើដី ក្នុងទីតំបន់នៃស្រុកយេសរាល បានជាមិនដែលមានអ្នកណាថា នេះជាសពយេសិបិលនោះឡើយ។