ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០២៤
១៤ដូច្នេះ យេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី លោកក៏គិតក្បត់នឹងយ៉ូរ៉ាម (រីឯយ៉ូរ៉ាម នឹងពួកទ័ពអ៊ីស្រាអែលទាំងប៉ុន្មាន គេកំពុងតែការពាររក្សាក្រុងរ៉ាម៉ូត-កាឡាត ដោយព្រោះហាសែល ជាស្តេចស្រុកស៊ីរី ១៥តែស្តេចយ៉ូរ៉ាមទ្រង់បានវិលទៅឯយេសរាល ដើម្បីរក្សារបួសដែលពួកស៊ីរីបានធ្វើ ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលជាស្តេចស៊ីរីនោះ) នោះយេហ៊ូវពោលថា បើអ្នករាល់គ្នាពេញចិត្តដូច្នេះហើយ នោះកុំឲ្យអ្នកណាចេញរួចពីទីក្រុងនេះ នាំដំណឹងទៅប្រាប់ក្នុងក្រុងយេសរាលឡើយ ១៦យេហ៊ូវក៏ឡើងជិះរថទៅឯយេសរាល ដ្បិតយ៉ូរ៉ាមទ្រង់ផ្ទំប្រឈួននៅទីនោះ ហើយអ័ហាស៊ីយ៉ា ជាស្តេចយូដា បានយាងចុះមកសួរ។
១៧មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា ខ្ញុំឃើញមនុស្ស១ពួកមក យ៉ូរ៉ាមក៏បង្គាប់ថា ចូរដំរូវទ័ពសេះម្នាក់ចាត់ឲ្យទៅចួបនឹងគេសួរថា តើមកដោយមេត្រីឬ ១៨ដូច្នេះ ទ័ពសេះម្នាក់នោះ ក៏ចេញទៅចួបនឹងគេ ប្រាប់ថា ស្តេចទ្រង់មានបន្ទូលសួរដូច្នេះ តើមកដោយមេត្រីឬ តែយេហ៊ូវតបថា តើឯងត្រូវការអ្វីនឹងសេចក្ដីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ អ្នកចាំយាមក៏ប្រាប់ថា អ្នកដែលចាត់ទៅនោះ បានទៅដល់គេហើយ តែមិនមកវិញសោះ ១៩នោះទ្រង់ក៏ចាត់ម្នាក់ទៀតឲ្យជិះសេះទៅ អ្នកនោះបានទៅដល់គេប្រាប់ថា ស្តេចទ្រង់មានបន្ទូលសួរដូច្នេះថា តើមកដោយមេត្រីឬ តែយេហ៊ូវឆ្លើយតបថា តើឯងត្រូវការអ្វីនឹងសេចក្ដីមេត្រីនោះ ចូរថយទៅខាងក្រោយយើងទៅ ២០ដូច្នេះ អ្នកចាំយាមប្រាប់ថា អ្នកនោះបានទៅដល់គេហើយ តែមិនមកវិញសោះ ឯភាពដែលបររថ នោះមើលទៅដូចជាយេហ៊ូវ ជាកូននីមស៊ី ដ្បិតគេបរមកយ៉ាងលឿនអាក្រក់ណាស់។
២១នោះយ៉ូរ៉ាមបង្គាប់ថា ចូររៀបចំឡើង គេក៏ទឹមព្រះរាជរថថ្វាយទ្រង់ រួចយ៉ូរ៉ាម ជាស្តេចអ៊ីស្រាអែល នឹងអ័ហាស៊ីយ៉ា ជាស្តេចយូដា ទ្រង់គង់នៅរថ១រៀងអង្គ ចេញទៅចួបនឹងយេហ៊ូវ បានប្រទះគ្នានៅត្រង់តំបន់របស់ណាបោត ជាអ្នកស្រុកយេសរាល ២២កាលយ៉ូរ៉ាមទ្រង់ឃើញយេហ៊ូវ នោះទ្រង់មានបន្ទូលសួរថា យេហ៊ូវអើយ តើអ្នកមកដោយមេត្រីឬ លោកឆ្លើយតបថា កំពុងដែលមានសេចក្ដីកំផិត នឹងមន្តអាគមរបស់យេសិបិល ជាមាតាទ្រង់ជាច្រើនម៉្លេះ នោះតើនឹងមានសេចក្ដីមេត្រីឯណាបាន ២៣ដូច្នេះ យ៉ូរ៉ាមក៏ញាក់បង្ហៀររត់ទៅ ដោយបន្ទូលនឹងអ័ហាស៊ីយ៉ាថា អ័ហាស៊ីយ៉ាអើយ នេះជាការក្បត់ទេ ២៤យេហ៊ូវក៏យឹតធ្នូពេញកំឡាំង បាញ់ទៅត្រូវទីកណ្តាលខ្នងយ៉ូរ៉ាម ព្រួញក៏ត្រូវត្រង់បេះដូងទ្រង់ ចេញមកខាងក្រៅ ហើយទ្រង់ស្រុតចុះ នៅក្នុងព្រះរាជរថ ២៥នោះយេហ៊ូវបង្គាប់ទៅប៊ីឌការ ជាមេទ័ពលោកថា ចូរលើកវាបោះចោលទៅក្នុងតំបន់របស់ចំការណាបោត ជាអ្នកស្រុកយេសរាលទៅ ដ្បិតត្រូវឲ្យនឹកចាំពីកាលដែលខ្ញុំ នឹងអ្នកបានជិះសេះទៅតាមអ័ហាប់ជាបិតាវា នោះព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីនេះចំលើរូបវាថា ២៦ប្រាកដមែន ម្សិលមិញ អញបានឃើញឈាមរបស់ណាបោត នឹងឈាមរបស់កូនប្រុសវា ដូច្នេះ អញនឹងសងឯងនៅក្នុងចំការនេះឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ ចូរលើកវាបោះចោលទៅក្នុងចំការនេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។