ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤
១គ្រានោះ ហោរាអេលីសេ លោកហៅម្នាក់ក្នុងពួកសិស្សនៃពួកហោរាមកប្រាប់ថា ចូរក្រវាត់ចង្កេះ យកខួចប្រេងនេះកាន់នៅដៃ ទៅឯក្រុងរ៉ាម៉ូត-កាឡាតចុះ ២កាលណាទៅដល់ហើយ ចូររកយេហ៊ូវ ជាកូនយេហូសាផាត ដែលជាកូននីមស៊ី ហើយចូលទៅហៅលោក ឲ្យក្រោកពីកណ្តាលពួកបងប្អូនលោក នាំទៅឯបន្ទប់ខាងក្នុង ៣រួចយកខួចប្រេងនេះចាក់លើក្បាលលោក ដោយជំរាបថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើងជាស្តេច ឲ្យសោយរាជ្យលើស្រុកអ៊ីស្រាអែល រួចហើយចូរឯងបើកទ្វាររត់ទៅ កុំឲ្យបង្អង់ឡើយ ៤ដូច្នេះ មនុស្សកំឡោះ ជាអ្នកបំរើពួកហោរានោះ ក៏ទៅឯរ៉ាម៉ូត-កាឡាតទៅ ៥កាលគាត់ទៅដល់ហើយ នោះឃើញពួកមេទ័ពកំពុងអង្គុយនៅជាមួយគ្នា គាត់ក៏ជំរាបថា លោកមេទ័ពអើយ ខ្ញុំមានការ១ចំពោះលោក រួចយេហ៊ូវសួរថា តើចំពោះអ្នកណាក្នុងពួកយើងនេះ គាត់ឆ្លើយថា លោកមេទ័ពអើយ គឺចំពោះលោកនេះឯង ៦ដូច្នេះ យេហ៊ូវក៏ក្រោកឡើង ចូលទៅក្នុងផ្ទះ រួចអ្នកនោះចាក់ប្រេងលើក្បាលលោកជំរាបថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើង ជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញ ៧ត្រូវឲ្យប្រហារជំនួសវង្សរបស់អ័ហាប់ ជាចៅហ្វាយឯងទៅ ប្រយោជន៍ឲ្យអញបានសងសឹកនឹងយេសិបិល ដោយព្រោះឈាមនៃពួកហោរា ជាអ្នកបំរើអញ នឹងឈាមនៃពួកអ្នកបំរើរបស់អញទាំងអស់ដែរ ៨ដ្បិតជំនួរវង្សរបស់អ័ហាប់ ត្រូវវិនាសទៅអស់រលីង ហើយអញនឹងកាត់កាល់អស់ទាំងកូនប្រុសៗពីអ័ហាប់ចេញ ទោះទាំងអ្នកដែលបិទបាំងទុក នឹងពួកអ្នកឥតចំណងក្នុងសាសន៍អ៊ីស្រាអែលផង ៩អញនឹងធ្វើឲ្យជំនួរវង្សអ័ហាប់បានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សនៃប្អាសា ជាកូនអ័ហ៊ីយ៉ាដែរ ១០ឆ្កែនឹងទំពាស៊ីយេសិបិល នៅដំបន់១ ក្នុងក្រុងយេសរាល ឥតមានអ្នកណាកប់នាងឡើយ រួចហើយគាត់ក៏បើកទ្វាររត់ចេញទៅ។
១១បន្ទាប់នោះ យេហ៊ូវក៏ចេញមកឯពួកមេទ័ពរបស់ចៅហ្វាយលោក មានម្នាក់សួរថា តើស្រួលបួលទេឬមនុស្សចំកួតនេះមករកលោកធ្វើអី លោកឆ្លើយថា លោករាល់គ្នាស្គាល់មនុស្សនោះនឹងរឿងគេហើយ ១២តែពួកនោះឆ្លើយឡើងថា នេះភរទេ សូមប្រាប់យើងឲ្យត្រង់មក លោកក៏ប្រាប់ថា អ្នកនោះបាននិយាយប្រាប់ខ្ញុំយ៉ាងនេះមួយៗដោយពាក្យថា ព្រះយេហូវ៉ាមានបន្ទូលដូច្នេះ អញបានចាក់ប្រេងតាំងឯងឡើង ជាស្តេចលើស្រុកអ៊ីស្រាអែលហើយ ១៣ដូច្នេះ គេក៏ប្រញាប់ប្រញាល់នឹងយកអាវរបស់គេរៀងខ្លួន ដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្តើររួចផ្លុំត្រែឡើងថា យេហ៊ូវជាស្តេចហើយ។