ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ៨:៧-១៥

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​១៧ ខែតុលា ឆ្នាំ២០២៤
ឯ​អេលី‌សេ លោក​បាន​ទៅ​ឯ​ក្រុង​ដាម៉ាស នៅ​គ្រា​នោះ​បេន-ហា‌ដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រឈួន មាន​គេ​ទូល​ទ្រង់​ថា មើល អ្នក​សំណប់​របស់​ព្រះ​បាន​មក​ទី​នេះ​ហើយ ដូច្នេះ ស្តេច​ទ្រង់​បង្គាប់​ដល់​ហាសែលថា សូម​នាំ​យក​ជំនូន​នៅ​ដៃ ចេញ​ទៅ​ជួប​នឹង​អ្នក​សំណប់​របស់​ព្រះ ហើយ​សួរ​ដល់​ព្រះ‌យេហូវ៉ា ដោយ‌សារ​លោក​ថា តើ​យើង​នឹង​បាន​ជា​ពី​ជំងឺ​នេះ​ឬ​ទេ ដូច្នេះ ហាសែល​ក៏​យក​ជំនូន​ជា​របស់​ប្រសើរ​នៅ​ក្រុង​ដាម៉ាស​គ្រប់​មុខ ល្មម​ផ្ទុក​លើ​សត្វ​អូដ្ឋ​៤០​ចេញ​ទៅ ដើម្បី​ជួប​នឹង​លោក ក៏​ទៅ​ឈរ​នៅ​មុខ​លោក​ជំរាប​ថា បេន-ហា‌ដាឌ់ ជា​កូន​លោក ដែល​ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​សួរ​លោក​ថា តើ​ទ្រង់​នឹង​បាន​ជា​ពី​ជំងឺ​នោះ​ឬ​ទេ ១០អេលី‌សេ​ក៏​តប​ថា ចូរ​ទៅ​ទូល​ទ្រង់​វិញ​ថា នឹង​បាន​ជាៗ​ពិត ប៉ុន្តែព្រះ‌យេហូវ៉ា​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ជាក់​ថា ទ្រង់​ត្រូវ​ស្លាប់​ជា​ប្រាកដ​វិញ ១១នោះ​អ្នក​សំណប់​របស់​ព្រះ​ក៏​ផ្តោត​ភ្នែក សំឡឹង​មើល​មុខ ហាសែល ទាល់​តែ​ខ្មាស រួច​លោក​ក៏​យំ ១២នោះ​ហាសែល​សួរ​លោក​ថា ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ​ដូច្នេះ លោក​ឆ្លើយ​ថា ពី​ព្រោះ​ខ្ញុំ​ដឹង​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹង​ធ្វើ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ទី​មាំ‌មួន​របស់​គេ នោះ​អ្នក​នឹង​ដុត​ចោល ពួក​កំឡោះៗ​របស់​គេ អ្នក​នឹង​សំឡាប់​ដោយ​ដាវ អស់​ទាំង​កូន​តូចៗ​របស់​គេ អ្នក​នឹង​បោក​សំឡាប់​ចោល ហើយ​ពួក​ស្រីៗ​មាន​ទំងន់ នោះ​អ្នក​នឹង​វះ​ពោះ​គេ ១៣នោះ​ហាសែល​ឆ្លើយ​តប​ថា ខ្ញុំ​ប្របាទ ដែល​ទុក​ដូច​ជា​ឆ្កែ តើ​ជា​អ្វី​ដែល​នឹង​ធ្វើ​ការ​យ៉ាង​ធំ​នេះ​បាន តែ​អេលី‌សេ​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី ១៤លោក​ក៏​ចេញ​ពី​អេលី‌សេ ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​វិញ ដល់​ហើយ​ទ្រង់​សួរ​ថា តើ​អេលី‌សេ​បាន​ប្រាប់​អ្នក​យ៉ាង​ដូច​ម្តេច រួច​លោក​ទូល​ទ្រង់​ថា លោក​បាន​ប្រាប់​ទូលបង្គំ​ថា ទ្រង់​នឹង​បាន​ជាៗ​ពិត ១៥ដល់​ថ្ងៃ​ស្អែក​ឡើង ហាសែល​បាន​យក​ផួយ​មួយ​ជ្រលក់​ទឹក ទៅ​ខ្ទប់​ព្រះ‌ភក្ត្រ​នៃ​ស្តេច ឲ្យ​ទ្រង់​សុគត​ទៅ រួច​ហាសែល​បាន​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់។