ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
១២ឯស្តេចទ្រង់តើនឡើងទាំងយប់ មានបន្ទូលនឹងពួកជំនិតទ្រង់ថា យើងនឹងសំដែងឲ្យអ្នករាល់គ្នាដឹងពីឧបាយរបស់ពួកស៊ីរី ដែលគេគិតធ្វើដល់យើង គឺគេដឹងថា យើងរាល់គ្នាអត់ឃ្លាន បានជាគេថយចេញពីទីបោះទ័ព ទៅពួននៅឯទីវាល ដោយនឹកថា កាលណាយើងចេញពីទីក្រុងទៅ នោះគេនឹងចាប់យើងទាំងរស់ ហើយនឹងចូលមកក្នុងទីក្រុងបាន ១៣តែពួកជំនិតម្នាក់ទូលថា សូមឲ្យគេយកសេះ៥ដែលនៅសល់ ដែលបានទុកក្នុងទីក្រុង (មើល សេះទាំងនោះក៏ដូចជាសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅក្នុងទីក្រុងនៅឡើយ គឺដូចជាពួកអ៊ីស្រាអែល ដែលកំពុងតែរោយរៀវទៅហើយនេះ) សូមចាត់គេទៅមើលចុះ ១៤ដូច្នេះ គេក៏យករទេះចំបាំង២ទឹមដោយសេះ ហើយស្តេចទ្រង់ចាត់គេឲ្យទៅតាមពលទ័ពស៊ីរី ដោយបន្ទូលថា ចូរទៅមើលចុះ ១៥អ្នកទាំងនោះក៏ទៅតាមរហូតដល់ទន្លេយ័រដាន់ ឃើញមានសុទ្ធតែអាវនឹងភាជនៈផ្សេងៗ ដែលពួកស៊ីរីបានបោះចោលរាយរហូតតាមផ្លូវទៅ ដោយខំរត់ជាប្រញាប់ រួចពួកអ្នកដែលស្តេចចាត់ឲ្យទៅ ក៏វិលមកទូលទ្រង់វិញ។
១៦ឯពួកប្រជាជនទាំងឡាយ ក៏ចេញទៅចាប់យករបឹបនៅទីបោះទ័ពនៃពួកស៊ីរី ដូច្នេះ ម្សៅយ៉ាងម៉ដ្ត១រង្វាល់ក៏បានលក់ថ្លៃ១រៀល នឹងម្សៅឱក២រង្វាល់ក៏បានលក់ថ្លៃ១រៀលដែរ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ១៧ហើយស្តេចទ្រង់ដំរូវមេទ័ពម្នាក់ ដែលទ្រង់បានព្រយុងលើដៃលោក ឲ្យចេញទៅត្រួតត្រាមើលការនៅត្រង់មាត់ទ្វារក្រុង តែបណ្តាជន គេជាន់លោកស្លាប់ នៅត្រង់ទ្វារទីក្រុងទៅ ដូចជាអ្នកសំណប់របស់ព្រះបានទាយទុក ក្នុងកាលដែលស្តេចយាងចុះទៅឯលោកនោះ ១៨ហើយក៏កើតមាន ដូចជាអ្នកសំណប់របស់ព្រះ បានទូលដល់ស្តេចថា លុះថ្ងៃស្អែកពេលថ្មើរនេះ នោះម្សៅឱក២រង្វាល់នឹងលក់ថ្លៃ១រៀល ហើយម្សៅយ៉ាងម៉ដ្ត១រង្វាល់នឹងលក់ថ្លៃ១រៀលដែរ នៅត្រង់ទ្វារក្រុងសាម៉ារី ១៩ឯមេទ័ពដែលបានឆ្លើយតបនឹងអ្នកសំណប់របស់ព្រះថា បើទោះជាព្រះយេហូវ៉ាទ្រង់ធ្វើទាំងទ្វារនៅលើមេឃផង នោះតើការយ៉ាងនោះនឹងកើតមកដូចម្តេចបាន ហើយអេលីសេបានឆ្លើយថា មើល ភ្នែកលោកនឹងឃើញច្បាស់ តែមិនបានបរិភោគទេ ២០នោះក៏កើតដល់មេទ័ពនោះដូច្នោះមែន ដ្បិតបណ្តាជនទាំងឡាយ គេបានជាន់លោកស្លាប់ នៅត្រង់ទ្វារទីក្រុងទៅ។