ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤
១រីឯណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយខ្លួន ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោស ឲ្យពួកស៊ីរីមានជ័យជំនះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់ ២គ្រានោះ ពួកទ័ពស៊ីរីបានចេញ ទៅដោយកងៗ គេចាប់ក្មេងស្រីម្នាក់ នាំមកពីស្រុកអ៊ីស្រាអែល នាងនោះក៏បំរើប្រពន្ធណាម៉ាន់ ៣នាងនិយាយនឹងចៅហ្វាយស្រីរបស់ខ្លួនថា ឱបើជាលោកប្រុស ជាចៅហ្វាយនាងខ្ញុំ បាននៅជាមួយនឹងហោរាដែលនៅក្រុងសាម៉ារីទៅអេះ នោះលោកនឹងមើលរោគឃ្លង់នេះឲ្យជាទៅ ៤នោះមានម្នាក់ចូលទៅជំរាបចៅហ្វាយខ្លួនថា ក្មេងស្រីដែលមកពីស្រុកអ៊ីស្រាអែល វានិយាយយ៉ាងនេះមួយៗ ៥ដូច្នេះ ស្តេចស៊ីរីមានបន្ទូលថា ចូរទៅចុះ អញនឹងធ្វើសំបុត្រ១ផ្ញើទៅស្តេចអ៊ីស្រាអែលដែរ នោះលោកក៏ចេញទៅ នាំយកទាំងប្រាក់១០ហាប នឹងមាស៦ពាន់ ហើយសំលៀកបំពាក់១០បន្លាស់ ៦លោកក៏នាំយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្ដីថា កាលណាទ្រង់ទទួលសំបុត្រនេះ នោះមើលទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់រួចពីរោគឃ្លង់ ៧កាលស្តេចអ៊ីស្រាអែលទ្រង់បានទតសំបុត្រនោះរួចហើយ នោះក៏ហែកព្រះពស្ត្រទ្រង់ ដោយបន្ទូលថា តើយើងជាព្រះដែលអាចនឹងធ្វើឲ្យស្លាប់ ឬឲ្យរស់បានឬ បានជាគេចាត់ឲ្យមនុស្សឃ្លង់នេះមក ចង់ឲ្យយើងមើលរោគឲ្យជាដូច្នេះ ចូរពិចារណាមើល ជាយ៉ាងណា ដែលគេរករឿងនឹងយើងនេះ។
៨កាលអេលីសេ ជាអ្នកសំណប់របស់ព្រះ បានឮថា ស្តេចអ៊ីស្រាអែលបានហែកព្រះពស្ត្រទ្រង់ដូច្នោះ នោះក៏ចាត់គេឲ្យទៅទូលសួរស្តេចថា ហេតុអ្វីបានជាទ្រង់ហែកព្រះពស្ត្រដូច្នេះ សូមឲ្យលោកនោះមកឯទូលបង្គំសិនចុះ នោះលោកនឹងបានជ្រាបថា មានហោរា១នៅពួកអ៊ីស្រាអែលមែន ៩ដូច្នេះ ណាម៉ាន់ក៏មកឈរនៅមាត់ទ្វារផ្ទះរបស់អេលីសេ មានទាំងសេះ នឹងរទេះផង ១០ឯអេលីសេ លោកចាត់អ្នកបំរើម្នាក់ ឲ្យទៅជំរាបថា សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ ១១តែណាម៉ាន់មានសេចក្ដីកំហឹង ហើយក៏ចេញទៅ ដោយពោលថា មើល អញស្មានថាប្រាកដជាលោកនឹងចេញមកឯអញ ឈរអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃលោក ហើយរាដៃពីលើដំបៅឲ្យរោគឃ្លង់បានជា ១២ឯទន្លេអាបាណា នឹងទន្លេផើផើរ ជាទន្លេស្រុកដាម៉ាស តើមិនល្អជាងទឹកទាំងឡាយ នៅស្រុកអ៊ីស្រាអែលទេឬអី បើអញមុជទឹកទន្លេនោះ តើមិនបានស្អាតទេឬអី ដូច្នេះ លោកក៏ត្រឡប់ចេញពីទីនោះទៅ ដោយសេចក្ដីឃោរឃៅជាខ្លាំង ១៣តែពួកអ្នកបំរើលោកក៏អែបចូលជិត ជំរាបថា លោកឪពុកអើយ បើសិនជាហោរានោះបានប្រាប់ឲ្យលោកធ្វើការអ្វីយ៉ាងធំ នោះតើលោកមិនធ្វើតាមទេឬអី ចំណង់បើលោកគ្រាន់តែឲ្យទៅមុជទឹកប៉ុណ្ណោះ ដើម្បីឲ្យបានស្អាត តើនឹងគួរធ្វើតាមជាជាងអំបាលម៉ានទៅទៀត ១៤ដូច្នេះ លោកក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់៧ដង តាមពាក្យនៃអ្នកសំណប់របស់ព្រះ នោះសាច់របស់លោកក៏ដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេងៗ ហើយលោកបានជាស្អាត។
១៥រួចលោក ព្រមទាំងពួកលោក ក៏វិលទៅឯអ្នកសំណប់របស់ព្រះវិញ ឈរនៅចំពោះមុខជំរាបថា មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ ១៦តែលោកឆ្លើយតបថា ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ថា ខ្ញុំមិនទទួលយកអ្វីសោះឡើយ ណាម៉ាន់ក៏អង្វរឲ្យទទួល តែលោកប្រកែកមិនព្រមទេ ១៧ណាម៉ាន់និយាយថា បើដូច្នេះ សូមតែឲ្យដីល្មមផ្ទុកលើលាកាត់២មកខ្ញុំប្របាទចុះ ដ្បិតពីនេះទៅមុខ ខ្ញុំប្របាទនឹងមិនថ្វាយដង្វាយដុត ឬយញ្ញបូជាដល់ព្រះឯណាទៀត ក្រៅពីព្រះយេហូវ៉ាឡើយ ១៨តែក្នុងការនេះ សូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទផង គឺកាលចៅហ្វាយខ្ញុំប្របាទព្រយុងខ្លួនមកលើដៃខ្ញុំ ចូលទៅថ្វាយបង្គំក្នុងវិហារព្រះរីម៉ូនវេលាណា ហើយខ្ញុំប្របាទក៏ឱនខ្លួននៅក្នុងវិហារព្រះរីម៉ូន នោះសូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទ ពីការដែលឱនខ្លួននៅក្នុងវិហារព្រះរីម៉ូននោះផង ១៩អេលីសេក៏និយាយថា អញ្ជើញទៅដោយសុខសាន្តចុះ ដូច្នេះណាម៉ាន់ក៏ចេញពីលោកទៅតាមផ្លូវបន្តិច។
២០ឯកេហាស៊ី ជាអ្នកបំរើរបស់អេលីសេ ជាអ្នកសំណប់របស់ព្រះ គាត់នឹកថា មើល ចៅហ្វាយអញបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ អញស្បថ ដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅថា អញនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោកវិញ ២១ដូច្នោះ កេហាស៊ីក៏ទៅតាមណាម៉ាន់ កាលណាម៉ាន់ឃើញម្នាក់កំពុងរត់មកតាម នោះលោកក៏ចុះពីរទេះទៅទទួល ហើយសួរថា សុខសប្បាយទាំងអស់គ្នាទេឬ ២២គាត់ឆ្លើយថា សុខសប្បាយជាទេ តែចៅហ្វាយខ្ញុំបានចាត់ខ្ញុំឲ្យមកជំរាបលោកថា មើល មានមនុស្សកំឡោះ២នាក់ជាសិស្សនៃពួកហោរា ទើបនឹងមកដល់ ពីស្រុកភ្នំអេប្រាអិម ដូច្នេះ សូមលោកមេត្តាឲ្យប្រាក់១ហាប នឹងសំលៀកបំពាក់២បន្លាស់មកសំរាប់គេ ២៣ណាម៉ាន់ឆ្លើយតបថា សូមឲ្យអ្នកបានសុខចិត្តយកដល់ទៅ២ហាបចុះ លោកក៏បង្ខំ រួចដាក់ប្រាក់២ហាបចុះក្នុងការុង២ ព្រមទាំងឲ្យអាវ២បន្លាស់ ដាក់ឲ្យអ្នកបំរើរបស់លោក២នាក់បានលីទៅខាងមុខកេហាស៊ី ២៤លុះដល់ទៅភ្នំហើយ នោះគាត់យកពីដៃគេទៅដាក់ទុកក្នុងផ្ទះ រួចឲ្យគេទៅវិញ គេក៏ចេញទៅ ២៥លំដាប់នោះគាត់ចូលទៅឈរនៅមុខអេលីសេជាចៅហ្វាយខ្លួន ហើយលោកសួរថា កេហាស៊ីអើយ ឯងមកពីណា គាត់ឆ្លើយថា ខ្ញុំប្របាទមិនបានទៅឯណាទេ ២៦តែលោកមានប្រសាសន៍ថា តើវិញ្ញាណអញមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬអី នេះតើជាឱកាសគួរនឹងទទួលប្រាក់នឹងសំលៀកបំពាក់ ព្រមទាំងចំការអូលីវ ចំការទំពាំងបាយជូរ នឹងចៀម គោ ហើយបាវប្រុសបាវស្រីឬអី ២៧ហេតុនេះរោគឃ្លង់របស់ណាម៉ាន់នឹងនៅជាប់នឹងឯងវិញ ព្រមទាំងកូនចៅឯងជារៀងរាបដរាបទៅ ដូច្នេះគាត់ក៏ចេញពីមុខលោកទៅ កើតមានរោគឃ្លង់សដូចហិមៈតែម្តង។