ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី១០ ខែតុលា ឆ្នាំ២០២៤
១៥រួចលោក ព្រមទាំងពួកលោក ក៏វិលទៅឯអ្នកសំណប់របស់ព្រះវិញ ឈរនៅចំពោះមុខជំរាបថា មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ ដូច្នេះ សូមលោកទទួលរង្វាន់ពីខ្ញុំប្របាទចុះ ១៦តែលោកឆ្លើយតបថា ខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ថា ខ្ញុំមិនទទួលយកអ្វីសោះឡើយ ណាម៉ាន់ក៏អង្វរឲ្យទទួល តែលោកប្រកែកមិនព្រមទេ ១៧ណាម៉ាន់និយាយថា បើដូច្នេះ សូមតែឲ្យដីល្មមផ្ទុកលើលាកាត់២មកខ្ញុំប្របាទចុះ ដ្បិតពីនេះទៅមុខ ខ្ញុំប្របាទនឹងមិនថ្វាយដង្វាយដុត ឬយញ្ញបូជាដល់ព្រះឯណាទៀត ក្រៅពីព្រះយេហូវ៉ាឡើយ ១៨តែក្នុងការនេះ សូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទផង គឺកាលចៅហ្វាយខ្ញុំប្របាទព្រយុងខ្លួនមកលើដៃខ្ញុំ ចូលទៅថ្វាយបង្គំក្នុងវិហារព្រះរីម៉ូនវេលាណា ហើយខ្ញុំប្របាទក៏ឱនខ្លួននៅក្នុងវិហារព្រះរីម៉ូន នោះសូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំប្របាទ ពីការដែលឱនខ្លួននៅក្នុងវិហារព្រះរីម៉ូននោះផង ១៩អេលីសេក៏និយាយថា អញ្ជើញទៅដោយសុខសាន្តចុះ ដូច្នេះណាម៉ាន់ក៏ចេញពីលោកទៅតាមផ្លូវបន្តិច។
២០ឯកេហាស៊ី ជាអ្នកបំរើរបស់អេលីសេ ជាអ្នកសំណប់របស់ព្រះ គាត់នឹកថា មើល ចៅហ្វាយអញបានយល់ដល់ណាម៉ាន់ជាសាសន៍ស៊ីរីនោះ ដោយមិនបានទទួលរបស់ស្នងពីដៃលោក ដែលនាំមកជូននោះសោះ អញស្បថ ដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅថា អញនឹងរត់ទៅតាម ហើយទទួលយករបស់ខ្លះពីលោកវិញ ២១ដូច្នោះ កេហាស៊ីក៏ទៅតាមណាម៉ាន់ កាលណាម៉ាន់ឃើញម្នាក់កំពុងរត់មកតាម នោះលោកក៏ចុះពីរទេះទៅទទួល ហើយសួរថា សុខសប្បាយទាំងអស់គ្នាទេឬ ២២គាត់ឆ្លើយថា សុខសប្បាយជាទេ តែចៅហ្វាយខ្ញុំបានចាត់ខ្ញុំឲ្យមកជំរាបលោកថា មើល មានមនុស្សកំឡោះ២នាក់ជាសិស្សនៃពួកហោរា ទើបនឹងមកដល់ ពីស្រុកភ្នំអេប្រាអិម ដូច្នេះ សូមលោកមេត្តាឲ្យប្រាក់១ហាប នឹងសំលៀកបំពាក់២បន្លាស់មកសំរាប់គេ ២៣ណាម៉ាន់ឆ្លើយតបថា សូមឲ្យអ្នកបានសុខចិត្តយកដល់ទៅ២ហាបចុះ លោកក៏បង្ខំ រួចដាក់ប្រាក់២ហាបចុះក្នុងការុង២ ព្រមទាំងឲ្យអាវ២បន្លាស់ ដាក់ឲ្យអ្នកបំរើរបស់លោក២នាក់បានលីទៅខាងមុខកេហាស៊ី ២៤លុះដល់ទៅភ្នំហើយ នោះគាត់យកពីដៃគេទៅដាក់ទុកក្នុងផ្ទះ រួចឲ្យគេទៅវិញ គេក៏ចេញទៅ ២៥លំដាប់នោះគាត់ចូលទៅឈរនៅមុខអេលីសេជាចៅហ្វាយខ្លួន ហើយលោកសួរថា កេហាស៊ីអើយ ឯងមកពីណា គាត់ឆ្លើយថា ខ្ញុំប្របាទមិនបានទៅឯណាទេ ២៦តែលោកមានប្រសាសន៍ថា តើវិញ្ញាណអញមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬអី នេះតើជាឱកាសគួរនឹងទទួលប្រាក់នឹងសំលៀកបំពាក់ ព្រមទាំងចំការអូលីវ ចំការទំពាំងបាយជូរ នឹងចៀម គោ ហើយបាវប្រុសបាវស្រីឬអី ២៧ហេតុនេះរោគឃ្លង់របស់ណាម៉ាន់នឹងនៅជាប់នឹងឯងវិញ ព្រមទាំងកូនចៅឯងជារៀងរាបដរាបទៅ ដូច្នេះគាត់ក៏ចេញពីមុខលោកទៅ កើតមានរោគឃ្លង់សដូចហិមៈតែម្តង។