ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ៥:១-១៤

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​៩ ខែតុលា ឆ្នាំ២០២៤
រីឯ​ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅហ្វាយ​ខ្លួន ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជំនះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់ គ្រា​នោះ ពួក​ទ័ព​ស៊ីរី​បាន​ចេញ ទៅ​ដោយ​កងៗ គេ​ចាប់​ក្មេង​ស្រី​ម្នាក់ នាំ​មក​ពី​ស្រុក​អ៊ីស្រាអែល នាង​នោះ​ក៏​បំរើ​ប្រពន្ធ​ណាម៉ាន់ នាង​និយាយ​នឹង​ចៅហ្វាយ​ស្រី​របស់​ខ្លួន​ថា ឱ​បើ​ជា​លោក​ប្រុស ជា​ចៅហ្វាយ​នាង​ខ្ញុំ បាន​នៅ​ជា​មួយ​នឹង​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​ទៅ​អេះ នោះ​លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ទៅ នោះ​មាន​ម្នាក់​ចូល​ទៅ​ជំរាប​ចៅហ្វាយ​ខ្លួន​ថា ក្មេង​ស្រី​ដែល​មក​ពី​ស្រុក​អ៊ីស្រាអែល វា​និយាយ​យ៉ាង​នេះ​មួយៗ ដូច្នេះ ស្តេច​ស៊ីរី​មាន​បន្ទូល​ថា ចូរ​ទៅ​ចុះ អញ​នឹង​ធ្វើ​សំបុត្រ​១​ផ្ញើ​ទៅ​ស្តេច​អ៊ីស្រាអែល​ដែរ នោះ​លោក​ក៏​ចេញ​ទៅ នាំ​យក​ទាំង​ប្រាក់​១០​ហាប នឹង​មាស​៦​ពាន់ ហើយ​សំលៀក‌បំពាក់​១០​បន្លាស់ លោក​ក៏​នាំ​យក​សំបុត្រ​នោះ​ទៅ​ថ្វាយ​ស្តេច​អ៊ីស្រាអែល មាន​សេចក្ដី​ថា កាល​ណា​ទ្រង់​ទទួល​សំបុត្រ​នេះ នោះ​មើលទូលបង្គំ​បាន​ចាត់​ណាម៉ាន់ ជា​អ្នក​ជំនិត​របស់​ទូលបង្គំ​មក​ហើយ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ឲ្យ​គាត់​រួច​ពី​រោគ​ឃ្លង់ កាល​ស្តេច​អ៊ីស្រាអែល​ទ្រង់​បាន​ទត​សំបុត្រ​នោះ​រួច​ហើយ នោះ​ក៏​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ ដោយ​បន្ទូល​ថា តើ​យើង​ជា​ព្រះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់ ឬ​ឲ្យ​រស់​បាន​ឬ បាន​ជា​គេ​ចាត់​ឲ្យ​មនុស្ស​ឃ្លង់​នេះ​មក ចង់​ឲ្យ​យើង​មើល​រោគ​ឲ្យ​ជា​ដូច្នេះ ចូរ​ពិចារណា​មើល ជា​យ៉ាង​ណា ដែល​គេ​រក​រឿង​នឹង​យើង​នេះ។ កាល​អេលី‌សេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឮ​ថា ស្តេច​អ៊ីស្រាអែល​បាន​ហែក​ព្រះ‌ពស្ត្រ​ទ្រង់​ដូច្នោះ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ សូម​ឲ្យ​លោក​នោះ​មក​ឯ​ទូលបង្គំ​សិន​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​១​នៅ​ពួក​អ៊ីស្រាអែល​មែន ដូច្នេះ ណាម៉ាន់​ក៏​មក​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អេលី‌សេ មាន​ទាំង​សេះ នឹង​រទេះ​ផង ១០ឯ​អេលី‌សេ លោក​ចាត់​អ្នក​បំរើ​ម្នាក់ ឲ្យ​ទៅ​ជំរាប​ថា សូម​ឲ្យ​លោក​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​៧​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ ១១តែ​ណាម៉ាន់​មាន​សេចក្ដី​កំហឹង ហើយ​ក៏​ចេញ​ទៅ ដោយ​ពោល​ថា មើល អញ​ស្មាន​ថា​ប្រាកដ​ជា​លោក​នឹង​ចេញ​មក​ឯ​អញ ឈរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ហើយ​រា​ដៃ​ពី​លើ​ដំបៅ​ឲ្យ​រោគ​ឃ្លង់​បាន​ជា ១២ឯ​ទន្លេ​អាបាណា នឹង​ទន្លេ​ផើផើរ ជា​ទន្លេ​ស្រុក​ដាម៉ាស តើ​មិន​ល្អ​ជាង​ទឹក​ទាំង‌ឡាយ នៅ​ស្រុក​អ៊ីស្រាអែល​ទេ​ឬ​អី បើ​អញ​មុជ‌ទឹក​ទន្លេ​នោះ តើ​មិន​បាន​ស្អាត​ទេ​ឬ​អី ដូច្នេះ លោក​ក៏​ត្រឡប់​ចេញ​ពី​ទី​នោះ​ទៅ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង ១៣តែ​ពួក​អ្នក​បំរើ​លោក​ក៏​អែប​ចូល​ជិត ជំរាប​ថា លោក​ឪពុក​អើយ បើ‌សិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ចំណង់​បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ‌ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​នឹង​គួរ​ធ្វើ​តាម​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត ១៤ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​អស់​៧​ដង តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេងៗ ហើយ​លោក​បាន​ជា​ស្អាត។