ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ៤:៣៨-៤៤

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​៨ ខែតុលា ឆ្នាំ២០២៤
៣៨ឯ​អេលី‌សេ លោក​ត្រឡប់​ទៅ​ឯ​ក្រុង​គីល‌កាល​វិញ​ទៀត ហើយ​មាន​អំណត់​នៅ​ក្នុង​ស្រុក​នោះ ឯ​ពួក​សិស្ស​របស់​ពួក​ហោរា គេ​អង្គុយ​ចំពោះ​មុខ​លោក ហើយ​លោក​បង្គាប់​អ្នក​បំរើ​ថា ចូរ​ដាក់​ថ្លាង​ធ្វើ​បបរ ឲ្យ​ពួក​សិស្ស​ហោរា​ទាំង​នេះ​ទៅ ៣៩មាន​ម្នាក់​ចេញ​ទៅ​រក​បន្លែ​ឯ​ទី​វាល ក៏​ឃើញ​វល្លិ​ព្រៃ ហើយ​បេះ​ផ្លែ​ពេញ​ថ្នក់​អាវ វិល​មក​កាប់​ជា​កង់ៗ ដាក់​ចុះ​ទៅ​ក្នុង​ថ្លាង ដ្បិត​គេ​មិន​បាន​ស្គាល់​ផ្លែ​នោះ​ទេ ៤០រួច​គេ​ដួស​បបរ​នោះ​ឲ្យ​គ្រប់​គ្នា​បរិភោគ តែ​កាល​គេ​កំពុង​តែ​បរិភោគ នោះ​ក៏​ស្រែក​ឡើង​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ បបរ​នេះ​ពុល​ទេ ហើយ​គេ​បរិភោគ​ពុំ​បាន ៤១តែ​លោក​ប្រាប់​ថា ដូច្នេះ ចូរ​យក​ម្សៅ​មក​ចុះ រួច​លោក​ក៏​ចាក់​ទៅ​ក្នុង​ថ្លាង ហើយ​ប្រាប់​ថា ចូរ​ដួស​ចែក​ឲ្យ​គេ​បរិភោគ​ទៅ នោះ​ក៏​គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ឡើយ។ ៤២នៅ​គ្រា​នោះ មាន​មនុស្ស​ម្នាក់ មក​ពី​ស្រុក​បាល-សា‌លីសា គាត់​យក​នំបុ័ង​ម្សៅ​ឱក​២០​ដុំ​ធ្វើ​ពី​ផល​ដំបូង នឹង​គួរ​ស្រូវ​ស្រស់ មក​ជូន​ដល់​អ្នក​សំណប់​របស់​ព្រះ នោះ​លោក​ប្រាប់​ថា ចូរ​ចែក​ឲ្យ​បណ្តាជន​បរិភោគ​ទៅ ៤៣អ្នក​បំរើ​លោក​សួរ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ដាក់​តែ​ប៉ុណ្ណេះ ឲ្យ​មនុស្ស​១០០​នាក់​បរិភោគ​បាន តែ​លោក​បង្គាប់​ថា ចូរ​ចែក​ឲ្យ​គេ​បរិភោគ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា គេ​នឹង​បរិភោគ​ឆ្អែត ហើយ​នឹង​នៅ​មាន​សល់​ផង ៤៤ដូច្នេះ គាត់​ក៏​ដាក់​ឲ្យ​គេ​បរិភោគ ហើយ​គេ​បាន​ឆ្អែត រួច​នៅ​មាន​សល់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ។