ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤
៨មានកាល១ថ្ងៃទៀត អេលីសេបានដើរទៅឯក្រុងស៊ូណែម រីឯនៅទីនោះមានស្ត្រីអ្នកធំម្នាក់ នាងបានឃាត់លោកឲ្យនៅពិសាបាយ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយនៅផ្ទះនាង ៩នាងក៏និយាយនឹងប្ដីថា មើល ខ្ញុំយល់ឃើញថា មនុស្សដែលតែងធ្លាប់មកផ្ទះយើង ជាញយៗនេះ លោកជាអ្នកបរិសុទ្ធរបស់ព្រះ ១០សូមឲ្យយើងធ្វើបន្ទប់១តូច នៅលើជញ្ជាំង ព្រមទាំងដាក់គ្រែ តុ កៅអី នឹងជើងទៀន សំរាប់លោកផង ដូច្នេះ កាលណាលោកមកផ្ទះយើង នោះនឹងនៅក្នុងបន្ទប់នោះ ១១ក្រោយមក មានកាល១ថ្ងៃលោកក៏មកដល់ ហើយចូលទៅសំរាន្តក្នុងបន្ទប់នោះ ១២លោកប្រាប់កេហាស៊ី ជាអ្នកបំរើលោកថា ចូរហៅស្ត្រីដែលនៅក្រុងស៊ូណែមនេះមក កាលបានហៅមកដល់ហើយ នោះនាងឈរនៅចំពោះលោក ១៣រួចលោកប្រាប់អ្នកបំរើថា ចូរនិយាយនឹងនាងថា មើល នាងបានចាត់ចែងគោរពដល់យើងជាច្រើនដល់ម៉្លេះ ឥឡូវនេះ តើត្រូវឲ្យយើងសងគុណដល់នាងយ៉ាងណាខ្លះ តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជំរាបមេទ័ពធំឲ្យនាងឬទេ តែនាងឆ្លើយតបថា នាងខ្ញុំចូលចិត្តនៅតែកណ្តាលពួកសាសន៍នាងខ្ញុំនេះទេ ១៤លោកសួរទៀតថា បើដូច្នេះ តើត្រូវសងគុណដល់នាងយ៉ាងណា កេហាស៊ីឆ្លើយឡើងថា មើលគាត់គ្មានកូនទេ ហើយប្ដីក៏ចាស់ផង ១៥លោកប្រាប់ថា ចូរហៅនាងមកនេះ កាលបានហៅមកដល់ហើយ នោះនាងឈរនៅត្រង់មាត់ទ្វារ ១៦ហើយលោកប្រាប់ថា ដល់កំណត់ ឆ្នាំក្រោយ នោះនាងនឹងបានបីកូនប្រុស១ តែនាងឆ្លើយថា ទេ លោកម្ចាស់ ជាអ្នកសំណប់របស់ព្រះអើយ សូមកុំកុហកដល់នាងខ្ញុំឡើយ។
១៧ស្ត្រីនោះក៏មានទំងន់ ហើយដល់កំណត់ឆ្នាំក្រោយ នាងសំរាលបានកូនប្រុស១ ដូចពាក្យដែលអេលីសេបានប្រាប់ ១៨កាលកូននោះបានធំឡើងហើយ នោះមានកាល១ថ្ងៃវាចេញទៅឯឪពុក ដែលនៅជាមួយនឹងពួកអ្នកច្រូត ១៩នោះវាត្អូញប្រាប់ឪពុកថា ខ្ញុំឈឺក្បាល ខ្ញុំឈឺក្បាលណាស់ ឪពុកបង្គាប់ទៅអ្នកបំរើថា ចូរបីវាយកទៅឲ្យម្តាយវាទៅ ២០អ្នកនោះក៏បីយកទៅឲ្យម្តាយ ហើយវាអង្គុយលើភ្លៅម្តាយ រហូតដល់ថ្ងៃត្រង់ រួចស្លាប់ទៅ ២១ម្តាយក៏ឡើងទៅ ដាក់វាផ្តេកនៅលើដំណេកនៃអ្នកសំណប់របស់ព្រះ ហើយបិទទ្វារចេញទៅ ២២រួចនាងស្រែកទៅប្ដីថា សូមចាត់បំរើម្នាក់ នឹងលា១មកសិន ដើម្បីឲ្យខ្ញុំរត់ទៅឯអ្នកសំណប់របស់ព្រះ រួចវិលមកវិញ ២៣ប្ដីតបថា ឯងចង់ទៅរកលោកនៅថ្ងៃនេះធ្វើអី នេះមិនមែនជាថ្ងៃចូលខែ ឬថ្ងៃឈប់សំរាកទេ តែនាងឆ្លើយថា មិនអីទេ ២៤នាងក៏ចងកែបលា រួចបង្គាប់អ្នកបំរើថា ចូរវាយជំរត់វាទៅ កុំបង្អង់ឡើយ លើកតែអញបង្គាប់ គឺយ៉ាងនោះដែលនាងធ្វើដំណើរទៅឯអ្នកសំណប់របស់ព្រះ នៅត្រង់ភ្នំកើមែល។
២៥កាលអ្នកសំណប់របស់ព្រះ បានឃើញនាងមកពីចំងាយ នោះលោកបង្គាប់ទៅកេហាស៊ី ជាអ្នកបំរើថា នុ៎ះន៏ស្ត្រីស្រុកស៊ូណែម ២៦ចូររត់ទៅទទួល ហើយសួរថា តើអ្នកសុខសប្បាយជាទេឬ តើប្ដីអ្នកជាទេឬ ហើយកូនអ្នកជាទេឬ តែនាងឆ្លើយថា ជាទេ ២៧កាលបានមកដល់អ្នកសំណប់របស់ព្រះ នៅលើភ្នំហើយ នោះនាងក៏ចាប់ជើងលោក កេហាស៊ីក៏ចូលទៅ ដើម្បីច្រាននាងចេញ តែអ្នកសំណប់របស់ព្រះឃាត់ថា បណ្តោយតាមនាងចុះ ពីព្រោះនាងមានសេចក្ដីជូរចត់ក្នុងចិត្ត ហើយព្រះយេហូវ៉ាទ្រង់បានលាក់នឹងអញ ឥតសំដែងឲ្យអញដឹងសោះ ២៨នោះនាងនិយាយឡើងថា តើនាងខ្ញុំបានសូមកូនពីលោកម្ចាស់ឬទេ តើនាងខ្ញុំមិនបានសូមថា កុំបញ្ឆោតនាងខ្ញុំទេឬអី ២៩នោះលោកបង្គាប់កេហាស៊ីថា ចូរក្រវាត់ចង្កេះកាន់ដំបងរបស់អញចេញទៅ បើចួបនឹងអ្នកណាតាមផ្លូវ កុំឲ្យគំនាប់គេឡើយ បើអ្នកណាគំនាប់ដល់ឯង ក៏កុំឲ្យគំនាប់តបវិញដែរ ចូរទៅដាក់ដំបងអញនៅលើមុខកូននោះទៅ ៣០តែម្តាយរបស់កូននោះនិយាយថា នាងខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដ៏នៅរស់ដែរថា នាងខ្ញុំមិនព្រមឃ្លាតចេញពីលោកទេ ដូច្នេះ លោកក៏ក្រោកឡើងទៅតាមនាងទៅ ៣១ឯកេហាស៊ីគាត់ក៏ទៅមុន ហើយដាក់ដំបងនៅលើមុខកូន តែគ្មានឮសំឡេង កូនក៏គ្មានស្តាប់អ្វីដែរ ដូច្នេះ គាត់វិលទៅចួបនឹងអេលីសេវិញ ជំរាបថា កូនមិនបានភ្ញាក់ទេ។
៣២កាលអេលីសេបានចូលទៅក្នុងផ្ទះ ក៏ឃើញកូននោះស្លាប់នៅលើដំណេករបស់លោក ៣៣ដូច្នេះ លោកចូលទៅបិទទ្វារ មានតែគ្នា២នាក់ ហើយក៏អធិស្ឋានដល់ព្រះយេហូវ៉ា ៣៤រួចលោកឡើងទៅពោបលើកូននោះ ដាក់មាត់លោកទល់នឹងមាត់វា ភ្នែកទល់នឹងភ្នែក ហើយដៃនៅលើដៃដែរ ក៏សន្ធឹងខ្លួនលើវា រួចសាច់កូននោះក៏ក្តៅឧណ្ហឡើង ៣៥នោះលោកក្រោកចេញទៅ ដើរចុះឡើងនៅក្នុងផ្ទះ រួចឡើងទៅសន្ធឹងខ្លួនលើវាទៀត ហើយវាកណ្តាស់៧ដង រួចបើកភ្នែកឡើង ៣៦ដូច្នេះ លោកហៅកេហាស៊ីមកបង្គាប់ថា ចូរទៅហៅស្ត្រីដែលនៅក្រុងស៊ូណែមនេះមក គាត់ក៏ហៅ កាលនាងបានចូលមកដល់ហើយ នោះលោកប្រាប់ថា ចូរលើកបីកូននាងឡើង ៣៧នាងក៏ចូលទៅផ្តួលខ្លួន ក្រាបចុះដល់ដី នៅទៀបជើងលោក រួចលើកកូនបីចេញទៅ។