ព្រះគម្ពីរ ២ ពង្សាវតាក្សត្រ ៤:១-៧

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអាទិត្យ ទី​៦ ខែតុលា ឆ្នាំ២០២៤
រីឯ​មាន​ស្ត្រី​ម្នាក់ ជា​ប្រពន្ធ​នៃ​ពួក​សិស្ស របស់​ពួក​ហោរា​ម្នាក់ នាង​បាន​ស្រែក​ដល់​អេលី‌សេ​ថា ប្ដី​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​ស្លាប់​ហើយ លោក​ក៏​ជ្រាប​ថា អ្នក​បំរើ​របស់​លោក​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដែរ ឥឡូវ​នេះ ម្ចាស់​បំណុល​បាន​មក ចង់​យក​កូន​ខ្ញុំ​ទាំង​២​ទៅ​ធ្វើ​ជា​បាវ​បំរើ អេលី‌សេ​សួរ​នាង​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក សូម​ប្រាប់​ខ្ញុំ​ចុះ តើ​អ្នក​មាន​អ្វី​នៅ​ផ្ទះ នាង​ឆ្លើយ​តប​ថា នាង​ខ្ញុំ​គ្មាន​អ្វី​នៅ​ផ្ទះ​ទេ មាន​តែ​ដប​ប្រេង​១​ប៉ុណ្ណោះ ដូច្នេះ លោក​ប្រាប់​ថា ចូរ​អ្នក​ចេញ​ទៅ​ខ្ចី​ភាជនៈ ពី​ពួក​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន គឺ​ជា​ភាជនៈ ដែល​នៅ​ទទេ ហើយ​កុំ​ឲ្យ​ខ្ចី​តិច​ឡើយ រួច​ឲ្យ​អ្នក​នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ទៅ ហើយ​ចាក់​ប្រេង​ទៅ​ក្នុង​ភាជនៈ​ទាំង​នោះ កាល​ណា​មាន​១​ណា​ពេញ នោះ​ចូរ​ដាក់​ទុក​ទៅ​ខាង​ម្ខាង ដូច្នេះ នាង​ក៏​ចេញ​ពី​លោក​ទៅ នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ​បិទ​ទ្វារ កូន​ទាំង​២​ក៏​ហុច​ភាជនៈ​មក​ឲ្យ​ម្តាយ ហើយ​ម្តាយ​ក៏​ចាក់​ប្រេង​ដាក់ លុះ​ភាជនៈ​ទាំង​នោះ​បាន​ពេញ​ហើយ នោះ​នាង​បង្គាប់​កូន​ថា ចូរ​ហុច​១​ទៀត​មក​ឲ្យ​អញ តែ​កូន​ឆ្លើយ​តប​ថា មាន​តែ​ប៉ុណ្ណឹង​ទេ នោះ​ប្រេង​ក៏​ឈប់​ហូរ​ទៅ នាង​ក៏​ទៅ​ជំរាប​ដល់​អ្នក​សំណប់​របស់​ព្រះ ហើយ​លោក​ប្រាប់​ថា ចូរ​យក​ប្រេង​នោះ​ទៅ​លក់ សង​បំណុល​គេ​ទៅ ឯ​ចំណែក​ដែល​សល់​នៅ នោះ​ចូរ​ទុក​ចិញ្ចឹម​ខ្លួននឹង​កូន​ចុះ។