ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី៣ ខែតុលា ឆ្នាំ២០២៤
១៥លុះកាលពួកសិស្សរបស់ពួកហោរា ពីក្រុងយេរីខូរ ដែលឈរមើលពីត្រើយម្ខាង បានឃើញហើយ នោះក៏ថា វិញ្ញាណរបស់អេលីយ៉ា បានសណ្ឋិតលើអេលីសេហើយ រួចគេមកទទួលលោក ក៏ក្រាបចុះដល់ដីនៅចំពោះលោក ១៦គេជំរាបលោកថា មើល មានមនុស្សខ្លាំងពូកែ៥០នាក់ នៅជាមួយនឹងយើងខ្ញុំប្របាទនេះ ដូច្នេះ សូមឲ្យគេទៅរកគ្រូរបស់លោកចុះ ក្រែងព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានលើកលោកឡើង ទៅបោះចោលនៅលើភ្នំណា ឬក្នុងច្រកណា១ តែលោកប្រកែកថា កុំឲ្យប្រើគេទៅឡើយ ១៧តែដោយគេចេះតែទទូចសូម ទាល់តែលោកបានខ្មាស បានជាលោកបណ្តោយទៅថា ចូរឲ្យគេទៅចុះ ដូច្នេះ គេក៏ប្រើ៥០នាក់នោះឲ្យទៅ ហើយគេរកលោកអស់៣ថ្ងៃឥតឃើញសោះ ១៨រួចគេវិលត្រឡប់មកឯអេលីសេវិញ ដែលលោករង់ចាំនៅក្រុងយេរីខូរ ហើយលោកមានប្រសាសន៍ថា តើខ្ញុំមិនបានប្រាប់ថា កុំឲ្យទៅឡើយទេឬអី។
១៩រួចមក ពួកមនុស្សនៅទីក្រុងនោះ ក៏និយាយនឹងអេលីសេថា សូមទានលោកមើល កន្លែងសង់ទីក្រុងនេះសប្បាយ ដូចជាលោកម្ចាស់ឃើញហើយ ប៉ុន្តែទឹកមិនល្អទេ ហើយដីក៏មិនកើតផលផង ២០ដូច្នេះ លោកប្រាប់ថា ចូរយកក្អមថ្មី១មកឲ្យខ្ញុំ ហើយដាក់អំបិលផង គេក៏យកមក ២១រួចលោកចេញទៅចាក់អំបិលនោះ ទៅក្នុងរន្ធទឹកដោយពាក្យថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញបានកែទឹកនេះ ឲ្យបានល្អឡើងវិញហើយ ពីនេះទៅមុខនឹងគ្មានអ្វីស្លាប់ឬឥតផល ដោយព្រោះទឹកនេះទៀតឡើយ ២២ដូច្នេះ ទឹកនោះក៏បានប្រែជាល្អ ដរាបដល់សព្វថ្ងៃនេះ ដូចជាពាក្យដែលអេលីសេបានពោល។
២៣លោកក៏ចេញពីទីនោះឡើងទៅឯក្រុងបេត-អែល កាលលោកកំពុងតែឡើងតាមផ្លូវទៅ នោះមានពួកក្មេងជំទង់ប្រុសៗ ចេញពីទីក្រុងមក ពោលមើលងាយ ដល់លោកថា អាទំពែកអើយ ចូរឡើងទៅចុះ អាទំពែកអើយ ចូរឡើងទៅចុះ ២៤លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្តាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ាស្រាប់តែមានខ្លាឃ្មុំញី២ ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់៤២នាក់ទៅ