ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០២៤
១ក្រោយមក ក្នុងគ្រាដែលព្រះយេហូវ៉ា ទ្រង់សព្វព្រះហឫទ័យនឹងលើកអេលីយ៉ា ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច នោះអេលីយ៉ា នឹងអេលីសេ ក៏ចេញពីក្រុងគីលកាលទៅជាមួយគ្នា ២ឯអេលីយ៉ា លោកប្រាប់ដល់អេលីសេថា ចូរឯងរង់នៅទីនេះសិន ដ្បិតព្រះយេហូវ៉ាទ្រង់បានចាត់អញ ឲ្យទៅឯក្រុងបេត-អែល តែអេលីសេប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏រស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ចុះទៅឯបេត-អែល ៣រីឯពួកសិស្សរបស់ពួកហោរា ដែលនៅក្រុងបេត-អែល គេចេញមកសួរអេលីសេថា តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូលោក ពីមុខលោកចេញឬទេ គាត់ឆ្លើយថា អើ ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀមទៅ ៤អេលីយ៉ាក៏ប្រាប់គាត់ថា អេលីសេអើយ សូមរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯក្រុងយេរីខូរ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ទៅដល់យេរីខូរ ៥រីឯពួកសិស្សរបស់ពួកហោរា ដែលនៅក្រុងយេរីខូរ គេមកសួរអេលីសេថា តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូលោកពីមុខលោកទៅឬទេ គាត់ឆ្លើយថា អើ ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀមទៅ ៦រួចអេលីយ៉ាប្រាប់គាត់ថា សូមឲ្យឯងរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯទន្លេយ័រដាន់ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ដើរតទៅ ៧មានពួកសិស្ស៥០នាក់នៃពួកហោរា ក៏តាមទៅឈរមើលពីចំងាយ តែអ្នកទាំង២ក៏ឈរនៅមាត់ទន្លេយ័រដាន់ ៨ឯអេលីយ៉ាលោកយកក្រមារបស់លោកបត់វាយទឹក នោះទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំង២បានដើរឆ្លងទៅនៅដីគោក ៩កាលបានឆ្លងទៅផុតហើយ នោះអេលីយ៉ាប្រាប់អេលីសេថា ចូរឲ្យឯងសូមអ្វីៗដែលចង់ឲ្យអញធ្វើសំរាប់ឯង ក្នុងពេលមុនដែលព្រះបានលើកអញឡើងពីឯងទៅ អេលីសេឆ្លើយថា សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ ដល់ទៅ២ភាគផង ១០លោកមានប្រសាសន៍ថា ឯងបានសូមសេចក្ដីយ៉ាងពិបាក ប៉ុន្តែបើឯងឃើញអញ ក្នុងកាលដែលព្រះលើកអញឡើងពីឯងទៅ នោះនឹងបានដូចប្រាថ្នា បើមិនបានឃើញវិញ នោះមិនបានទេ ១១រួចកំពុងដែលអ្នកទាំង២ដើរទៅ ហើយនិយាយគ្នាទៀត នោះស្រាប់តែឃើញរថជាភ្លើង នឹងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយអេលីយ៉ាក៏ឡើងទៅឯស្ថានសួគ៌ ដោយខ្យល់កួច ១២អេលីសេក៏បានឃើញ ហើយស្រែកឡើងថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នុ៎ះន៏ ព្រះរាជរថនឹងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ រួចលោកមិនបានឃើញអេលីយ៉ាទៀតឡើយ នោះលោកចាប់អាវខ្លួនហែកចេញជា២ផ្នែក ១៣ក៏រើសយកក្រមារបស់អេលីយ៉ា ដែលជ្រុះចុះមក វិលត្រឡប់ទៅវិញ ឈរនៅមាត់ទន្លេយ័រដាន់ ១៤ហើយក៏យកក្រមារបស់អេលីយ៉ា ដែលជ្រុះមកពីលោកនោះ ទៅវាយទឹក ដោយពាក្យថា តើព្រះយេហូវ៉ា ជាព្រះនៃអេលីយ៉ា ទ្រង់គង់នៅឯណា កាលបានវាយទឹកហើយ នោះទឹកក៏ញែកចេញពីគ្នា ហើយអេលីសេឆ្លងផុតទៅ។