ព្រះគម្ពីរ ១ ពេត្រុស ៤:១២-១៩

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសុក្រ ទី​២៧ ខែកញ្ញា ឆ្នាំ២០២៤
១២ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កើត​មាន​សេចក្ដី​ចំឡែក​នោះ​ឡើយ ១៣ត្រូវ​អរ​សប្បាយ​វិញ ដោយ​ព្រោះ​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេក‌អរ​រីក‌រាយ​ជា​ខ្លាំង ក្នុង​កាល​ដែល​សិរី‌ល្អ​ទ្រង់​លេច​មក ១៤បើ​សិន​ជា​គេ​តិះ‌ដៀល​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ នោះ​មាន​ពរ​ហើយ ពី​ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏​មាន​សិរី‌ល្អ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ ១៥កុំ​បី​ឲ្យ​អ្នក​រាល់​គ្នា​ណា​មួយ​រង​ទុក្ខ​ទោស ដោយ​ព្រោះ​សំឡាប់​គេ ឬ​លួច​គេ ឬ​ធ្វើ​ការ​អាក្រក់ ឬ​សៀត​ចូល​ក្នុង​ការ​របស់​អ្នក​ដទៃ​ឡើយ ១៦តែ​បើ​រង​ទុក្ខ ដោយ​ព្រោះ​ជា​ពួក​គ្រីស្ទាន​វិញ នោះ​កុំ​ឲ្យ​ខ្មាស​ឲ្យ​សោះ ចូរ​សរសើរ​ដំកើង​ដល់​ព្រះ ដោយ​ព្រោះ​នាម​នោះ​វិញ ១៧ដ្បិត​ពេល​វេលា​ដែល​សេចក្ដី​ជំនុំ‌ជំរះ​ត្រូវ​ចាប់​ផ្តើម​ពី​ដំណាក់​នៃ​ព្រះ​ទៅ នោះ​បាន​មក​ដល់​ហើយ បើ​សិន​ជា​ចាប់​តាំង​ពី​យើង​រាល់​គ្នា​ជា​មុន​ដូច្នេះ នោះ​តើ​ចុង​បំផុត​របស់​ពួក​អ្នក ដែល​មិន​ជឿ​តាម​ដំណឹង​ល្អ​នៃ​ព្រះ នឹង​បាន​ជា​យ៉ាង​ដូច​ម្តេច​ទៅ ១៨បើ​មនុស្ស​សុចរិត​បាន​រួច​ដោយ​ពិបាក​ផង នោះ​ពួក​ទមិល​ល្មើស នឹង​ពួក​មាន​បាប​នឹង​លេច​មក​នៅ​ឯ​ណា ១៩ដូច្នេះ ពួក​អ្នក​ដែល​រង​ទុក្ខ តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ នោះ​ត្រូវ​ផ្ញើ​ព្រលឹង​ខ្លួន​ទុក​នឹង​ព្រះ​ដ៏​បង្ក‌បង្កើត ដែល​ទ្រង់​ស្មោះ‌ត្រង់ ដោយ​ខ្លួន​ប្រព្រឹត្ត​ការ​ល្អ​ចុះ។