ព្រះគម្ពីរ ១ ពេត្រុស ៣:១៣-២២

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​២៥ ខែកញ្ញា ឆ្នាំ២០២៤
១៣បើ​អ្នក​រាល់​គ្នា​ឧស្សាហ៍​នឹង​ប្រព្រឹត្ត​ការ​ល្អ នោះ​តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​ដល់​អ្នក​រាល់​គ្នា ១៤តែ​បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្ដី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ពិត មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​ចំពោះ​សេចក្ដី​ស្ញែង​ខ្លាច​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​ថប់​បារម្ភ​ដែរ ១៥ចូរ​ឲ្យ​តាំង​ព្រះ‌គ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោត‌ខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា ១៦ព្រម​ទាំង​មាន​បញ្ញា​ចិត្ត​ជ្រះ‌ថ្លា ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​និយាយ​ដើម​ពី​អ្នក​រាល់​គ្នា ទុក​ដូច​ជា​មនុស្ស​ប្រព្រឹត្ត​អាក្រក់ បាន​អៀន‌ខ្មាស​វិញ ដោយ​ព្រោះ​គេ​និយាយ​បង្កាច់​ពី​កិរិយា​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ក្នុង​ព្រះ‌គ្រីស្ទ ១៧ដ្បិត​បើ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ដោយ​ព្រោះ​ការ​ល្អ​ជា​ជាង​ការ​អាក្រក់ ១៨ព្រោះ​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ព្រះ‌វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ ១៩ហើយ​ដោយ​នូវ​ព្រះ‌វិញ្ញាណ​នោះ​ឯង ទ្រង់​បាន​យាង​ទៅ​ប្រដៅ​ដល់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ ជា​ពួក​អ្នក​ដែល​ពី​ដើម​មិន​ព្រម​ជឿ ២០គឺ​ក្នុង​ខណ​ដែល​សេចក្ដី​អត់‌ធ្មត់​របស់​ព្រះ បាន​រង់‌ចាំ​នៅ​ជំនាន់​លោក​ណូអេ កាល​លោក​កំពុង​តែ​ធ្វើ​ទូក​ធំ ហើយ​នៅ​ក្នុង​ទូក​នោះ​មាន​មនុស្ស​តែ​បន្តិច គឺ​៨​នាក់​ប៉ុណ្ណោះ ដែល​បាន​រួច​ដោយ‌សារ​ទឹក ២១ដែល​ទឹក​នោះ​ហើយ ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​សេចក្ដី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះ‌ថ្លា​ចំពោះ​ព្រះ​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ២២ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌ គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ទាំង​មាន​ពួក​ទេវតា ពួក​មាន​អំណាច នឹង​ពួក​មាន​ឥទ្ធិ‌ឫទ្ធិ​ទាំង​ប៉ុន្មាន ចុះ​ចូល​នឹង​ទ្រង់​ដែរ។