ព្រះគម្ពីរ ១ ពេត្រុស ១:១០-២១

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​១៩ ខែកញ្ញា ឆ្នាំ២០២៤
១០ឯ​ពួក​ហោរា ជា​អ្នក​បាន​ទាយ​ពី​ព្រះ‌គុណ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា គេ​បាន​ស៊ើប​សួរ ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​សេចក្ដី​សង្គ្រោះ​នោះ ១១ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពេល​វេលា​ណា ឬ​គ្រា​យ៉ាង​ណា ដែល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គ្រីស្ទ​ដ៏​សណ្ឋិត​ក្នុង​គេ ទ្រង់​ចង្អុល​បង្ហាញ ក្នុង​កាល​ដែល​ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ពី​សិរី‌ល្អ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​មក​តាម​ក្រោយ ១២តែ​ទ្រង់​បាន​សំដែង​ឲ្យ​គេ​ដឹង​ថា សេចក្ដី​ទាំង​នោះ​មិន​មែន​សំរាប់​គេ​ទេ គឺ​សំរាប់​យើង​រាល់​គ្នា​វិញ គឺ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឥឡូវ​នេះ ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​សេចក្ដី​ទាំង​នោះ​ដែរ។ ១៣ដូច្នេះ ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះ‌គុណ​ដែល​ត្រូវ​ផ្តល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក​ផង ១៤ឲ្យ​ដូច​ជា​ពួក​កូន​ដែល​ស្តាប់​បង្គាប់ ឥត​បណ្តោយ​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា ដែល​អ្នក​រាល់​គ្នា​មាន ពី​កាល​នៅ​ល្ងង់​ពី​ដើម​នោះ​ឡើយ ១៥តែ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់ ដូច​ជា​ព្រះ​ដែល​ហៅ​អ្នក​រាល់​គ្នា​ទ្រង់​បរិសុទ្ធ​ដែរ ១៦ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ» ១៧ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​អំពាវ‌នាវ​ដល់​ទ្រង់ ទុក​ដូច​ជា​ព្រះវរ‌បិតា​ដែល​ទ្រង់​ជំនុំ​ជំរះ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ឥត​រើស​មុខ​អ្នក​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​កោត‌ខ្លាច ក្នុង​កាល​ដែល​នៅ​សំណាក់​ក្នុង​ជីវិត​នេះ​នៅ​ឡើយ​ចុះ ១៨ដោយ​ដឹង​ថា ទ្រង់​បាន​លោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក នោះ​មិន​មែន​ដោយ​របស់​ពុក‌រលួយ ដូច​ជា​ប្រាក់​ឬ​មាស​នោះ​ទេ ១៩គឺ​បាន​លោះ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម ២០ដែល​បាន​ស្គាល់​តាំង​ពី​មុន​កំណើត​លោកីយ​មក តែ​ទើប​នឹង​លេច​មក​នៅ​ជាន់​ក្រោយ​បង្អស់​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ២១ដែល​ដោយ‌សារ​ទ្រង់ នោះ​អ្នក​រាល់​គ្នា​ក៏​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សិរី‌ល្អ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ ហើយ​នឹង​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​បាន​ជាប់​នៅ​នឹង​ព្រះ។