ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤
៤១រីឯនៅឆ្នាំទី៤ ក្នុងរាជ្យអ័ហាប់ ស្តេចអ៊ីស្រាអែល នោះយ៉ូសាផាត ជាកូនអេសា ក៏ចាប់តាំងសោយរាជ្យឡើងលើស្រុកយូដា ៤២កាលយ៉ូសាផាតចាប់តាំងសោយរាជ្យ នោះទ្រង់មានព្រះជន្ម៣៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៥ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាអ័ស៊ូបា បុត្រីស៊ីលហ៊ី ៤៣ទ្រង់ក៏ដើរតាមគ្រប់ទាំងផ្លូវរបស់អេសា ជាព្រះបិតាទ្រង់ ឥតងាកបែរចេញឡើយ គឺបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ពួកបណ្តាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ ៤៤យ៉ូសាផាតទ្រង់ក៏បានចងស្ពានមេត្រីនឹងស្តេចអ៊ីស្រាអែលដែរ។
៤៥រីឯដំណើរឯទៀតពីយ៉ូសាផាត នឹងអំណាចដែលទ្រង់បានសំដែង ហើយពីការសង្គ្រាមរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ ៤៦ឯសំណល់ពួកកូនជឹង ដែលនៅសល់ ពីក្នុងរាជ្យអេសា ជាព្រះបិតា នោះទ្រង់ក៏បណ្តេញគេចេញពីស្រុកទៅ ៤៧គ្រានោះ នៅស្រុកអេដំមគ្មានស្តេចទេ មានតែអ្នកដំណាងរាជការ ដែលកាន់កាប់ត្រួតត្រាប៉ុណ្ណោះ ៤៨យ៉ូសាផាតក៏បានធ្វើក្រុមនាវាតើស៊ីស ដើម្បីនឹងទៅយកមាសពីស្រុកអូភារមក តែនាវាទាំងនោះមិនបានចេញទៅទេ ពីព្រោះត្រូវបាក់បែកទាំងអស់ នៅត្រង់ក្រុងអេស៊ាន-គេប៊ើរវិញ ៤៩គ្រានោះ អ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ក៏ទូលដល់យ៉ូសាផាតថា សូមឲ្យពួកបំរើទូលបង្គំ បានចុះនាវាទៅជាមួយនឹងពួកបំរើទ្រង់ផង តែយ៉ូសាផាតទ្រង់មិនព្រមទេ ៥០រួចមកយ៉ូសាផាតក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយនឹងពួកឰយុកោទ្រង់ ក្នុងក្រុងរបស់ដាវីឌ ជាឰយុកោ រួចយ៉ូរ៉ាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
៥១ឯអ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ទ្រង់ចាប់តាំងសោយរាជ្យនៅក្រុងសាម៉ារី លើពួកអ៊ីស្រាអែល ក្នុងឆ្នាំទី១៧នៃរាជ្យយ៉ូសាផាត ជាស្តេចយូដា ក៏សោយរាជ្យលើពួកអ៊ីស្រាអែលបាន២ឆ្នាំ ៥២ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ក៏ដើរតាមផ្លូវរបស់ព្រះបិតា នឹងព្រះមាតាទ្រង់ ហើយតាមផ្លូវរបស់យេរ៉ូបោម ជាកូននេបាត ដែលបានបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះដែរ ៥៣ទ្រង់បានគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះបាល ជាការដែលនាំឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានសេចក្ដីក្រោធ ដូចជាព្រះបិតាបានធ្វើដែរ។:៚