ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤
២៩ដូច្នេះ ស្តេចអ៊ីស្រាអែលនឹងយ៉ូសាផាត ជាស្តេចយូដា ក៏ឡើងទៅឯក្រុងរ៉ាម៉ូត-កាឡាត ៣០ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែព្រះអង្គ សូមឲ្យទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទ្រង់វិញ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ ៣១រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចំបាំងទ្រង់ទាំង៣២នាក់ថា កុំឲ្យតនឹងអ្នកណា ទោះតូចឬធំក្តី ចូរតតែនឹងស្តេចអ៊ីស្រាអែល១ប៉ុណ្ណោះ ៣២ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញយ៉ូសាផាត គេក៏បែរទៅបំរុងតនឹងទ្រង់ ដោយស្មានថា នេះប្រាកដជាស្តេចអ៊ីស្រាអែលហើយ តែយ៉ូសាផាតទ្រង់ស្រែកឡើង ៣៣កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះក៏លែងតាមតទៅ ៣៤តែមានមនុស្សម្នាក់យឹតធ្នូ បាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះទ្រង់ ដូច្នេះ ទ្រង់មានបន្ទូលបង្គាប់ ដល់អ្នកបរព្រះរាជរថទ្រង់ថា ចូរញាក់បង្ហៀរត្រឡប់រថ នាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសជាទំងន់ ៣៥នៅថ្ងៃនោះ ចំបាំងក៏កាន់តែខ្លាំងឡើង តែគេគ្រាហ៍គាំស្តេចនៅក្នុងព្រះរាជរថ ដើម្បីតស៊ូនឹងពួកស៊ីរី លុះដល់ពេលល្ងាចទ្រង់សុគតទៅ ហើយឈាមពីរបួសនោះក៏ហូរទៅក្នុងបាតព្រះរាជរថ ៣៦រួចដល់ពេលថ្ងៃលិច នោះក៏មានឮសំរែក នៅពេញក្នុងពួកទ័ពថា ចូរគ្រប់គ្នាត្រឡប់ទៅឯទីក្រុង នឹងស្រុករបស់ខ្លួនវិញទៅ។
៣៧គឺយ៉ាងនោះដែលស្តេចទ្រង់សុគត ហើយគេក៏នាំសពទ្រង់មកវិញ បញ្ចុះនៅក្នុងក្រុងសាម៉ារី ៣៨គេលាងព្រះរាជរថនៅត្រង់ស្រះទឹកនៃក្រុងសាម៉ារី ហើយមានឆ្កែលិទ្ធឈាម (រីឯនៅទីនោះពួកស្រីសំផឹងតែងងូតទឹក) តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលទុក ៣៩ឯដំណើរឯទៀតពីអ័ហាប់ នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ព្រមទាំងដំណាក់ភ្លុកដែលទ្រង់បានធ្វើ នឹងអស់ទាំងទីក្រុងដែលទ្រង់បានសង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ ៤០គឺយ៉ាងនោះ ដែលអ័ហាប់បានផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។