ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ២២:១៣-២៨

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសុក្រ ទី​១៣ ខែកញ្ញា ឆ្នាំ២០២៤
១៣រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកាយ៉ា​មក ក៏​ប្រាប់​គាត់​ថា មើល ពួក​ហោរា​ទាំង​អស់ សុទ្ធ​តែ​ទាយ​ល្អ​ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ​ដែរ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ចុះ ១៤តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ ១៥រួច​កាល​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា មីកាយ៉ា​អើយ តើ​ត្រូវ​ឲ្យ​យើង​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គាត់​ទូល​ឡក​ថា សូម​យាង​ទៅ ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ ១៦ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្តី​ឯង​ប៉ុន្មាន​ដង​ហើយ ឲ្យ​និយាយ​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ១៧គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​ឃើញ​ពួក​អ៊ីស្រាអែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា ពួក​ទាំង​នេះ​គ្មាន​ចៅហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្ដី​សុខ​ចុះ ១៨ដូច្នេះ ស្តេច​អ៊ីស្រាអែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា តើ​ទូលបង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ​អី ថា​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូលបង្គំ​ទេ គឺ​ទាយ​តែ​អាក្រក់​ប៉ុណ្ណោះ ១៩នោះ​មីកាយ៉ា​ទូល​ថា ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូលបង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ ទាំង​ខាង​ស្តាំ នឹង​ខាង​ឆ្វេង ២០ហើយ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​ណា​នឹង​ទៅ​បបួល​អ័ហាប់ ឲ្យ​ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ ២១រួច​មាន​វិញ្ញាណ​១​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា ទូលបង្គំ​ចង់​ទៅ ២២ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ថា នឹង​ធ្វើ​យ៉ាង​ណា​ទៅ វិញ្ញាណ​នោះ​ទូល​ថា ទូលបង្គំ​នឹង​ចេញ​ទៅ​ធ្វើ​ជា​វិញ្ញាណ​ភូត‌កុហក នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ចុះ ឯង​នឹង​បបួល​វា​ឲ្យ​សំរេច​បាន ២៣ដូច្នេះ មើល ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​ដាក់​វិញ្ញាណ​ភូត‌កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ពី​សេចក្ដី​អន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា​វិញ។ ២៤លំដាប់​នោះ​សេដេគា​ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកាយ៉ា​សួរ​ថា ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពី​អញ ទៅ​មាន​បន្ទូល​នឹង​ឯង​តាម​ណា ២៥មីកាយ៉ា​ឆ្លើយ​ថា ចាំ​មើល នៅ​ថ្ងៃ​នោះ​ឯង​នឹង​បាន​ឃើញ ក្នុង​កាល​ដែល​ឯង​រត់​ទៅ​ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង ២៦ស្តេច​អ៊ីស្រាអែល​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​មីកាហ៉ាត្រឡប់​ទៅ​ឯ​អាំម៉ូន ជា​ចៅហ្វាយ​ទី​ក្រុង នឹង​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រ​ទៅ ២៧ហើយ​បង្គាប់​ថា ស្តេច​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ងនឹង​ទឹក​ដ៏​វេទនា ដរាប​ដល់​អញ​មក​វិញ​ដោយ​សុខ‌សាន្ត ២៨នោះ​មីកាយ៉ា​ទូល​ថា បើ‌សិន​ជា​ទ្រង់​ដែល​យាង​មក​វិញ ដោយ​សុខ‌សាន្ត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​បន្ទូល ដោយ‌សារ​ទូលបង្គំ​ទេ រួច​គាត់​ថែម​ពាក្យ​នេះ​ថា ឱ​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ។