ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី១២ ខែកញ្ញា ឆ្នាំ២០២៤
១ក្នុងរវាង៣ឆ្នាំនោះ សាសន៍ស៊ីរី នឹងសាសន៍អ៊ីស្រាអែល ឥតមានចំបាំងនឹងគ្នាឡើយ ២តែដល់ឆ្នាំទី៣ នោះយ៉ូសាផាត ជាស្តេចយូដា ទ្រង់យាងចុះមកគាល់ស្តេចអ៊ីស្រាអែល ៣ហើយស្តេចអ៊ីស្រាអែលទ្រង់មានបន្ទូលនឹងពួកជំនិតទ្រង់ថា អ្នករាល់គ្នាដឹងហើយថា ក្រុងរ៉ាម៉ូត-កាឡាតជារបស់ផងយើង ចុះហេតុអ្វីបានជាយើងនៅតែស្ងៀម ឥតទៅចាប់យកពីកណ្តាប់ដៃស្តេចស៊ីរីមកវិញដូច្នេះ ៤រួចទ្រង់ទូលសួរយ៉ូសាផាតថា តើទ្រង់នឹងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងទូលបង្គំឬទេ យ៉ូសាផាតទូលឆ្លើយថា ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្ររបស់ទូលបង្គំក៏ដូចជារាស្ត្ររបស់ទ្រង់ ហើយសេះរបស់ទូលបង្គំទាំងប៉ុន្មាន ក៏ដូចជាសេះរបស់ទ្រង់ដែរ។
៥តែយ៉ូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន ៦ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជា៤០០នាក់មកសួរថា តើត្រូវឲ្យយើងចេញទៅ ច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រគល់គេ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ ៧តែយ៉ូសាផាតសួរថា នៅទីនេះ តើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរគាត់ដែរទេឬ ៨ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់វិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានបន្ទូលដូច្នោះឡើយ ៩នោះស្តេចអ៊ីស្រាអែល ទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកនេះជាឆាប់ៗ ១០ឯស្តេចអ៊ីស្រាអែល នឹងយ៉ូសាផាត ជាស្តេចស្រុកយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លា នៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយនៅចំពោះទ្រង់ ១១ឯសេដេគា ជាកូនក្នាណា គាត់បានធ្វើស្នែងដែក ហើយក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ព្រះករុណានឹងជល់ពួកស៊ីរីដោយស្នែងនេះ ដរាបដល់វិនាសសូន្យទៅ ១២ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡាត ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។