ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ២១:១៧-២៩

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​១១ ខែកញ្ញា ឆ្នាំ២០២៤
១៧ខណ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា ១៨ចូរ​ក្រោក​ឡើង​ចុះ​ទៅ​ជួប​នឹង​អ័ហាប់ ជា​ស្តេច​អ៊ីស្រាអែល ដែល​គង់​នៅ​ក្រុង​សាម៉ារី​ទៅ មើល ទ្រង់​នៅ​ក្នុង​ចំការ​របស់​ណាបោត ទ្រង់​បាន​ចុះ​ទៅ​ទទួល​យក​ចំការ​នោះ ទុក​ជា​របស់​ផង​ទ្រង់ ១៩ដូច្នេះ ឯង​ត្រូវ​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ឯង​បាន​សំឡាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ ក៏​ត្រូវ​ទូល​ដូច្នេះ​ទៀត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណាបោត នោះ​នឹង​លិទ្ធ​ឈាម​របស់​ឯង​ដែរ ២០អ័ហាប់​មាន​បន្ទូល​តប​ថា ឱ​ខ្មាំង​សត្រូវ​យើង​អើយ តើ​ឯង​មក​តាម​យើង​ទាន់​ហើយ​ឬ លោក​ទូល​ឆ្លើយ​ថា ទាន់​ហើយ ពី​ព្រោះ​ព្រះ‌ករុណា​បាន​លក់​ព្រះ‌អង្គ​ទ្រង់ ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ២១មើល អញ​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​ឯង អញ​នឹង​បោស​ឯង​ចេញ​អស់​រលីង ហើយ​នឹង​កាត់​អស់​ទាំង​កូន​ប្រុសៗ​ពី​អ័ហាប់​ចេញ ព្រម​ទាំង​អ្នក​បិទ​បាំង​ទុក នឹង​អ្នក​ដែល​ឥត​មាន​ចំណង ក្នុង​ពួក​អ៊ីស្រាអែល​ផង ២២អញ​នឹង​ធ្វើ​ឲ្យ​ជំនួរ​វង្ស​របស់​ឯង​បាន​ដូច​ជា​ជំនួរ​វង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ហើយ​ដូច​ជា​ជំនួរ​វង្ស​របស់​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ដោយ​ព្រោះ​ការ​ប្រទាំង ដែល​ឯង​បាន​ធ្វើ​ឲ្យ​អញ​បាន​ក្នាញ់​ក្នុង​ព្រះ‌ទ័យ ហើយ​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​ដែរ ២៣ព្រះ‌យេហូវ៉ា​ក៏​មាន​បន្ទូល​ពី​ដំណើរ​យេសិ‌បិល​ដែរ​ថា ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​ជិត​កំផែង​ក្រុង​យេស‌រាល ២៤អ្នក​ណា​ក្នុង​ពូជ‌ពង្ស​អ័ហាប់ ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​វិញ ២៥រីឯ​អ័ហាប់ គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ទ្រង់ ដែល​បាន​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល ជា​ភរិយា​បាន​ញុះ‌ញង់​នោះ​ទេ ២៦ទ្រង់​បាន​ប្រព្រឹត្ត​បែប​គួរ​ស្អប់​ខ្ពើម​ណាស់ ដោយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​រូប​ព្រះ តាម​គ្រប់​ទាំង​ទំនៀម​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ។ ២៧កាល​អ័ហាប់​បាន​ឮ​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ រួច​ស្លៀក​សំពត់​ធ្មៃ​វិញ ហើយ​តម​ព្រះ‌ស្ងោយ ទ្រង់​ផ្ទំ​ទាំង​សំពត់​ធ្មៃ​នោះ ហើយ​ក៏​យាង​មួយៗ ២៨នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា ២៩ឯង​បាន​ឃើញ​ឬ​ទេ អ័ហាប់​បន្ទាប​ខ្លួន​នៅ​មុខ​អញ​ហើយ ដូច្នេះ ដោយ​ព្រោះ​បាន​បន្ទាប​ខ្លួន​នៅ​មុខ​អញ នោះ​អញ​មិន​នាំ​សេចក្ដី​វេទនា​នោះ មក​ក្នុង​គ្រា​ព្រះ‌ជន្ម​ទ្រង់​ទេ គឺ​អញ​នឹង​នាំ​សេចក្ដី​វេទនា​នោះ មក​លើ​ជំនួរ​វង្ស​ទ្រង់​ក្នុង​គ្រា​នៃ​បុត្រ​ទ្រង់​វិញ។