ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ២០:៣៥-៤៣

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃថ័ន្ទ ទី​៩ ខែកញ្ញា ឆ្នាំ២០២៤
៣៥បន្ទាប់​មក មាន​ម្នាក់​ជា​សិស្ស​ពួក​ហោរា គាត់​និយាយ​ទៅ​គូ‌កន ដោយ​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ថា សូម​ឲ្យ​វាយ​ខ្ញុំ​ចុះ តែ​អ្នក​នោះ​មិន​ព្រម​វាយ​ទេ ៣៦គាត់​ក៏​ប្រាប់​ថា ដោយ​ព្រោះ​អ្នក​មិន​បាន​ស្តាប់ តាមព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​មើល កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នឹង​មាន​សិង្ហ​មក​សំឡាប់​អ្នក ដូច្នេះ កាល​អ្នក​នោះ​បាន​ចេញ​ពី​គាត់​ទៅ ក៏​មាន​សិង្ហ​១​មក​ប្រទះ ហើយ​សំឡាប់​ទៅ ៣៧រួច​គាត់​ជួប​នឹង​ម្នាក់​ទៀត ប្រាប់​ថា សូម​ឲ្យ​អ្នក​វាយ​ខ្ញុំ​ចុះ អ្នក​នោះ​ក៏​វាយ​គាត់​ឲ្យ​មាន​របួស ៣៨នោះ​ហោរា​ក៏​ក្លែង​ខ្លួន ដោយ​យក​សំពត់​ឈ្នួត​មក​បិទ​ភ្នែក រួច​ទៅ​នៅ​ចាំ​ស្តេច​យាង​មក​តាម​ផ្លូវ ៣៩កាល​ស្តេច​ទ្រង់​យាង​មក​តាម​ផ្លូវ នោះ​គាត់​ស្រែក​ឡើង​ទូល​ថា ទូលបង្គំ​បាន​ចេញ​ទៅ​ឯ​កណ្តាល​ទី​ចំបាំង ហើយ​មើល មាន​ម្នាក់​ទៀត​បែរ​មក នាំ​មនុស្ស​ម្នាក់​មក​ឯ​ទូលបង្គំ ដោយ​បង្គាប់​ថា ចូរ​រក្សា​មនុស្ស​នេះ​ទុក បើ​វា​បាត់​ទៅ​ដោយ​ហេតុ​ណា នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ឬ​ត្រូវ​ឲ្យ​ឯង​សង​អញ​ជា​ប្រាក់​១​ហាប ៤០តែ​កាល​ទូលបង្គំ​កំពុង​តែ​រវល់​នេះ​ផង​នោះ​ផង អ្នក​នោះ​ក៏​បាត់​ទៅ ឯ​ស្តេច​អ៊ីស្រាអែល មាន​បន្ទូល​តប​ថា ទោស​ឯង​ត្រូវ​ដូច្នោះ​ហើយ គឺ​ខ្លួន​ឯង​បាន​កាត់​សេចក្ដី​នោះ​ស្រាប់ ៤១គាត់​ក៏​ប្រញាប់​នឹង​បក​សំពត់​ពី​ភ្នែក​ចេញ រួច​ស្តេច​អ៊ីស្រាអែល​ទ្រង់​ស្គាល់​ថា ជា​ពួក​ហោរា ៤២គាត់​ក៏​ទូល​ដល់​ស្តេច​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ ថា ដោយ​ព្រោះ​ឯង​បាន​លែង​មនុស្ស ឲ្យ​រួច​ពី​ដៃ​ឯង ដែល​អញ​បាន​កាត់​ទោស​ថា ត្រូវ​វិនាស នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ហើយ​រាស្ត្រ​ឯង​ជំនួស​រាស្ត្រ​វា ៤៣ដូច្នេះ ស្តេច​អ៊ីស្រាអែល​ក៏​យាង​ត្រឡប់​ទៅ​ឯ​ដំណាក់​នៅ​ក្រុង​សាម៉ារី​វិញ ដោយ​អន់‌អាក់​ថ្នាំង‌ថ្នាក់​ព្រះ‌ទ័យ។