ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ២០:១-១២

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​៤ ខែកញ្ញា ឆ្នាំ២០២៤
គ្រា​នោះ បេន-ហា‌ដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រជុំ​ពួក​ពល‌ទ័ព​របស់​ទ្រង់​មក មាន​ស្តេច​រង​៣២​អង្គ​នៅ​ជា​មួយ​នឹង​ទ្រង់ ព្រម​ទាំង​សេះ នឹង​រទេះ​ចំបាំង​ផង ទ្រង់​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី ក៏​ចាត់​រាជ‌ទូត​ទៅ​ក្នុង​ទី​ក្រុង ទូល​ដល់​អ័ហាប់ ជា​ស្តេច​អ៊ីស្រាអែល​ថា បេន-ហា‌ដាឌ់​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មាស​ប្រាក់​របស់​ឯង​ជា​របស់​ផង​អញ​វិញ ហើយ​ប្រពន្ធ​កូន​ទាំង​ប៉ុន្មាន​របស់​ឯង ដែល​មាន​រូប​ល្អ​បំផុត នោះ​សុទ្ធ​តែ​របស់​ផង​អញ​ដែរ ស្តេច​អ៊ីស្រាអែល​ក៏​តប​ទៅ​ថា បពិត្រ​ស្តេច​ជា​ម្ចាស់​អើយ តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​ខ្លួន​ទូលបង្គំ ព្រម​ទាំង​សព្វ​សារពើ​ដែល​ទូលបង្គំ​មាន ក៏​ជា​របស់​ផង​ទ្រង់​ដែរ រួច​ពួក​រាជ‌ទូត​ក៏​មក​ម្តង​ទៀត ទូល​ថា បេន-ហា‌ដាឌ់​ទ្រង់​មាន​បន្ទូល​ម្តង​ហើយ​ថា អញ​បាន​ចាត់​ទូត​ឲ្យ​មកឯ​ឯង​ប្រាប់​ថា ត្រូវ​ឲ្យ​ឯង​ប្រគល់​មាស ប្រាក់ នឹង​ប្រពន្ធ​កូន​ឯង​មក​អញ តែ​ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​នេះ នោះ​អញ​នឹង​ចាត់​ពួក​អញ​ឲ្យ​មក​ឯ​ឯង គេ​នឹង​ឆែក​មើល​ក្នុង​ដំណាក់​ឯង ហើយ​ក្នុង​ផ្ទះ​ពួក​បំរើ​ឯង ឯ​របស់​ណា​ដែល​ជា​ទី​គាប់​ភ្នែក​ឯង នោះ​គេ​នឹង​ចាប់​កាន់​នៅ​ដៃ​យក​ទៅ។ ដូច្នេះ ស្តេច​អ៊ីស្រាអែល​ក៏​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ស្រុក​មក មាន​បន្ទូល​ថា សូម​អ្នក​រាល់​គ្នា​ពិចារណា​មើល ដែល​មនុស្ស​នេះ​រក​រឿង​ហេតុ​នឹង​យើង​ជា​យ៉ាង​ណា ដ្បិត​វា​បាន​ចាត់​ទូត ឲ្យ​មក​ទារ​យក​ប្រពន្ធ​កូន នឹង​មាស​ប្រាក់​របស់​យើង​ទៅ យើង​ក៏​ឥត​មាន​ប្រកែក​ឡើយ នោះ​ពួក​ចាស់‌ទុំនឹង​ប្រជា‌ជន​ទាំង‌ឡាយ​ទូល​ឆ្លើយ​ឡើង​ថា សូម​ទ្រង់​កុំ​ស្តាប់ ឬ​ព្រម​តាម​គេ​ឡើយ ហេតុ​ដូច្នេះទ្រង់​ឆ្លើយ​ប្រាប់​ទៅ​ពួក​រាជ‌ទូត​របស់​បេន-ហា‌ដាឌ់​ថា ចូរ​ទៅ​ទូល​ស្តេច​ជា​ម្ចាស់​យើង​ថា គ្រប់​ទាំង​សេចក្ដី ដែល​ទ្រង់​បាន​ចាត់​មក​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើ​ជាន់​មុន នោះ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ហើយ តែ​សេចក្ដី​ក្រោយ​នេះ​ខ្ញុំ​មិន​អាច​នឹង​ធ្វើ​បាន​ទេ ពួក​រាជ‌ទូត​ក៏​នាំ​ពាក្យ​នោះ​ទៅ​ទូល​ដល់​បេន-ហា‌ដាឌ់​វិញ ១០ដូច្នេះ ទ្រង់​ចាត់​គេ​ឲ្យ​មក​ទូល​ថា បើ​មាន​ធូលី​ក្នុង​ក្រុង​សាម៉ារី​ល្មម​១​កំបង់​ដៃ ដល់​ពួក​អ្នក​ដែល​តាម​អញ​មក​គ្រប់​គ្នា នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​អញ​យ៉ាង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង ១១រួច​ស្តេច​អ៊ីស្រាអែល​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​ប្រាប់​បេន-ហាឌាឌ់​វិញ​ថា កុំ​បី​ឲ្យ​អ្នក​ដែល​កំពុង​តែ​ពាក់​គ្រឿង​ក្រោះ​អួត​អាង​ខ្លួន ដូច​ជា​អ្នក​ដែល​ដោះ​គ្រឿង​ចេញ​នោះ​ឡើយ ១២បេន-ហាឌាឌ់​បាន​ឮ​ពាក្យ​នោះ ក្នុង​វេលា​កំពុង​ដែល​សោយ​ស្រា​នៅ​ក្នុង​ពន្លា ជា​មួយ​នឹង​ពួក​ស្តេច​រង នោះ​ទ្រង់​ប្រាប់​ដល់​ពួក​ពល‌ទ័ព​ទ្រង់​ថា ចូរ​រៀបចំ​ឡើង គេ​ក៏​ដំរៀប​គ្នា​រៀប​ច្បាំង​នឹង​ទី​ក្រុង។