ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៤
១១ទ្រង់មានបន្ទូលទៅថា ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ នោះមើល ព្រះយេហូវ៉ាទ្រង់យាងទៅតាមទីនោះ ហើយកើតមានខ្យល់ព្យុះគំហុកជាខ្លាំង បក់មកប៉ះបំបាក់ភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក ក៏មានកក្រើកដី តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងការកក្រើកដីនោះទេ ១២បន្ទាប់ពីការកក្រើកដីនោះមក នោះមានភ្លើងឆេះ តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងភ្លើងនោះទេ ក្រោយពីភ្លើងនោះមក មានឮសំឡេងតូចរហៀងៗ ១៣កាលអេលីយ៉ាបានឮហើយ នោះលោកក៏យកក្រមាគ្រលុំមុខ ចេញមកឈរនៅមាត់រអាង នោះមានឮសំឡេងមកដល់លោកថា អេលីយ៉ាអើយ តើឯងធ្វើអ្វីនៅទីនេះ ១៤លោកទូលឆ្លើយថា ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែល គេបានបោះបង់ចោលសេចក្ដីសញ្ញាទ្រង់ គេបានរំលំអស់ទាំងអាសនាទ្រង់ ហើយបានសំឡាប់ពួកហោរាទ្រង់ ដោយដាវផង នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេស្វែងរកជីវិតទូលបង្គំថែមទៀត។
១៥ព្រះយេហូវ៉ាទ្រង់មានបន្ទូលទៅលោកថា ចូរឯងត្រឡប់ទៅតាមផ្លូវ ដែលកាត់ទីរហោស្ថាន ទៅឯក្រុងដាម៉ាសទៅ កាលណាបានដល់ហើយ នោះចូរចាក់ប្រេងតាំងហាសែលឡើង ឲ្យធ្វើជាស្តេចស្រុកស៊ីរីចុះ ១៦ហើយត្រូវចាក់ប្រេង តាំងយេហ៊ូវ ជាកូននីមស៊ីឡើង ឲ្យធ្វើជាស្តេច សោយរាជ្យលើស្រុកអ៊ីស្រាអែលដែរ ឯអេលីសេ ជាកូនសាផាត ដែលនៅអេបិល-មហូឡា នោះត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរាជំនួសឯង ១៧ដូច្នេះ អ្នកណាដែលរួចពីដាវរបស់ហាសែល នោះយេហ៊ូវនឹងសំឡាប់គេវិញ ហើយអ្នកណាដែលរួចពីដាវរបស់យេហ៊ូវ នោះអេលីសេនឹងសំឡាប់បង់ ១៨ប៉ុន្តែ អញនឹងទុកឲ្យមានមនុស្ស៧ពាន់នាក់សល់នៅ ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាប នៅចំពោះព្រះបាល ឬថើបវាឡើយ។
១៩ដូច្នេះ លោកក៏ចេញពីទីនោះ ទៅរកអេលីសេ ជាកូនសាផាត ឃើញកំពុងតែភ្ជួរ មានគោ១២នឹមភ្ជួរនៅខាងមុខគាត់ គឺគាត់ដែលភ្ជួរដោយនឹមក្រោយបង្អស់ នៅខណនោះ អេលីយ៉ាក៏ដើរដំរង់ទៅឯគាត់ ហើយបោះក្រមាខ្លួនទៅលើ ២០គាត់ក៏លះបង់គោចោល រត់ទៅតាមអេលីយ៉ា ដោយពាក្យថា សូមអនុញ្ញាតឲ្យខ្ញុំទៅថើបលាឪពុកម្តាយខ្ញុំសិន នោះខ្ញុំនឹងមកតាមលោក តែអេលីយ៉ាឆ្លើយតបថា ចូរទៅវិញទៅ តើអញបានធ្វើអ្វីដល់ឯង ២១ដូច្នេះ គាត់ក៏ត្រឡប់ទៅវិញ យកគោ១នឹមសំឡាប់ទៅ ហើយស្ងោរដោយគ្រឿងប្រដាប់ទឹមគោ រួចចែកគ្នាបរិភោគទៅ រួចហើយគាត់ក្រោកឡើងទៅតាមអេលីយ៉ា ដើម្បីបំរើលោក។