ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០២៤
៣០បន្ទាប់នោះ អេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា សូមចូលមកជិតខ្ញុំវិញ ជនទាំងឡាយក៏អែបចូលមកជិតលោក រួចលោកជួសជុលអាសនានៃព្រះយេហូវ៉ាដែលបានរំលំហើយ ៣១អេលីយ៉ាលោកយកថ្ម១២តាមចំនួនពូជអំបូរពួកកូនចៅយ៉ាកុប ដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកនោះថា ឈ្មោះឯងត្រូវហៅថាអ៊ីស្រាអែលវិញ ៣២លោកក៏យកថ្មទាំងនោះ ស្អាងអាសនា១ថ្វាយព្រះនាមព្រះយេហូវ៉ា ក៏ជីកប្រឡាយព័ទ្ធជុំវិញ មានទំហំល្មមដាក់ពូជស្រូវ២រង្វាល់ ៣៣រួចលោកដាក់ឱសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា ចូរដងទឹកពេញ៤ក្អម យកមកចាក់លើដង្វាយនឹងឧសនេះ ៣៤រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត នោះគេក៏ចាក់ម្តងទៀត រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត គេក៏ចាក់ជាគំរប់៣ដង ៣៥ទឹកនោះបានហូរព័ទ្ធជុំវិញអាសនា គេក៏ចាក់ទឹករហូតដល់ពេញប្រឡាយដែរ ៣៦លុះដល់ពេលថ្វាយដង្វាយល្ងាច នោះហោរាអេលីយ៉ាក៏ចូលមកជិតទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក ហើយនៃអ៊ីស្រាអែលអើយ សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ទ្រង់ជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបំរើទ្រង់ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលទ្រង់ផង ៣៧សូមស្តាប់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជននេះបានដឹងថា គឺទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលជាព្រះ ហើយថា គឺទ្រង់ដែលនាំចិត្តគេត្រឡប់មកវិញ ៣៨ខណនោះ ភ្លើងនៃព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះដង្វាយ ព្រមទាំងឧស ថ្ម នឹងធូលីដី ហើយក៏លិទ្ធទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ ៣៩កាលពួកជនទាំងឡាយបានឃើញ នោះគេក៏ក្រាបផ្កាប់មុខពោលថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ព្រះយេហូវ៉ាទ្រង់ជាព្រះពិតហើយ ៤០រួចអេលីយ៉ាប្រាប់គេថា ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ គេក៏ចាប់ ហើយអេលីយ៉ាលោកនាំចុះទៅឯជ្រោះគីសុនសំឡាប់ចោលទាំងអស់នៅទីនោះទៅ។
៤១រួចមកអេលីយ៉ាទូលដល់អ័ហាប់ថា សូមស្តេចឡើងទៅសោយព្រះស្ងោយចុះ ដ្បិតមានសូរសន្ធឹកភ្លៀងជាធំមកហើយ ៤២ដូច្នេះ អ័ហាប់ក៏ឡើងទៅសោយ ឯអេលីយ៉ា លោកឡើងទៅលើកំពូលភ្នំកើមែលវិញ ក៏ក្រាបខ្លួនចុះដល់ដី ដាក់មុខនៅកណ្តាលក្បាលជង្គង់ ៤៣រួចប្រាប់អ្នកបំរើថា ចូរឡើងទៅមើលខាងសមុទ្រឥឡូវ អ្នកបំរើក៏ឡើងទៅមើល រួចជំរាបថា គ្មានអ្វីឡើយ លោកប្រាប់ថា ចូរទៅឲ្យអស់វារៈ៧ដងទៀត ៤៤លុះដល់គំរប់៧ដង នោះក៏ជំរាបថា ឃើញមានពពកតូចប៉ុនបាតដៃមនុស្សឡើងពីសមុទ្រមក នោះលោកបង្គាប់ថា ចូរឡើងទៅទូលអ័ហាប់ថា សូមទឹមរទេះ ហើយចុះទៅចុះ ដើម្បីកុំឲ្យអាក់ដំណើរដោយសារភ្លៀង ៤៥បន្ទាប់នោះបន្តិចមក មេឃត្រឡប់ជាខ្មៅ ដោយពពកនឹងខ្យល់ ក៏ធ្លាក់ភ្លៀងជាខ្លាំង ឯអ័ហាប់ទ្រង់ជិះរទេះទៅឯយេសរាល ៤៦ហើយព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើអេលីយ៉ា លោកក៏ក្រវាត់ចង្កេះ រត់ទៅខាងមុខអ័ហាប់ទៅ រហូតដល់មាត់ទ្វារក្រុងយេសរាល។