ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤
១៦ដូច្នេះ អូបាឌាក៏ទៅជួបនឹងអ័ហាប់ ទូលឲ្យទ្រង់ជ្រាប រួចអ័ហាប់ទ្រង់យាងទៅជួបនឹងអេលីយ៉ា ១៧កាលអ័ហាប់ឃើញអេលីយ៉ាហើយ នោះទ្រង់មានបន្ទូលសួរថា ឱអ្នកដែលធ្វើឲ្យមានសេចក្ដីវេទនា ដល់ពួកអ៊ីស្រាអែលអើយ តើឯងឬអី ១៨តែលោកឆ្លើយថា ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្ដីវេទនាទេ គឺទ្រង់ នឹងវង្សានុវង្សនៃព្រះបិតាទ្រង់វិញទេតើ ពីព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាលវិញ ១៩ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំង៤៥០នាក់ នឹងពួកហោរានៃរូបព្រះទាំង៤០០នាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង។
២០អ័ហាប់ក៏ចាត់គេ ឲ្យទៅឯពួកកូនចៅអ៊ីស្រាអែលទាំងអស់ បានប្រមូលទាំងពួកហោរាមកឯភ្នំកើមែលដែរ ២១រួចអេលីយ៉ាក៏ចូលទៅជិតពួកជនសួរថា តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្តាលផ្លូវទាំង២នេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ តែពួកបណ្តាជនមិនបានឆ្លើយ សូម្បី១ម៉ាត់ឡើយ ២២នោះអេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា ក្នុងពួកហោរានៃព្រះយេហូវ៉ា នោះសល់នៅតែខ្ញុំម្នាក់ឯងទេ ឯហោរារបស់ព្រះបាលវិញ មានចំនួន៤៥០នាក់ ២៣ដូច្នេះ សូមយកគោឈ្មោល២មកឲ្យយើង ឲ្យគេរើសយក១សំរាប់ពួកគេ ហើយកាប់ជាដុំៗដាក់លើឧសទៅ តែកុំឲ្យដាក់ភ្លើងឡើយ រួចខ្ញុំនឹងរៀបគោ១ទៀតដាក់លើឧស ឥតដាក់ភ្លើងដែរ ២៤ហើយចូរឲ្យអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ ពួកបណ្តាជនទាំងឡាយក៏ឆ្លើយឡើងថា ស្រួលហើយ។
២៥ដូច្នេះ អេលីយ៉ាក៏ប្រាប់ដល់ពួកហោរារបស់ព្រះបាលថា ចូររើសគោ១សំរាប់អ្នករាល់គ្នាចុះ ហើយរៀបដាក់ជាមុនទៅ ដ្បិតខាងអ្នករាល់គ្នាមានគ្នាច្រើន រួចចូរអំពាវនាវដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នាចុះ តែកុំឲ្យដាក់ភ្លើងឡើយ ២៦គេក៏ទទួលយកគោ១ ដែលបានឲ្យដល់គេ រួចគេរៀបចំ ហើយអំពាវនាវដល់ព្រះនាមនៃព្រះបាល ចាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ថា ឱព្រះបាលអើយ សូមឆ្លើយមកយើងខ្ញុំរាល់គ្នាផង ប៉ុន្តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយមកសោះ គេក៏លោតព័ទ្ធជុំវិញអាសនា ដែលគេបានធ្វើនោះ ២៧គ្រាដល់ពេលថ្ងៃត្រង់ហើយ នោះអេលីយ៉ាពោលចំអកថា ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិត ឬបានថយចេញ១ភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង ២៨គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទំលាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ ២៩លុះកាលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយដង្វាយល្ងាច តែគ្មានឮសំឡេង ឬចំឡើយណាឆ្លើយមកសោះ ក៏គ្មានអ្នកណាស្តាប់ផង។