ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ១៨:១-១៥

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃព្រហស្បតិ្ត ទី​២៩ ខែសីហា ឆ្នាំ២០២៤
កាល​កន្លង​មក​ជា​យូរ​ហើយ គឺ​ដល់​ឆ្នាំ​ទី​៣ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​អេលីយ៉ា​ថា ចូរ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​អ័ហាប់​ឃើញ នោះ​អញ​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​លើ​ផែនដី ដូច្នេះ អេលីយ៉ា​ក៏​ទៅ ដើម្បី​បង្ហាញ​ខ្លួន​ដល់​អ័ហាប់ រីឯ​នៅ​ស្រុក​សាម៉ារី មាន​អំណត់​អត់​ជា​ខ្លាំង​ណាស់ ចំណែក​អ័ហាប់​ទ្រង់​ហៅ​អូបាឌា ជា​ឧកញ៉ា​វាំង​មក (រីឯ​អូបាឌា​នេះ លោក​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ណាស់ ដ្បិត​កាល​យេសិ‌បិល​បាន​សំឡាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​លោក​ក៏​នាំ​យក​ពួក​ហោរា​នោះ​១០០​នាក់ ទៅ​បំពួន​នៅ​ក្នុង​រអាង ក្នុង​១​ពួក​៥០​នាក់ ហើយ​បាន​ចិញ្ចឹម ដោយ​នំបុ័ង នឹង​ទឹក) អ័ហាប់​មាន​បន្ទូល​ទៅ​អូបាឌា​ថា ចូរ​ឯង​ទៅ​ឯ​អស់​ទាំង​រន្ធ​ទឹក នឹង​ជ្រោះ​ទឹក​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក ប្រហែល​ជា​យើង​នឹង​រក​បាន​ស្មៅ​ល្មម​នឹង​ចិញ្ចឹម​សេះ ហើយ​នឹង​លា‌កាត់​ឲ្យ​រស់​នៅ​បាន ដើម្បី​កុំ​ឲ្យ​ហ្វូង​សត្វ​ស្លាប់​ទៅ​ទាំង​អស់​ឡើយ ដូច្នេះ គេ​ក៏​ចែក​ស្រុក​គ្នា ដើម្បី​នឹង​ដើរ​ទៅ​មក គឺ​អ័ហាប់​បាន​ដើរ​ផ្លូវ​១​តែ​ឯង​ទៅ ហើយ​អូបាឌា​ក៏​ទៅ​តាម​ផ្លូវ​១​ទៀត​តែ​ឯង​ដែរ។ កាល​អូបាឌា​កំពុង​តែ​ដើរ​ទៅ នោះ​អេលីយ៉ា​មក​ប្រទះ ហើយ​លោក​ក៏​ស្គាល់​អេលីយ៉ា រួច​ក្រាប​ផ្កាប់​មុខ​ចុះ​សួរ​ថា នេះ​គឺ​លោក​អេលីយ៉ា ជា​ម្ចាស់​ខ្ញុំ​ឬ​អី លោក​ឆ្លើយ​តប​ថា គឺ​ខ្ញុំ​នេះ​ហើយ សូម​ទៅ​ទូល​ចៅហ្វាយ​អ្នក​ថា មើល អេលីយ៉ា​មក​ហើយ តែ​អូបាឌា​ប្រកែក​ថា តើ​ខ្ញុំ​បាន​ធ្វើ​បាប​អ្វី បាន​ជា​លោក​ចង់​ប្រគល់​ខ្ញុំ​ប្របាទ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ័ហាប់ ឲ្យ​សំឡាប់​ខ្ញុំ​ដូច្នេះ ១០ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា គ្មាន​សាសន៍​ណា ឬ​នគរ​ណា​មួយ ដែល​ចៅហ្វាយ​ខ្ញុំ​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​នោះ​ឡើយ ហើយ​កាល​ណា​គេ​ថា លោក​មិន​នៅ​ទី​នេះ​ទេ នោះ​ទ្រង់​ក៏​ឲ្យ​ពួក​សាសន៍​នោះ ឬ​នគរ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន ១១ឥឡូវ​នេះលោក​មាន​ប្រសាសន៍​ថា សូម​ទៅ​ទូល​ចៅហ្វាយ​របស់​អ្នក​ថា មើល អេលីយ៉ា​មក​ហើយ ១២រួច​កាល​ណា​ខ្ញុំ​ចេញ​ពី​លោក​ទៅ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​យក​លោក​ទៅ​កន្លែង​ណា​ក៏​មិន​ដឹង ដូច្នេះ កាល​ខ្ញុំ​ទៅ​ទូល​ដល់​អ័ហាប់ ហើយ​ទ្រង់​រក​លោក​មិន​ឃើញ នោះ​ទ្រង់​នឹង​សំឡាប់​ខ្ញុំ​ចោល ប៉ុន្តែខ្ញុំ​ប្របាទ​នេះ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តាំង​តែ​ពី​ក្មេង​មក ១៣តើ​គេ​មិន​បាន​ជំរាប​ដល់​លោក ជា​ម្ចាស់​ខ្ញុំ​ទេ​ឬ​អី ពី​ការ​ដែល​ខ្ញុំ​បាន​ធ្វើ ក្នុង​កាល​ដែល​យេសិ‌បិល​សំឡាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ថា​ខ្ញុំ​បាន​បំពួន​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ចំនួន​១០០​នាក់​នៅ​ក្នុង​រអាង​ភ្នំ ក្នុង​១​ពួកៗ​៥០​នាក់ ព្រម​ទាំង​ចិញ្ចឹម​គេ ដោយ​នំបុ័ង​ហើយ​ទឹក​ផង ១៤ឥឡូវ​នេះ លោក​មាន​ប្រសាសន៍​ឲ្យ​ខ្ញុំ​ទៅ​ទូល​ចៅហ្វាយ​ថា មើល​អេលីយ៉ា​មក​ហើយ ដូច្នេះ ទ្រង់​នឹង​សំឡាប់​ខ្ញុំ​ជា​មិន​ខាន ១៥តែ​អេលីយ៉ា​តប​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ដែរ ថា នៅ​ថ្ងៃ​នេះខ្ញុំ​នឹង​បង្ហាញ​ខ្លួន ឲ្យ​ស្តេច​ឃើញ​ជា​ពិត​ប្រាកដ។