ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ១៧:១៧-២៤

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃពុធ ទី​២៨ ខែសីហា ឆ្នាំ២០២៤
១៧ក្រោយ​នោះ​មក មាន​កាល​១​ថ្ងៃ កូន​របស់​នាង​ម្ចាស់​ផ្ទះ​នោះ​ចាប់​ជំងឺ​ឈឺ ជំងឺ​នោះ​មាន​ទំងន់​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​ដង្ហើម​ក្នុង​ខ្លួន​ទៀត​ឡើយ ១៨ដូច្នេះ នាង​និយាយ​ទៅ​អេលីយ៉ា​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ តើ​ខ្ញុំនឹង​លោក​មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯ​ណេះ ដើម្បី​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សំឡាប់​កូន​ខ្ញុំ​ឬ ១៩តែ​លោក​ឆ្លើយ​តប​ថា សូម​ឲ្យ​កូន​អ្នក​មក​ខ្ញុំ​ចុះ រួច​លោក​ក៏​ទទួល​កូន​ពី​ទ្រូង​នាង បី​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​លោក​អាស្រ័យ​នៅ ហើយ​ផ្តេក​នៅ​លើ​ដំណេក​របស់​លោក ២០រួច​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​បាន​នាំ​សេចក្ដី​អាក្រក់​មក​លើ​ស្រី​មេម៉ាយ​នេះ ដែល​ទូលបង្គំ​អាស្រ័យ​នៅ​ជា​មួយ ដោយ​សំឡាប់​កូន​នាង​ដែរ​ឬ ២១លោក​ក៏​ទ្រោប​លើ​កូន​នោះ​៣​ដង ទាំង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ឲ្យ​ព្រលឹង​របស់​កូន​នេះ​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា​វិញ​ចុះ ២២ព្រះ‌យេហូវ៉ា​ទ្រង់​ស្តាប់​តាម​អេលីយ៉ា ហើយ​ព្រលឹង​របស់​កូន​នោះ ក៏​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា ឲ្យ​រស់​ឡើង​វិញ ២៣នោះ​អេលីយ៉ា​ក៏​បី​កូន​នោះ​ចុះ​ពី​បន្ទប់​មក ចូល​ទៅ​ក្នុង​ផ្ទះ​ប្រគល់​ដល់​ម្តាយ​វិញ ដោយ​ពាក្យ​ថា មើល កូន​អ្នក​មាន​ជីវិត​រស់ ២៤នាង​និយាយ​ឡើង​ថា ឥឡូវ​នេះខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត ហើយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​នៅ​មាត់​លោក នោះ​ជា​សេចក្តី​ពិត​មែន។