ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤
២៩លុះដល់ឆ្នាំទី៣៨ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអ័ហាប់ ជាបុត្រអំរី ចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារីបាន២២ឆ្នាំ ៣០អ័ហាប់ ជាបុត្រអំរី ទ្រង់ប្រព្រឹត្តលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត ៣១ទ្រង់ក៏យកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូន ធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលផង ទុកដូចជាការ ដែលទ្រង់ប្រព្រឹត្ត តាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតនោះ ជាការយ៉ាងស្រាលវិញ ៣២ទ្រង់ក៏ស្អាងអាសនាមួយ ថ្វាយព្រះបាល នៅក្នុងវិហារព្រះបាលដែលទ្រង់បានស្អាងនៅក្រុងសាម៉ារី ៣៣អ័ហាប់ទ្រង់ធ្វើរូបព្រះ ហើយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងស្តេចដែលនៅមុនទ្រង់ទៅទៀត ជាការដែលបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែលមានសេចក្ដីក្រោធ ៣៤នៅក្នុងរាជ្យទ្រង់ នោះហ៊ីអែល ជាអ្នកក្រុងបេត-អែល ក៏សង់ក្រុងយេរីខូរឡើងវិញ កាលគាត់ដាក់ជើងកំផែងចុះ នោះអ័ប៊ីរ៉ាម ជាកូនច្បងក៏ស្លាប់ទៅ ហើយកាលរៀបចំទ្វារក្រុងឡើង នោះសេគូបជាកូនពៅក៏ស្លាប់ទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារយ៉ូស្វេជាកូននុន។