ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤
១នៅគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេហ៊ូវ ជាកូនហាណានីទាស់នឹងប្អាសាថា ២ដោយព្រោះអញបានលើកឯងពីធូលីដីឡើង តាំងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលជារាស្ត្រអញ តែឯងបានដើរតាមផ្លូវរបស់យេរ៉ូបោមវិញ ព្រមទាំងបណ្តាលឲ្យអ៊ីស្រាអែល ជារាស្ត្រអញធ្វើបាបដែរ ជាការដែលនាំឲ្យអញខឹង ដោយសារអំពើបាបរបស់គេ ៣នេះនែ អញនឹងបោសឯង នឹងពូជពង្សឯងចេញអស់រលីង ឲ្យបានដូចជាពូជពង្សរបស់យេរ៉ូបោម ជាកូននេបាតដែរ ៤អ្នកណាក្នុងវង្សប្អាសា ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ី ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីទៅ។
៥រីឯដំណើរឯទៀតពីប្អាសា ហើយការដែលទ្រង់ធ្វើ នឹងពីអំណាចទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ ៦ប្អាសាក៏ផ្ទំលក់ ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្រុងធើសា រួចអេឡា ជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា ៧ឯព្រះបន្ទូលនៃព្រះយេហូវ៉ា នោះបានសំដែងមក ទាស់នឹងប្អាសា ហើយនឹងព្រះរាជវង្សទ្រង់ ដោយសារហោរាយេហ៊ូវ ជាកូនហាណានី គឺដោយព្រោះការដ៏លាមកអាក្រក់ទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តនៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្តាលឲ្យទ្រង់ក្រោធដោយសារអំពើដែលបានធ្វើ ដោយប្រព្រឹត្តដូចជាព្រះវង្សាយេរ៉ូបោមនោះ ហើយដោយព្រោះទ្រង់បានប្រហារជីវិតគេថែមទៀត។
៨លុះដល់ឆ្នាំទី២៦ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡា ជាកូនប្អាសា ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងធើសា ក៏សោយរាជ្យបាន២ឆ្នាំ ៩រួចស៊ីមរី ជាមេទ័ពរបស់ទ្រង់ ដែលត្រួតលើរទេះចំបាំងទ្រង់ពាក់កណ្តាល លោកបានក្បត់ទ្រង់ រីឯកាលទ្រង់គង់នៅក្រុងធើសា កំពុងតែសោយស្រាស្រវឹង ក្នុងផ្ទះរបស់អើសា ជាឧកញ៉ាវាំងនៅក្រុងធើសា ១០នោះស៊ីមរីក៏ចូលទៅធ្វើគុតទ្រង់ ក្នុងឆ្នាំទី២៧នៃរាជ្យអេសា ជាស្តេចយូដា រួចសោយរាជ្យឡើងជំនួសទ្រង់ ១១លុះបានគង់លើបល្ល័ង្កសោយរាជ្យឡើងហើយ នោះក៏ប្រហារជីវិតនៃវង្សានុវង្សរបស់ប្អាសាទាំងអស់ទៅ ឥតទុកពួកប្រុសៗណាមួយខាងប្អាសា ទោះទាំងវង្សា ឬជាមិត្រសំឡាញ់របស់ទ្រង់ ឲ្យនៅសល់ឡើយ ១២គឺយ៉ាងនោះដែលស៊ីមរីបានរំលាយពួកវង្សរបស់ប្អាសាទាំងអស់ទៅ តាមសេចក្ដីដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលទាស់នឹងប្អាសា ដោយសារហោរាយេហ៊ូវ ១៣ដោយព្រោះអំពើបាបរបស់ប្អាសា នឹងអំពើបាបរបស់អេឡា ជាបុត្រទ្រង់ ដែលទ្រង់បានប្រព្រឹត្ត ព្រមទាំងបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ ជាការដែលនាំឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល មានសេចក្ដីក្រោធដោយសាររបស់ជាអសារឥតការរបស់គេ ១៤រីឯដំណើរឯទៀតពីអេឡា នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ។