ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤
១នៅគ្រានោះ អ័ប៊ីយ៉ា ជាបុត្រយេរ៉ូបោម ទ្រង់ចាប់ប្រឈួន ២ហើយយេរ៉ូបោមមានបន្ទូលនឹងភរិយាថា ចូរឲ្យឯងក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ឯងថាជាប្រពន្ធអញឡើយ រួចទៅឯក្រុងស៊ីឡូរទៅ នៅទីនោះមានហោរាអ័ហ៊ីយ៉ា ដែលបានទាយពីដំណើរដែលអញនឹងសោយរាជ្យលើបណ្តាជននេះ ៣ចូរនាំយកនំបុ័ង១០ដុំ នឹងនំផ្អែមខ្លះ ហើយពួច១ពេញដោយទឹកឃ្មុំ ទៅឯលោក លោកនឹងប្រាប់ឯង ឲ្យដឹងជាកូននេះនឹងទៅជាយ៉ាងណា ៤ភរិយារបស់យេរ៉ូបោមក៏ធ្វើដូច្នោះ នាងក្រោកឡើងទៅឯផ្ទះអ័ហ៊ីយ៉ា នៅក្រុងស៊ីឡូរ រីឯអ័ហ៊ីយ៉ា លោកមើលមិនឃើញទេ ពីព្រោះភ្នែកងងឹតដោយចាស់ណាស់ហើយ ៥តែព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់អ័ហ៊ីយ៉ាថា មើល ភរិយារបស់យេរ៉ូបោមមកសួរឯង ពីដំណើរកូនដែលឈឺ ត្រូវឲ្យឯងប្រាប់នាងដូច្នេះមួយៗ ដ្បិតកាលណានាងចូលមក នោះនាងនឹងធ្វើភាពជាស្ត្រីផ្សេងទៀត។
៦ដូច្នេះ កាលអ័ហ៊ីយ៉ា បានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា ភរិយារបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ ព្រះនាងធ្វើភាពជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង ៧សូមទៅទូលយេរ៉ូបោមថា ព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអញបានលើកឯង ពីកណ្តាលពួកប្រជាជន តាំងឡើងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែល ជារាស្ត្រអញ ៨ព្រមទាំងកន្ត្រាក់យករាជ្យពីព្រះវង្សាដាវីឌមកឲ្យឯងវិញ តែឯងមិនបានដូចដាវីឌ ជាអ្នកបំរើអញ ដែលបានកាន់តាមបញ្ញត្តអញ ហើយដើរតាមអញ ដោយអស់ពីចិត្ត ដើម្បីនឹងប្រព្រឹត្តតែសេចក្ដីដែលទៀងត្រង់ នៅភ្នែកអញទេ ៩គឺឯងបានប្រព្រឹត្តនៅចំពោះអញ ដោយអាក្រក់លើសជាងអស់អ្នកដែលនៅមុនឯងវិញ ព្រមទាំងធ្វើព្រះដទៃ នឹងរូបសិតផង ជាការដែលបណ្តាលឲ្យអញខឹង ហើយឯងបានបោះបង់ចោលអញ ទៅខាងក្រោយខ្នងឯង ១០នោះបានជាអញនឹងនាំសេចក្ដីអាក្រក់ មកលើពូជពង្សយេរ៉ូបោម ហើយនឹងកាត់គ្រប់ទាំងកូនប្រុសៗពីវង្សារបស់យេរ៉ូបោមចេញ ទោះទាំងអ្នកដែលបិទបាំងទុក ឬជាអ្នកឥតមានចំណង ក្នុងពួកអ៊ីស្រាអែលក្តី ហើយអញនឹងបោសពួកវង្សរបស់យេរ៉ូបោមទៅ ដូចជាគេបោសអាចម៍សត្វចោល ទាល់តែអស់រលីង ១១អ្នកណាក្នុងវង្សយេរ៉ូបោម ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ីខ្មោច ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីខ្មោចនោះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលហើយ ១២ដូច្នេះ សូមព្រះនាងក្រោកឡើង យាងទៅឯដំណាក់ទៅ កាលណាព្រះបាទបានឈានចូលទៅក្នុងទីក្រុងហើយ នោះបុត្រនឹងសុគតទៅ ១៣ពួកអ៊ីស្រាអែលទាំងអស់គ្នានឹងកាន់ទុក្ខ ហើយបញ្ចុះសពទ្រង់ ដ្បិតក្នុងវង្សារបស់យេរ៉ូបោម នោះមានតែបុត្រនេះ១ប៉ុណ្ណោះ ដែលនឹងបានបញ្ចុះក្នុងផ្នូរ ពីព្រោះក្នុងវង្សាយេរ៉ូបោមមានតែបុត្រមួយនេះទេ ដែលឃើញមានសេចក្ដីល្អខ្លះចំពោះព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល ១៤មួយទៀត ព្រះយេហូវ៉ាទ្រង់នឹងតាំងឲ្យមានស្តេច១ផ្សេងសោយរាជ្យលើពួកអ៊ីស្រាអែល ជាអ្នកដែលនឹងធ្វើឲ្យវង្សារបស់យេរ៉ូបោមសាបសូន្យទៅក្នុងថ្ងៃនោះ តើកាលណាទៅ គឺឥឡូវនេះហើយ ១៥ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវាយពួកអ៊ីស្រាអែល ដូចជាដើមបបុស ដែលញ័រនៅក្នុងទឹក ហើយទ្រង់នឹងរំលើងពួកអ៊ីស្រាអែល ចេញពីដីល្អនេះដែលទ្រង់បានប្រទានដល់ពួកឰយុកោគេ ក៏នឹងកំចាត់កំចាយគេទៅខាងនាយទន្លេ ដោយព្រោះគេបានធ្វើអស់ទាំងរូបព្រះសំរាប់ខ្លួន ដែលបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ១៦ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបផង ដោយសារការនោះឯង។
១៧ដូច្នេះ ភរិយារបស់យេរ៉ូបោមក៏ក្រោកឡើង យាងចេញទៅឯក្រុងធើសា កាលព្រះនាងបានដល់មាត់ទ្វារដំណាក់ហើយ បុត្រនោះក៏សុគតទៅ ១៨រួចពួកអ៊ីស្រាអែលទាំងអស់គ្នាក៏បញ្ចុះសពទ្រង់ ហើយកាន់ទុក្ខតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូល ដោយសារហោរាអ័ហ៊ីយ៉ា ជាអ្នកបំរើទ្រង់។
១៩រីឯដំណើរឯទៀតពីយេរ៉ូបោម គឺពីទ្រង់ធ្វើចំបាំងយ៉ាងណា ហើយសោយរាជ្យយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចអ៊ីស្រាអែលហើយ ២០យេរ៉ូបោមបានសោយរាជ្យអស់២២ឆ្នាំ រួចក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ ហើយណាដាបព្រះរាជបុត្រាទ្រង់ ក៏សោយរាជ្យឡើងជំនួសបិតា។