ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤
២៥ហើយមើល មានមនុស្សដើរទៅមកតាមនោះ បានឃើញសពដេកនៅកណ្តាលផ្លូវ នឹងសិង្ហឈរនៅជិតដូច្នោះ គេក៏ទៅប្រាប់ដល់ក្នុងទីក្រុង ជាទីលំនៅនៃហោរាចាស់នោះ។
២៦កាលដំណឹងបានឮទៅដល់ហោរា ដែលនាំគាត់ពីផ្លូវមកវិញ គាត់ក៏និយាយថា នេះគឺជាអ្នកសំណប់របស់ព្រះ ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ បានជាព្រះយេហូវ៉ា ទ្រង់បានប្រគល់ទៅឲ្យសត្វសិង្ហហែកសំឡាប់បង់ តាមសេចក្ដីដែលទ្រង់មានបន្ទូលប្រាប់នោះ ២៧រួចគាត់បង្គាប់ទៅកូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងឲ្យ ២៨នោះគាត់ក៏ចេញទៅឃើញសពដេកនៅកណ្តាលផ្លូវ នឹងសត្វលា ហើយសិង្ហកំពុងតែឈរនៅជិត សិង្ហនោះមិនបានស៊ីសពឬហែកលាឡើយ ២៩ដូច្នេះ ហោរាចាស់ក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីនឹងកាន់ទុក្ខ ហើយបញ្ចុះសពនៃអ្នកសំណប់របស់ព្រះ ៣០គាត់ក៏បញ្ចុះនៅក្នុងផ្នូររបស់ខ្លួន ហើយនាំគ្នាកាន់ទុក្ខ ដោយពាក្យថា ស្តាយណាស់ប្អូនអើយ ៣១កាលក្រោយដែលបានបញ្ចុះរួចហើយ នោះគាត់ផ្តាំកូនថា កាលណាអញស្លាប់ទៅ ត្រូវឲ្យបញ្ចុះសពអញនៅក្នុងផ្នូរ ដែលបានបញ្ចុះអ្នកសំណប់របស់ព្រះនេះដែរ ចូរដាក់ឆ្អឹងអញនៅទន្ទឹមគ្នា ៣២ពីព្រោះពាក្យដែលគាត់បានស្រែក ដោយនូវព្រះបន្ទូលនៃព្រះយេហូវ៉ា ទាស់នឹងអាសនានៅក្រុងបេត-អែល ហើយទាស់នឹងអស់ទាំងវិហារនៅទីខ្ពស់ ដែលនៅក្នុងក្រុងស្រុកសាម៉ារីទាំងប៉ុន្មាន នោះនឹងកើតមកជាពិត។
៣៣ក្រោយការនោះមក យេរ៉ូបោមក៏នៅតែមិនព្រមបែរចេញ ពីផ្លូវអាក្រក់របស់ទ្រង់ឡើយ គឺទ្រង់ចេះតែយកមនុស្សពីបណ្តាជនទាំងឡាយ តាំងឡើងឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ទៀត ឯអ្នកណាដែលចង់ធ្វើជាសង្ឃ នោះទ្រង់ក៏ប្រោសតាំង ឲ្យអ្នកនោះធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ទៅ ៣៤ដំណើរនោះក៏ត្រឡប់ជាបាបដល់ព្រះវង្សាយេរ៉ូបោម រហូតដល់ត្រូវកាត់កាល់ ហើយលាញចេញពីផែនដីទៅ។