ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី១៥ ខែសីហា ឆ្នាំ២០២៤
១១រីឯនៅក្រុងបេត-អែល មានហោរាចាស់ម្នាក់ ឯកូនគាត់ម្នាក់ ក៏មកប្រាប់ឪពុក ពីគ្រប់ទាំងការ ដែលអ្នកសំណប់របស់ព្រះបានធ្វើ នៅក្រុងបេត-អែល នាថ្ងៃនោះ ព្រមទាំងពាក្យទាំងប៉ុន្មាន ដែលគាត់បានទូលដល់ស្តេចដែរ ១២ឯផ្លូវដែលអ្នកសំណប់របស់ព្រះ មកពីស្រុកយូដាបានទៅវិញ នោះកូនគាត់ក៏បានឃើញ ដូច្នេះគាត់សួរកូនថា តើអ្នកនោះបានចេញទៅតាមផ្លូវណា ១៣រួចគាត់ប្រាប់កូនថា ចូរចងកែបលាឲ្យអញ កូនក៏ចងកែបលា ហើយគាត់ឡើងជិះទៅ ១៤គាត់ទៅតាមអ្នកសំណប់របស់ព្រះ បានទាន់ឃើញកំពុងអង្គុយនៅក្រោមដើមម៉ៃសាក់ ក៏សួរថា តើអ្នកជាអ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាឬអី អ្នកនោះឆ្លើយថា គឺខ្ញុំនេះហើយ ១៥រួចគាត់និយាយថា សូមអញ្ជើញទៅពិសាអាហារនៅឯផ្ទះជាមួយនឹងខ្ញុំសិន ១៦តែអ្នកនោះឆ្លើយតបថា ខ្ញុំគ្មានច្បាប់នឹងត្រឡប់ទៅជាមួយនឹងអ្នក ឬចូលទៅក្នុងផ្ទះអ្នកឡើយ ក៏មិនព្រមទទួលទានអាហារ ឬទឹក ជាមួយនឹងអ្នកនៅស្រុកនេះដែរ ១៧ពីព្រោះព្រះយេហូវ៉ាទ្រង់បានហាមថា មិនត្រូវឲ្យបរិភោគអាហារ ឬទឹក នៅស្រុកនោះឡើយ ក៏មិនត្រូវវិលទៅវិញ តាមផ្លូវដែលឯងបានចូលមកនោះដែរ ១៨តែគាត់និយាយថា ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយនឹងឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍ គឺគាត់កុហកដល់អ្នកនោះទេ ១៩ដូច្នេះ អ្នកនោះក៏ត្រឡប់ទៅជាមួយ ព្រមទាំងបរិភោគនៅក្នុងផ្ទះគាត់ផង។
២០កាលអ្នកទាំង២កំពុងតែអង្គុយនៅតុ នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ហោរា ដែលបាននាំគាត់ត្រឡប់មកវិញ ២១ហើយអ្នកនោះបន្លឺវាចាឡើងដល់អ្នកសំណប់របស់ព្រះ ដែលមកពីស្រុកយូដាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានហាមប្រាម ២២គឺបានវិលមកវិញ ព្រមទាំងបរិភោគនៅក្នុងស្រុក ដែលអញបានហាមឯងថា កុំឲ្យបរិភោគភោជន៍ឡើយ នោះខ្មោចរបស់ឯង នឹងមិនបានបញ្ចុះក្នុងផ្នូរ នៃពួកឰយុកោឯងឡើយ ២៣ក្រោយដែលបានបរិភោគរួចហើយ នោះគាត់ក៏ចងកែបលាឲ្យហោរាដែលបាននាំមកវិញ បានចេញទៅ ២៤លុះកាលអ្នកនោះបានចេញទៅហើយ ក៏ប្រទះនឹងសិង្ហ១ តាមផ្លូវ សិង្ហក៏សំឡាប់គាត់ទៅ ហើយសពរបស់គាត់ដេកនៅកណ្តាលផ្លូវ សត្វលាឈរនៅជិត ឯសិង្ហក៏ឈរនៅក្បែរសពដែរ