ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤
១២លុះដល់ថ្ងៃទី៣ យេរ៉ូបោម នឹងបណ្តាជនទាំងឡាយ ក៏មូលមកគាល់រេហូបោម ដូចជាស្តេចបានបង្គាប់ដោយបន្ទូលថា ដល់ថ្ងៃទី៣ ចូរឯងរាល់គ្នាមកឯយើងវិញ ១៣នោះស្តេចទ្រង់មានបន្ទូលឆ្លើយដល់គេជាពាក្យគំរោះគំរើយ ឥតតាមគំនិតរបស់ពួកចាស់ៗឡើយ ១៤គឺទ្រង់មានបន្ទូលទៅគេ តាមគំនិតរបស់ពួកមនុស្សស្រករគ្នាវិញថា ព្រះបិតាយើងបានធ្វើឲ្យនឹមឯងរាល់គ្នាមានទំងន់ តែយើងនឹងបន្ថែម ឲ្យនឹមឯងរាល់គ្នា បានធ្ងន់ជាងទៅទៀត ព្រះបិតាបានវាយផ្ចាលឯងរាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលឯងរាល់គ្នាដោយខ្យាដំរីវិញ ១៥ស្តេចទ្រង់មិនព្រមស្តាប់តាមបណ្តាជនទេ ដ្បិតការនេះកើតមកអំពីព្រះយេហូវ៉ា ដើម្បីនឹងសំរេចតាមសេចក្ដី ដែលទ្រង់បានមានបន្ទូលនឹងយេរ៉ូបោម ជាកូននេបាត ដោយសារអ័ហ៊ីយ៉ា ជាពួកក្រុងស៊ីឡូរ។
១៦កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានឃើញថា ស្តេចមិនព្រមស្តាប់តាមគេដូច្នោះ នោះគេទូលឆ្លើយថា តើយើងរាល់គ្នាមានចំណែកអ្វីខាងដាវីឌ យើងក៏គ្មានមរដកជាមួយនឹងកូនចៅអ៊ីសាយដែរ ឱពួកអ៊ីស្រាអែលអើយ ចូរយើងវិលទៅផ្ទះវិញទៅ ឥឡូវនេះដាវីឌ ចូរមើលព្រះវង្សរបស់ខ្លួនឯងចុះ ដូច្នេះ ពួកអ៊ីស្រាអែលក៏ត្រឡប់ទៅឯទីលំនៅគេវិញទៅ ១៧ឯត្រង់ពួកកូនចៅអ៊ីស្រាអែល ដែលនៅក្នុងអស់ទាំងទីក្រុងរបស់ពួកយូដា នោះរេហូបោមបានគ្រងរាជ្យលើគេវិញ ១៨រួចមកស្តេចរេហូបោមទ្រង់ចាត់អ័ដូរ៉ាម ដែលត្រួតលើពួកកំណែនឲ្យទៅ តែពួកអ៊ីស្រាអែលទាំងអស់គ្នាគេចោលលោកនឹងថ្មឲ្យស្លាប់ទៅ ដូច្នេះ ស្តេចរេហូបោមក៏ប្រញាប់ប្រញាល់ នឹងឡើងព្រះរាជរថរត់ទៅឯក្រុងយេរូសាឡិម ១៩គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលបានបះបោរនឹងរាជ្យវង្សរបស់ដាវីឌ ដរាបដល់សព្វថ្ងៃនេះ ២០គ្រានោះ កាលពួកអ៊ីស្រាអែលទាំងអស់គ្នាបានឮថា យេរ៉ូបោមបានត្រឡប់មកវិញហើយ នោះក៏ចាត់គ្នាឲ្យទៅអញ្ចើញលោកមកក្នុងជំនុំគេ រួចគេតាំងលោកឡើងឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលទាំងអស់ គ្មានអ្នកណាបានតាមព្រះរាជវង្សរបស់ដាវីឌឡើយ មានតែពូជអំបូរយូដា១ប៉ុណ្ណោះ។