ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤
២៦ឯយេរ៉ូបោម កូននេបាត ជាពួកអេប្រាអិម ពីស្រុកសេរេដា ជាអ្នកបំរើសាឡូម៉ូន ដែលម្តាយជាស្រីមេម៉ាយឈ្មោះសេរូអា នោះក៏បានលើកដៃឡើងទាស់នឹងស្តេចដែរ ២៧ហើយហេតុដែលលើកដៃទាស់នឹងស្តេច នោះគឺពីព្រោះសាឡូម៉ូនទ្រង់បានសង់ប៉មមីឡូរ ព្រមទាំងជួសជុលទីបាក់បែកនៃកំផែងទីក្រុងរបស់ដាវីឌ ជាព្រះបិតាទ្រង់ ២៨យេរ៉ូបោមនេះ ជាអ្នកក្លាហានស្ទាត់ជំនាញ សាឡូម៉ូនទ្រង់ឃើញថា អ្នកកំឡោះនេះមានចិត្តឧស្សាហ៍ធ្វើការ បានជាទ្រង់តាំងឲ្យត្រួតលើការទាំងអស់ របស់ពូជពង្សយ៉ូសែប ២៩នៅគ្រានោះ មានកាល១ថ្ងៃយេរ៉ូបោមចេញពីក្រុងយេរូសាឡិមទៅ ហើយហោរាអ័ហ៊ីយ៉ាជាពួកក្រុងស៊ីឡូរ ក៏ប្រទះនឹងលោកនៅកណ្តាលផ្លូវ មានតែគ្នា២នាក់នៅកណ្តាលវាលនោះ ៣០ឯអ័ហ៊ីយ៉ា លោកបានពាក់អាវថ្មី ក៏ចាប់អាវថ្មីនោះ ហែកជា១២ផ្នែកទៅ ៣១រួចប្រាប់ដល់យេរ៉ូបោមថា ចូរអ្នកយក១០ផ្នែកទៅ ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានមានបន្ទូលដូច្នេះថា មើល អញនឹងកន្ត្រាក់យករាជ្យពីដៃសាឡូម៉ូន ហើយនឹងឲ្យពូជអំបូរ១០ដល់ឯងវិញ ៣២(តែសាឡូម៉ូននឹងបានពូជអំបូរ១ ដោយអញយល់ដល់ដាវីឌ ជាអ្នកបំរើអញ ហើយយល់ដល់ក្រុងយេរូសាឡិម ដែលអញបានរើសចេញពីអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលផង) ៣៣ពីព្រោះគេបានបោះបង់ចោលអញ ហើយបានក្រាបថ្វាយបង្គំដល់ព្រះអាសថារ៉ូត ជាព្រះនៃសាសន៍ស៊ីដូន នឹងកេម៉ូស ជាព្រះនៃសាសន៍ម៉ូអាប់ ហើយមីលកូម ជាព្រះនៃពួកកូនចៅអាំម៉ូនវិញ គេមិនបានដើរតាមផ្លូវអញ ដើម្បីនឹងប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅភ្នែកអញ ហើយកាន់តាមបញ្ញត្ត នឹងសេចក្ដីយុត្តិធម៌របស់អញ ដូចជាដាវីឌ ជាបិតាទ្រង់ទេ ៣៤ប៉ុន្តែអញមិនយករាជ្យទាំងមូលពីដៃទ្រង់ទេ គឺនឹងឲ្យទ្រង់ធ្វើជាស្តេច រហូតដល់អស់ព្រះជន្ម ដោយព្រោះយល់ដល់ដាវីឌ ជាអ្នកបំរើអញដែលអញបានរើស ជាអ្នកដែលបានកាន់តាមបញ្ញត្ត នឹងក្រិត្យក្រមទាំងប៉ុន្មានរបស់អញ ៣៥អញនឹងយករាជ្យពីដៃរបស់បុត្រទ្រង់វិញ ហើយនឹងឲ្យពូជអំបូរ១០មកឯង ៣៦ឯបុត្ររបស់ទ្រង់ អញនឹងឲ្យពូជអំបូរ១ ដើម្បីឲ្យដាវីឌ ជាអ្នកបំរើអញ បានចង្កៀង១ភ្លឺជាដរាបនៅចំពោះអញ ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលអញបានរើសសំរាប់តាំងឈ្មោះអញ ៣៧អញនឹងយកឯងតាំងឡើង ហើយឯងនឹងគ្រប់គ្រងតាមបំណងចិត្ត ព្រមទាំងសោយរាជ្យលើពួកអ៊ីស្រាអែល ៣៨ដូច្នេះ បើឯងនឹងស្តាប់តាមគ្រប់ទាំងសេចក្ដីដែលអញបង្គាប់ ហើយដើរតាមអស់ទាំងផ្លូវរបស់អញ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅភ្នែកអញ ដោយកាន់តាមបញ្ញត្ត នឹងក្រិត្យក្រមរបស់អញ ដូចជាដាវីឌ ជាអ្នកបំរើអញដែរ នោះអញនឹងនៅជាមួយនឹងឯង ហើយនឹងតាំងជំនួរវង្សឯងឡើងឲ្យខ្ជាប់ខ្ជួន ដូចជាអញបានតាំងឲ្យដាវីឌដែរ អញនឹងប្រគល់ពួកអ៊ីស្រាអែលឲ្យដល់ឯង ៣៩អញនឹងផ្ចាញ់ផ្ចាលវង្សាដាវីឌដោយសារការនោះ តែមិនមែនជាដរាបទេ ៤០ដូច្នេះ សាឡូម៉ូនទ្រង់រកសំឡាប់យេរ៉ូបោម តែយេរ៉ូបោមរត់ទៅឯស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ ក៏នៅស្រុកនោះដរាបដល់សាឡូម៉ូនអស់ព្រះជន្មទៅ។
៤១រីឯដំណើរឯទៀតពីសាឡូម៉ូន នឹងការដែលទ្រង់បានធ្វើទាំងប៉ុន្មាន ហើយប្រាជ្ញារបស់ទ្រង់ នោះសុទ្ធតែកត់ទុក ក្នុងសៀវភៅ ពីកិច្ចការរបស់សាឡូម៉ូនហើយ ៤២សាឡូម៉ូនទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡិមបាន៤០ឆ្នាំ ៤៣ទ្រង់ក៏ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះសពនៅក្នុងក្រុងរបស់ដាវីឌ ជាបិតាទ្រង់ រួចរេហូបោម ជាបុត្រាក៏សោយរាជ្យឡើងជំនួសបិតា។