ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី៦ ខែសីហា ឆ្នាំ២០២៤
១៤រីឯមាសដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់ជា៦៦៦ហាប ១៥ក្រៅពីនោះ មានមាសដែលមកដោយសារពួកអ្នកលក់ដូរ នឹងការជំនួញ ហើយពីអស់ទាំងស្តេចស្រុកអារ៉ាប់ នឹងពួកចៅហ្វាយស្រុកទាំងប៉ុន្មានថែមទៀត ១៦ស្តេចសាឡូម៉ូនទ្រង់ផែមាសធ្វើខែលធំ២០០គឺយកមាស៦០០ដំឡឹង ដើម្បីធ្វើខែលមួយៗ ១៧ទ្រង់ក៏ផែមាសធ្វើខែលតូច៣០០ ក្នុងខែលមួយៗ មានមាស៦នាលិ ហើយទ្រង់ដំកល់ទុកទាំងអស់ក្នុងដំណាក់នៃព្រៃល្បាណូន ១៨មួយទៀតស្តេចទ្រង់ធ្វើបល្ល័ង្ក១ធំ ដោយភ្លុក ហើយស្រោបមាសសុទ្ធលេខ១ ១៩មានជណ្តើរ៦ថ្នាក់ឡើងទៅដល់បល្ល័ង្កនោះ ឯបង្អែកបល្ល័ង្ក នោះរាងមូល ហើយមានកំណល់ដៃ នៅទាំងសងខាងទីអង្គុយ មានរូបសិង្ហ២ឈរនៅខាងកំណល់ដៃ ២០ហើយមានសិង្ហ១២ឈរនៅថ្នាក់ជណ្តើរ៦ម្ខាង គ្មានបល្ល័ង្កណានៅក្នុងនគរណា ដែលនឹងផ្ទឹមស្មើបានឡើយ ២១ឯអស់ទាំងប្រដាប់សំរាប់សាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងគ្រឿងប្រដាប់ នៅក្នុងដំណាក់នៃព្រៃល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ គ្មានណាមួយធ្វើពីប្រាក់ទេ នៅក្នុងរាជ្យសាឡូម៉ូន នោះគេមិនសូវរាប់អានប្រាក់ប៉ុន្មានទេ ២២ដ្បិតស្តេចទ្រង់មានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយនឹងនាវារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះ ក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច នឹងក្ងោកមកក្នុង៣ឆ្នាំ១ដង។
២៣ដូច្នេះ ស្តេចសាឡូម៉ូនទ្រង់មានទ្រព្យសម្បត្តិ នឹងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី ២៤ហើយប្រជាជន ក្នុងលោកទាំងមូល គេរកចង់ចូលទៅគាល់ស្តេចសាឡូម៉ូន ដើម្បីនឹងស្តាប់ប្រាជ្ញាទ្រង់ ដែលព្រះបានដាក់នៅក្នុងព្រះទ័យ ២៥គ្រប់គ្នាក៏នាំយកដង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សំលៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ នឹងលាកាត់ តាមកំណត់រាល់តែឆ្នាំ ២៦សាឡូម៉ូនក៏ប្រមូលចំរើនរទេះចំបាំង នឹងពលសេះ ទ្រង់មានរទេះចំបាំង១ពាន់៤០០ ហើយពលសេះ១ម៉ឺន២ពាន់នាក់ ដែលទ្រង់ដាក់ឲ្យនៅក្នុងទីក្រុង សំរាប់រទេះចំបាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងស្តេច នៅក្នុងក្រុងយេរូសាឡិមដែរ ២៧ទ្រង់បានធ្វើឲ្យមានប្រាក់សម្បូរ ដូចជាថ្មនៅក្នុងក្រុងយេរូសាឡិម ហើយឲ្យមានដើមតាត្រៅសម្បូរដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាប ២៨ឯអស់ទាំងសេះរបស់សាឡូម៉ូន នោះបានយកមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេចគេទិញមកទាំងហ្វូង តាមដំឡៃ១ហ្វូងៗ ២៩គេក៏នាំរទេះចំបាំងពីស្រុកអេស៊ីព្ទមក ១ថ្លៃ៦០០រៀល ហើយសេះ១ថ្លៃ១៥០ គេក៏ទិញដឹកនាំមក សំរាប់ឲ្យអស់ទាំងស្តេចនៃសាសន៍ហេត នឹងពួកស្តេចស្រុកស៊ីរីយ៉ាងដូច្នោះដែរ។