ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃថ័ន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤
១កាលមហាក្សត្រីស្រុកសេបាបានឮពីកិត្តិនាមរបស់សាឡូម៉ូនខាងឯព្រះនាមព្រះយេហូវ៉ា នោះព្រះនាងក៏យាងមកល្បងសួរទ្រង់ ដោយប្រស្នាដ៏ជ្រៅ ២ព្រះនាងយាងមកដល់ក្រុងយេរូសាឡិម មានមនុស្សដង្ហែមកយ៉ាងសន្ធឹក ក៏មានសត្វអូដ្ឋជាច្រើនផ្ទុកដោយគ្រឿងក្រអូប នឹងមាសជាច្រើនណាស់ ហើយត្បូងមានដំឡៃផង លុះកាលព្រះនាងបានចូលមកគាល់សាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះទ័យ ៣ឯសាឡូម៉ូន ទ្រង់ក៏ឆ្លើយស្រាយន័យគ្រប់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំងដល់ស្តេច ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះទេ ៤កាលមហាក្សត្រីស្រុកសេបា បានឃើញប្រាជ្ញារបស់សាឡូម៉ូនទាំងប៉ុន្មាន នឹងដំណាក់ដែលទ្រង់ធ្វើ ៥ព្រមទាំងព្រះស្ងោយនៅលើតុទ្រង់ ទីលំនៅរបស់ពួកបំរើទ្រង់ សណ្ឋានពួកបរិវារបស់ទ្រង់ នឹងគ្រឿងតែងកាយរបស់គេ ហើយពួកបំរើថ្វាយពែងរបស់ទ្រង់ នឹងដង្វាយដុតដែលទ្រង់ថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី ៦ហើយមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច នឹងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន ៧ប៉ុន្តែខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្តាលផង គឺប្រាជ្ញានឹងសេចក្ដីចំរើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទ ដែលខ្ញុំម្ចាស់បានឮទៅទៀត ៨មានពរហើយ ពួកទ្រង់នឹងពួកអ្នកបំរើនេះ ដែលឈរចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់ ៩សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់បានប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ា ទ្រង់ស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ប្រយោជន៍ឲ្យបានសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ១០រួចព្រះនាងទ្រង់ថ្វាយមាស១២០ហាប នឹងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានដំឡៃដល់ស្តេច ក្រោយនោះមកមិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះបានចូលមក ឲ្យដូចជាគ្រឿងក្រអូប ដែលមហាក្សត្រីស្រុកសេបាបានថ្វាយដល់ស្តេចសាឡូម៉ូន នោះទៀតឡើយ។
១១ឯក្រុមនាវារបស់ហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ នឹងត្បូងមានដំឡៃ មកពីស្រុកនោះដែរ ១២ស្តេចទ្រង់យកឈើចាន់នោះធ្វើជាភ្នាក់ដៃ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងក្នុងដំណាក់របស់ស្តេច ព្រមទាំងស៊ុង នឹងពិណ សំរាប់ពួកចំរៀងផង មិនដែលមានឈើចាន់យ៉ាងនោះមកទៀត ក៏មិនដែលឃើញសោះឡើយ ដរាបដល់សព្វថ្ងៃនេះ។
១៣ស្តេចសាឡូម៉ូនទ្រង់ក៏ប្រទានដល់មហាក្សត្រីស្រុកសេបា តាមបំណងព្រះទ័យរបស់ព្រះនាង គឺរបស់អ្វីដែលព្រះនាងសូម លើសអំពីព្រះរាជទ្រព្យហ្លួងទាំងប៉ុន្មាន ដែលសាឡូម៉ូនបានប្រទានឲ្យផង ដូច្នេះព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញ។