ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី៣១ ខែកក្តដា ឆ្នាំ២០២៤
៤១មួយទៀត ត្រង់ឯពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជារាស្ត្រទ្រង់ទេ បើកាលណាគេចាកចេញពីស្រុកឆ្ងាយមក ដោយយល់ដល់ព្រះនាមទ្រង់ ៤២(ដ្បិតគេនឹងឮនិយាយ ពីព្រះនាមដ៏ជាធំឧត្តមរបស់ទ្រង់ នឹងពីព្រះហស្តដ៏ខ្លាំងពូកែ ហើយពីព្រះពាហុដែលលើកសំរេចដែរ) ហើយគេមកអធិស្ឋានដំរង់ចំពោះព្រះវិហារនេះ ៤៣នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយសំរេចសព្វគ្រប់ តាមសេចក្ដីដែលសាសន៍ដទៃនោះនឹងសូមដល់ទ្រង់ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់ទ្រង់ ដូចជាសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមទ្រង់។
៤៤បើកាលណារាស្ត្ររបស់ទ្រង់ចេញទៅច្បាំងនឹងខ្មាំងសត្រូវ តាមផ្លូវណាក៏ដោយ ដែលទ្រង់នឹងចាត់គេឲ្យទៅ ហើយគេអធិស្ឋានដល់ព្រះយេហូវ៉ា ទាំងបែរមកឯទីក្រុងនេះ ដែលទ្រង់បានរើស នឹងព្រះវិហារនេះ ដែលទូលបង្គំបានស្អាងថ្វាយដល់ព្រះនាមទ្រង់ ៤៥នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសំរេចតាមសេចក្ដីយុត្តិធម៌ឲ្យគេផង។
៤៦បើកាលណាគេធ្វើបាបនឹងទ្រង់ (ដ្បិតគ្មានមនុស្សណាមួយដែលមិនធ្វើបាបឡើយ) ហើយទ្រង់កើតមានសេចក្ដីក្រោធនឹងគេ ព្រមទាំងប្រគល់គេ ដល់ពួកខ្មាំងសត្រូវ ឲ្យបានដឹកនាំទៅជាឈ្លើយនៅស្រុករបស់សត្រូវនោះ ទោះនៅឆ្ងាយឬជិតក្តី ៤៧នោះបើគេនឹកចាំនៅក្នុងស្រុក ដែលបានដឹកនាំទៅជាឈ្លើយនោះ ហើយបែរត្រឡប់ចិត្តមកវិញ ព្រមទាំងទូលអង្វរដល់ទ្រង់ នៅក្នុងស្រុករបស់ពួកសាសន៍ដែលដឹកនាំគេ ទៅជាឈ្លើយនោះដោយពាក្យថា យើងខ្ញុំបានធ្វើបាបហើយ ក៏បានប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់ផង ៤៨បើសិនជាគេវិលត្រឡប់មកឯទ្រង់ដោយអស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុករបស់ខ្មាំងសត្រូវ ដែលបាននាំគេទៅជាឈ្លើយនោះ ហើយក៏អធិស្ឋានដល់ទ្រង់ ទាំងបែរមកឯស្រុកនេះ ដែលទ្រង់បានប្រទានឲ្យពួកឰយុកោគេ គឺជាទីក្រុង ដែលទ្រង់បានរើសតាំង នឹងព្រះវិហារ ដែលទូលបង្គំបានស្អាងថ្វាយព្រះនាមទ្រង់ ៤៩នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅទ្រង់ ចំពោះពាក្យដែលគេអធិស្ឋានហើយទូលអង្វរនោះ ព្រមទាំងសំរេចសេចក្ដីត្រឹមត្រូវឲ្យគេផង ៥០សូមអត់ទោសដល់រាស្ត្រទ្រង់ ដែលបានធ្វើបាបនឹងទ្រង់ដូច្នេះ ហើយអស់ទាំងការរំលងច្បាប់ ដែលគេបានប្រព្រឹត្តទាស់នឹងទ្រង់ដែរ សូមបណ្តាលឲ្យពួកអ្នកដែលនាំគេទៅជាឈ្លើយនោះ បានអាណិតមេត្តាដល់គេវិញ ៥១(ដ្បិតគេជារាស្ត្ររបស់ផងទ្រង់ នឹងជាមរដករបស់ទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក គឺពីកណ្តាលគុករំលាយដែកនោះ) ៥២ដើម្បីឲ្យព្រះនេត្រទ្រង់បានបើក សំរាប់ទតក្នុងវេលាណា ដែលទូលបង្គំ ជាបាវបំរើទ្រង់ នឹងសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ ទូលអង្វរ ហើយនឹងស្តាប់តាមសេចក្ដី ដែលគេទូលសូមដល់ទ្រង់ ៥៣ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានញែកគេចេញពីអស់ទាំងសាសន៍នៅផែនដី ទុកសំរាប់ជាមរកដរបស់ទ្រង់ហើយ ដូចជាទ្រង់បានមានបន្ទូលដោយសារលោកម៉ូសេ ជាបាវបំរើនៃទ្រង់ ពីកាលទ្រង់បាននាំពួកឰយុកោយើងខ្ញុំ ចេញពីស្រុកអេស៊ីព្ទមក។