ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអង្គារ៍ ទី៣០ ខែកក្តដា ឆ្នាំ២០២៤
៣១បើសិនជាអ្នកណាធ្វើបាប ចំពោះអ្នកជិតខាងខ្លួន ហើយគេឲ្យអ្នកនោះស្បថ រួចអ្នកនោះក៏មកស្បថនៅមុខអាសនានៃទ្រង់ ក្នុងព្រះវិហារនេះ ៣២នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយសំរេចការដោយជំនុំជំរះពួកបាវបំរើទ្រង់ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទំលាក់អំពើអាក្រក់របស់គេ ទៅលើក្បាលគេវិញ ហើយសំរេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងដល់គេ តាមសេចក្ដីសុចរិតរបស់ខ្លួនគេទៅ។
៣៣បើកាលណាសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេត្រឡប់មកឯទ្រង់វិញ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយអធិស្ឋានទូលអង្វរដល់ទ្រង់ក្នុងព្រះវិហារនេះ ៣៤នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាប របស់ពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ផង រួចសូមនាំគេត្រឡប់មកនៅក្នុងស្រុកដែលទ្រង់បានប្រទានមកពួកឰយុកោគេវិញ។
៣៥បើកាលណាមេឃរាំងភ្លៀង ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេអធិស្ឋានមកឯទីនេះ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយលះបង់ចោលអំពើបាបរបស់គេចេញ ដោយព្រោះទ្រង់បានផ្ចាញ់ផ្ចាលគេ ៣៦នោះសូមទ្រង់ប្រោសស្ដាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់ពួកបាវបំរើទ្រង់ គឺពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ ដោយបង្រៀនឲ្យដឹងផ្លូវល្អណាដែលត្រូវដើរ រួចសូមបង្អុរភ្លៀងឲ្យធ្លាក់មកលើស្រុករបស់ទ្រង់ ដែលបានប្រទានមករាស្ត្រទ្រង់ ទុកជាមរដកផង។
៣៧បើកាលណាកើតមានអំណត់នៅក្នុងស្រុក ឬបើមានអន្តរាយ ស្កកស្រូវ ក្រាចាប់ កណ្តូបឬដង្កូវស៊ី បើពួកខ្មាំងសត្រូវលុកលុយក្នុងស្រុកឡោមព័ទ្ធទីក្រុង ឬកើតមានសេចក្ដីវេទនាណា ឬជំងឺណាក៏ដោយ ៣៨នោះទោះបើមនុស្សណាមួយ ឬបណ្តាពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ដែលស្គាល់សេចក្ដីវេទនានៅក្នុងចិត្តខ្លួន គេលើកដៃដំរង់មកឯព្រះវិហារនេះ ហើយអធិស្ឋាន ឬទូលសូមអ្វីក៏ដោយ ៣៩នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយអត់ទោស ព្រមទាំងសំរេចការ ដោយសងដល់គ្រប់គ្នា តាមផ្លូវគេប្រព្រឹត្ត តាមតែទ្រង់ជ្រាបចិត្តគេ (ដ្បិតគឺទ្រង់តែ១ ដែលជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់) ៤០ដើម្បីឲ្យគេបានកោតខ្លាចដល់ទ្រង់នៅគ្រប់១ជីវិត ដែលគេរស់នៅក្នុងស្រុក ដែលទ្រង់បានប្រទានមកពួកឰយុកោយើងខ្ញុំទាំងឡាយ។