ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ៨:២២-៣០

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃថ័ន្ទ ទី​២៩ ខែកក្តដា ឆ្នាំ២០២៤
២២រួច​មក សាឡូម៉ូន​ទ្រង់​ឈរ​នៅ​មុខ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា ២៣ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទោះ​នៅ​ផ្ទៃ​មេឃ​ខាង​លើ ឬ​នៅ​ផែនដី​ខាង​ក្រោម​ក្តី ទ្រង់​កាន់​តាម​សេចក្ដី​សញ្ញា នឹង​សេចក្ដី​សប្បុរស​ដល់​ពួក​បាវ​បំរើ​ទ្រង់ ដែល​ខំ​ដើរ​នៅ​ចំពោះ​ទ្រង់​អស់​ពី​ចិត្ត ២៤ទ្រង់​បាន​កាន់​តាម​សេចក្ដី​សន្យា ដែល​ទ្រង់​មាន​បន្ទូល​នឹង​ដាវីឌ អ្នក​បំរើ​ទ្រង់ ជា​បិតា​ទូលបង្គំ គឺ​ទ្រង់​បាន​មាន​បន្ទូល​ដោយ​ព្រះ‌ឱស្ឋ ហើយ​បាន​សំរេច​តាម ដោយ‌សារ​ព្រះ‌ហស្ត​ទ្រង់ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ ២៥ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​ទ្រង់​រក្សា​សេចក្ដី​នេះ​ទៀត ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​បិតា​ទូលបង្គំ គឺ​នឹង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ របស់​សាសន៍​អ៊ីស្រាអែល នៅ​មុខ​អញ​ឡើយ ឲ្យ​តែ​កូន​ចៅ​ឯង​បាន​ប្រុង‌ប្រយ័ត​នឹង​ដើរ​តាម​ផ្លូវ នៅ​មុខ​អញ ដូច​ជា​ឯង​បាន​ដើរ​នោះ​ដែរ ២៦ដូច្នេះ ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ឥឡូវ​នេះ សូម​ទ្រង់​បញ្ជាក់​ព្រះ‌បន្ទូល​នៃ​ទ្រង់ ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​បិតា​ទូលបង្គំ គឺ​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់​ចុះ ២៧យីអើ តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ នឹង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូលបង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អំបាល‌ម៉ាន​ទៅ​ទៀត ២៨ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ទទួល​ពាក្យ​ដែល​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ដើម្បី​នឹង​ស្តាប់​តាម​សំរែក នឹង​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូលបង្គំ​ទូល​សូម​ចំពោះ​ទ្រង់​នៅ​ថ្ងៃ​នេះ ២៩ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​ទ្រង់ បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង ដែល​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា ព្រះ‌នាម​ទ្រង់​នឹង​នៅ​ទី​នេះ ដើម្បី​នឹង​ស្តាប់​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់​នឹង​ទូល​ដំរង់​មក​ឯ​ទី​នេះ ៣០ហើយ​កាល​ណា​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់ នឹង​អធិ‌ស្ឋាន​ដំរង់​មក​ឯ​ទី​នេះ នោះ​សូម​ទ្រង់​ស្តាប់​សេចក្ដី​ទូល​អង្វរ របស់​យើង​ខ្ញុំ​ផង គឺ​សូម​ទ្រង់​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ជា​ទី​លំនៅ​របស់​ទ្រង់ លុះ​កាល​ណា​ទ្រង់​ព្រះ‌សណ្តាប់​ហើយ នោះ​សូម​អត់​ទោស​ឲ្យ​ផង។