ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃសុក្រ ទី២៦ ខែកក្តដា ឆ្នាំ២០២៤
១រួចមក សាឡូម៉ូនទ្រង់ប្រមូលពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល នឹងពួកអ្នកដែលជាប្រធានលើពូជអំបូរទាំងប៉ុន្មាន ហើយពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃពួកកូនចៅអ៊ីស្រាអែលទាំងអស់ ឲ្យមកឯទ្រង់នៅក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាពីក្រុងដាវីឌ គឺជាក្រុងស៊ីយ៉ូន ឡើងមក ២ដូច្នេះ ពួកបណ្តាជនសាសន៍អ៊ីស្រាអែលទាំងអស់ ក៏ប្រជុំគ្នាឯស្តេចសាឡូម៉ូន នៅវេលាបុណ្យ ក្នុងខែអស្សុជ គឺជាខែទី៧ ៣ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏មក ហើយពួកសង្ឃក៏លើកហឹបសែងទៅ ៤គេនាំយកហឹបនៃព្រះយេហូវ៉ា ព្រមទាំងត្រសាលជំនុំ នឹងគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងត្រសាល ឡើងមកផង គឺពួកសង្ឃ នឹងពួកលេវីដែលសែងឡើងមក ៥រួចស្តេចសាឡូម៉ូន នឹងពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលបានប្រជុំគ្នាមកឯទ្រង់ គេនៅជាមួយនឹងទ្រង់ នៅត្រង់មុខហឹប កំពុងតែបូជាថ្វាយចៀម នឹងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនអស់ឡើយ ៦រួចពួកសង្ឃក៏សែងយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាចូលទៅ ដំកល់ទុកនៅកន្លែងដែលបំរុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីន ក្នុងព្រះវិហារ ៧ដ្បិតចេរូប៊ីនទាំង២ត្រដាងស្លាប ពីលើកន្លែងដែលដំកល់ទុកហឹបនោះ ចេរូប៊ីនក៏គ្របនៅពីលើហឹប នឹងឈើស្នែង របស់ហឹបផង ៨គេបានធ្វើឈើស្នែងនោះឲ្យវែង ដល់ម៉្លេះបានជាមើលឃើញពីត្រង់ទីបរិសុទ្ធ ជាទីដែលនៅមុខទីទទួលព្រះបន្ទូលបាន តែមិនបានឃើញពីខាងក្រៅទេ ហើយក៏នៅទីនោះដរាបដល់សព្វថ្ងៃនេះ ៩ឯនៅក្នុងហឹប នោះមានតែបន្ទះថ្ម២ផ្ទាំងប៉ុណ្ណោះ ដែលលោកម៉ូសេបានដាក់ ពីកាលនៅត្រង់ភ្នំហោរែប នៅគ្រាដែលព្រះយេហូវ៉ាបានតាំងសញ្ញានឹងពួកកូនចៅអ៊ីស្រាអែល ក្រោយដែលគេចេញពីស្រុកអេស៊ីព្ទមក ១០លុះពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ នោះពពកក៏មកពេញក្នុងព្រះវិហារនៃព្រះយេហូវ៉ា ១១ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ។