ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃព្រហស្បតិ្ត ទី២៥ ខែកក្តដា ឆ្នាំ២០២៤
២៣គាត់ក៏សិតធ្វើជាសមុទ្រ មានរាងមូលទំហំ១០ហត្ថ គឺពីមាត់ម្ខាងទៅដល់ម្ខាង ហើយកំពស់៥ហត្ថ បើយកខ្សែវាស់ជុំវិញ នោះត្រូវជា៣០ហត្ថ ២៤នៅក្រោមគែមជុំវិញ មានក្បាច់ផ្កាក្រពុំ១០ក្នុង១ហត្ថ នៅព័ទ្ធជុំវិញ ផ្កាក្រពុំទាំងនោះបានសិតជា២ជួរ ក្នុងកាលដែលគេសិតសមុទ្រនោះតែម្តង ២៥ក៏ដាក់លើរូបគោ១២ ដែលមាន៣បែរទៅខាងជើង ៣បែរទៅខាងលិច ៣បែរទៅខាងត្បូង ហើយ៣បែរទៅខាងកើត សមុទ្រនោះបានដាក់ដំកល់លើខ្នងគោ ហើយគូថរបស់គោទាំងនោះ បែរទៅខាងក្នុងទាំងអស់ ២៦តួសមុទ្រនោះមានកំរាស់១ទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹក២ពាន់អម្រែក។
២៧គាត់ក៏ធ្វើគ្រោងលង្ហិន១០ បណ្តោយ៤ហត្ថ ទទឹង៤ហត្ថ ហើយកំពស់៣ហត្ថ ២៨គ្រោងទាំងនោះបានធ្វើយ៉ាងដូច្នេះ គឺមានបន្ទះ ដែលមានក្របជុំវិញ ហើយមានក្របខណ្ឌកណ្តាលទៀត ២៩ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្តាលក្រប នោះមានឆ្លាក់ជារូបសិង្ហ គោ ហើយនឹងចេរូប៊ីន ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ នឹងគោនោះ មានក្បាច់រំយោល ៣០គ្រោងមួយៗ នោះមានកង់លង្ហិន៤ នឹងភ្លៅលង្ហិនដែរ ឯជើងកំណល់របស់គ្រោងទាំងនោះ មានប្រដាប់ទ្រដែលសិតភ្ជាប់ទាំង៤ជ្រុង ពីក្រោមចានក្លាំមានទាំងក្បាច់កំរងខាងៗទាំងអស់ ៣១ខាងក្នុងគ្រោងនោះ មានកំណល់បែបដូចជាជើងតាំងកំពស់១ហត្ថ រាងមូល១ហត្ថកន្លះ មានក្បាច់ចំឡាក់ផង តែបន្ទះទាំងប៉ុន្មាន ត្រូវជា៤ជ្រុងវិញ មិនមែនមូលទេ ៣២ឯខាងក្រោមបន្ទះ នោះមានកង់៤ ភ្លៅកង់ទាំងនោះនៅជាប់នឹងតួគ្រោង កង់១កំពស់១ហត្ថកន្លះ ៣៣ឯរបៀបធ្វើកង់ទាំងនោះ ក៏ដូចជាធ្វើកង់រទេះចំបាំង គឺមានទាំងភ្លៅ ទាំងខ្នងកង់ ទាំងកាំ នឹងដុំផង គ្រឿងទាំងនោះបានសិត ដោយលង្ហិនទាំងអស់ ៣៤នៅត្រង់ជ្រុងទាំង៤របស់គ្រោងទាំងនោះ មានកំណល់ដែលសិតជាប់ជាមួយនឹងតួគ្រោងនោះឯង ៣៥ហើយពីខាងលើជញ្ជាំងគ្រោងនោះ មានបន្ទះចេញជារាងមូល កំពស់កន្លះហត្ថ ឯខាងលើបន្ទះនោះ នឹងជើងកំណល់ បានភ្ជាប់ជាមួយគ្នា ៣៦គាត់ក៏ឆ្លាក់ជារូបចេរូប៊ីន សិង្ហ នឹងដើមលម៉ើ នៅនឹងបន្ទះ ដែលជាប់នឹងជើងកំណល់ ហើយនឹងបន្ទះ ដែលជាប់ក្នុងក្របទាំងនោះ តាមកន្លែងដែលឆ្លាក់បាន ហើយមានក្បាច់រំយោលជុំវិញដែរ ៣៧គឺយ៉ាងនោះដែលគាត់ធ្វើគ្រោងទាំង១០នោះ ទាំងអស់សិតពីពុម្ពតែ១ មានទំហំមានរាងដូចគ្នា។
៣៨គាត់ក៏ធ្វើចានក្លាំលង្ហិន១០ ចានមួយៗចំណុះទឹក៤០អម្រែក មានទំហំ៤ហត្ថ ហើយគ្រប់គ្រោងទាំង១០ នោះមានចានក្លាំមួយៗ ៣៩រួចគាត់ដាក់គ្រោង៥នៅខាងស្តាំព្រះវិហារ ហើយ៥នៅខាងឆ្វេង រួចក៏ដាក់សមុទ្រនោះ ត្រង់ខាងស្តាំព្រះវិហារ ទិសខាងកើត ឆៀងខាងត្បូង។
៤០ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក នឹងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា ៤១គឺសសរទាំង២ តួក្បាលសសរទាំង២ ដែលនៅលើកំពូលសសរ នឹងក្បាច់ក្រឡាអួន សំរាប់បិទតួក្បាលសសរ ដែលនៅលើកំពូលសសរនោះជុំវិញ ៤២ហើយផ្លែទទឹមទាំង៤០០ សំរាប់ក្បាច់ក្រឡាអួននោះ គឺផ្លែទទឹម២ជួរសំរាប់ក្បាច់ក្រឡាអួនមួយៗ ដើម្បីនឹងបាំងទីភ្ជាប់តួក្បាលសសរទាំង២នោះ ៤៣ព្រមទាំងគ្រោង១០ នឹងចានក្លាំ១០ ដែលនៅលើគ្រោងទាំងនោះ ៤៤នឹងសមុទ្រ១ ហើយគោទាំង១២ ដែលទ្រពីខាងក្រោម ៤៥ហើយទាំងឆ្នាំង ចបចូក នឹងខ្ទះទាំងប៉ុន្មាន គឺប្រដាប់ទាំងនោះឯង ដែលហ៊ីរ៉ាមបានធ្វើថ្វាយស្តេចសាឡូម៉ូន សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះសុទ្ធតែធ្វើពីលង្ហិន ហើយខាត់រំលីងផង ៤៦ស្តេចទ្រង់ឲ្យគេសិតប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ ដែលនៅវាលទន្លេយ័រដាន់ ត្រង់កណ្តាលភូមិសិកូតនឹងសារថាន ៤៧សាឡូម៉ូនទ្រង់មិនបានថ្លឹងរបស់ទាំងនោះទេ ពីព្រោះមានច្រើនក្រៃលែង ហើយដែលលង្ហិនទាំងនោះទំងន់ប៉ុណ្ណា នោះក៏គ្មានអ្នកណារកដឹងបានឡើយ។
៤៨រួចមក សាឡូម៉ូនក៏ធ្វើគ្រប់អស់ទាំងគ្រឿងប្រដាប់ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គឺជាអាសនាមាស តុមាសសំរាប់ដាក់នំបុ័ងតាំងទុក ៤៩ជើងចង្កៀងមាសសុទ្ធទាំងប៉ុន្មាន ៥ខាងស្តាំ ៥ខាងឆ្វេង នៅមុខទីបរិសុទ្ធបំផុត ព្រមទាំងផ្កា ចង្កៀង នឹងឃ្នាបប្រឆេះធ្វើពីមាស ៥០ហើយទាំងឆ្នាំង ដង្កៀប ចានគោម កូនចាន នឹងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសំរាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសំរាប់ទ្វារព្រះវិហារខាងក្រៅដែរ។
៥១ដូច្នេះ អស់ទាំងប្រដាប់ទាំងប៉ុន្មាន ដែលស្តេចសាឡូម៉ូនបានធ្វើ សំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើរួចជាស្រេចហើយ ទ្រង់ក៏នាំយករបស់ទាំងប៉ុន្មានដែលដាវីឌ ជាបិតាទ្រង់ បានថ្វាយ ចូលមកដែរ គឺប្រាក់ មាស នឹងគ្រឿងប្រដាប់ទាំងអស់ ក៏ដាក់ទុកនៅក្នុងឃ្លាំងនៃព្រះវិហារព្រះយេហូវ៉ា។