ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី២៤ ខែកក្តដា ឆ្នាំ២០២៤
១សាឡូម៉ូនទ្រង់ក៏សង់ដំណាក់របស់ទ្រង់ ក្នុងរវាងអស់១៣ឆ្នាំ ទើបបានស្រេចទាំងអស់ ២ទ្រង់បានសង់មន្ទីរនៃព្រៃល្បាណូន មានបណ្តោយ១០០ហត្ថ ទទឹង៥០ហត្ថ នឹងកំពស់៣០ហត្ថ មានសសរតាត្រៅ៤ជួរ ដាក់ធ្នឹមតាត្រៅនៅលើសសរទាំងនោះ ៣ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំង៤៥ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុង១ជួរមាន១៥ ៤ឯបង្អួចមាន៣ជាន់ នៅប្រទល់គ្នាទាំងសងខាងគ្រប់ទាំង៣ជាន់ ៥អស់ទាំងទ្វារ នឹងក្រប ក៏ធ្វើពីឈើ៤ជ្រុង ព្រមទាំងបង្អួច៣ជាន់ ប្រទល់គ្នានោះដែរ ៦ទ្រង់ក៏ធ្វើបាំងសាចដោយមានសសរ បាំងសាចនោះមានបណ្តោយ៥០ហត្ថ នឹងទទឹង៣០ហត្ថ ក៏មានរានហាលពីមុខនោះ ដែលមានសសរនឹងធ្នឹមពីលើនៅជុំវិញ ៧ទ្រង់ក៏ធ្វើមន្ទីរបាំងសាចសំរាប់បល្ល័ង្ក ជាកន្លែងដែលទ្រង់ស្តីការ គឺជាព្រះទីនាំងវិនិច្ឆ័យ ហើយក៏បិទដោយក្តារតាត្រៅ ចាប់តាំងពីក្រោមរហូតដល់ពិតាន ៨ឯដំណាក់ដែលទ្រង់គង់នៅ នោះបានធ្វើបែបដូចគ្នា ហើយមានទីធ្លា១ទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់១ បែបដូចជាមន្ទីរមុននោះ សំរាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។
៩ឯរបស់ទាំងអស់នេះបានធ្វើ ដោយថ្មមានដំឡៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹម ដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ ១០ឯឫសជញ្ជាំង នោះសុទ្ធតែធ្វើពីថ្ម មានដំឡៃទាំងអស់ គឺថ្មយ៉ាងធំៗ ខ្លះ១០ហត្ថ ខ្លះ៨ហត្ថ ១១ហើយពីនោះទៅលើក៏មានថ្ម ដែលមានដំឡៃ ដាប់តាមទំហំ នឹងឈើតាត្រៅផង ១២ឯទីធ្លាធំ នោះមានថ្មដាប់៣ជាន់ នឹងឈើតាត្រៅ១ជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ាហើយដូចជាបាំងសាចនៃព្រះវិហារដែរ។
១៣ស្តេចសាឡូម៉ូន ទ្រង់ចាត់គេ ឲ្យទៅរកហ៊ីរ៉ាមនៅក្រុងទីរ៉ុសនាំមក ១៤អ្នកនោះជាកូនរបស់ស្រីមេម៉ាយម្នាក់ក្នុងពូជអំបូរណែបថាលី តែឪពុកជាជាងលង្ហិន នៅស្រុកទីរ៉ុស អ្នកនោះជាអ្នកមានប្រាជ្ញាវាងវៃ ហើយមានថ្វីដៃចេះធ្វើគ្រប់ទាំងរបស់លង្ហិន គាត់ក៏មកឯស្តេចសាឡូម៉ូន ដើម្បីនឹងធ្វើការទាំងអស់នេះថ្វាយទ្រង់ ១៥គាត់សិតធ្វើសសរ២ដោយលង្ហិន ទាំង២មានកំពស់១៨ហត្ថដូចគ្នា ហើយបើវាស់ជុំវិញ នោះត្រូវជា១២ហត្ថក្នុងសសរមួយៗ ១៦គាត់សិតធ្វើក្បាច់លង្ហិន២ដុំ ដាក់លើក្បាលសសរទាំង២ មួយៗមានកំពស់៥ហត្ថដូចគ្នា ១៧មានក្បាច់តារាង ដូចជាក្រឡាអួន ហើយមានវង់កំរងច្រវាក់៧នៅក្បាលសសរមួយៗ ក្នុងទាំង២នោះ ១៨គឺយ៉ាងនោះដែលគាត់ធ្វើសសរទាំង២ ហើយមានផ្លែទទឹម២ជួរព័ទ្ធជុំវិញ ជាប់នឹងក្បាច់ក្រឡាអួន នោះសំរាប់នឹងបាំងទីភ្ជាប់ក្បាលសសរដូចគ្នាទាំង២ ១៩ឯក្បាលសសរនៃបាំងសាចមានកំពស់៤ហត្ថ ក៏មានក្បាច់ជាផ្កាច័ន្ធូ ២០មានក្បាលនៅលើសសរទាំង២នោះដែរ ជាប់ពីគែមត្រង់ក្បាច់ក្រឡាអួន ហើយមានផ្លែទទឹម២០០ រៀបជា២ជួរនៅព័ទ្ធជុំវិញសសរទាំង២នោះដូចគ្នា ២១គាត់ក៏លើកសសរទាំង២នោះបញ្ឈរឡើង នៅត្រង់បាំងសាចនៃព្រះវិហារ កាលគាត់បានលើកសសរខាងស្តាំឡើង នោះក៏ឲ្យឈ្មោះថា យ៉ាគិន រួចកាលគាត់លើកសសរខាងឆ្វេងឡើង នោះក៏ឲ្យឈ្មោះថា បូអូស ២២នៅខាងលើសសរមានក្បាច់ផ្កាច័ន្ធូ ដូច្នេះ ការធ្វើសសរនោះបានរួចជាស្រេច។