ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ៦:១៤-៣៨

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃអង្គារ៍ ទី​២៣ ខែកក្តដា ឆ្នាំ២០២៤
១៤ដូច្នេះ សាឡូម៉ូន ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​នោះ​រួច​ជា​ស្រេច ១៥គឺ​ទ្រង់​ធ្វើ​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិតាន ខាង​ក្នុង​ទាំង​អស់​សុទ្ធ​តែ​ស្រោប​ដោយ​ឈើ ក៏​ក្រាល​ព្រះ‌វិហារ​ដោយ​ក្តារ​កកោះ​ដែរ ១៦ឯ​ទី​ខាង​ចុង​នៃ​ព្រះ‌វិហារ មាន​បណ្តោយ​២០​ហត្ថ នោះ​ទ្រង់​ក៏​ស្រោប​ដោយ​ឈើ​តាត្រៅ​ដូច​គ្នា ចាប់​តាំង​ពី​ដី​រហូត​ដល់​ពិដាន ហើយ​ខណ្ឌ​ទុក​ជា​ទី​បរិសុទ្ធ​បំផុត សំរាប់​ជា​ទី​ទទួល​ព្រះ‌បន្ទូល ១៧ផ្នែក​ខាង​មុខ​នៃ​ព្រះ‌វិហារ នោះ​មាន​បណ្តោយ​៤០​ហត្ថ ១៨ហើយ​ឈើ​តាត្រៅ​ដែល​ស្រោប​ខាង​ក្នុង​ព្រះ‌វិហារ នោះ​ក៏​ឆ្លាក់​ជា​ផ្កា​ក្រពុំ នឹង​ផ្កា​រីក គ្រប់​ទាំង​អស់​បាន​បិទ ដោយ​ឈើ​តាត្រៅ ឥត​ឃើញ​ថ្ម​ឡើយ ១៩ទ្រង់​ក៏​រៀបចំ​ទី​បរិសុទ្ធ​បំផុត​ក្នុង​ព្រះ‌វិហារ សំរាប់​ដាក់​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ២០ឯ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​មាន​បណ្តោយ​២០​ហត្ថ នឹង​ទទឹង​២០​ហត្ថ ហើយ​កំពស់​២០​ហត្ថ​ដែរ ទ្រង់​ស្រោប​ទី​នោះ​ដោយ​មាស​សុទ្ធ ហើយ​អាសនា​ដែល​ធ្វើ​ពី​ឈើ​តាត្រៅ​ក៏​ស្រោប​ដូច្នោះ​ដែរ ២១ដូច្នេះ សាឡូម៉ូន​បាន​ស្រោប​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ដោយ​មាស​សុទ្ធ ហើយ​ទ្រង់​សន្ធឹង​ច្រវាក់​មាស ខាំង​ពី​មុខ​ទី​បរិសុទ្ធ​បំផុត ដែល​បាន​ស្រោប​មាស​ដែរ ២២ដូច្នេះ ព្រះ‌វិហារ​ទាំង​មូល​សុទ្ធ​តែ​ស្រោប​ដោយ​មាស ទាល់​តែ​បាន​រួច​ជា​ស្រេច​ទាំង​អស់ ទោះ​ទាំង​អាសនា​ទាំង​មូល​របស់​ផង​ទី​បរិសុទ្ធ​បំផុត ក៏​ស្រោប​ដោយ​មាស​ដែរ។ ២៣នៅ​ខាង​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​ទ្រង់​បាន​ធ្វើ​រូប​ចេរូប៊ីន​២ ដោយ​ឈើ​អូលីវ មាន​កំពស់​១០​ហត្ថ​ទាំង​គូ ២៤ស្លាប​ម្ខាងៗ​របស់​ចេរូប៊ីន​១ មាន​ប្រវែង​៥​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ដល់​ចុង​ស្លាប​ម្ខាង ត្រូវ​ជា​១០​ហត្ថ ២៥ឯ​ចេរូប៊ីន​១​ទៀត​នោះ ក៏​មាន​១០​ហត្ថ​ដែរ ចេរូប៊ីន​ទាំង​២​មាន​រាង​មាន​ទំហំ​ប៉ុន​គ្នា ២៦ចេរូប៊ីន​១​មាន​កំពស់​១០​ហត្ថ ហើយ​១​ទៀត​ក៏​យ៉ាង​នោះ​ដែរ ២៧ទ្រង់​ដាក់​ចេរូប៊ីន​ទាំង​២​នៅ​កណ្តាល​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ ឯ​ស្លាប​នៃ​ចេរូប៊ីន​ទាំង​២​ក៏​ត្រដាង​ទៅ ទាល់​តែ​ចុង​ស្លាប​ចេរូប៊ីន​១ ទល់​នឹង​ជញ្ជាំង​ម្ខាង នឹង​ចុង​ស្លាប​ចេរូប៊ីន​១​ទៀត ក៏​ទល់នឹង​ជញ្ជាំង​ម្ខាង​ដូច​គ្នា ហើយ​ចុង​ស្លាប​ចេរូប៊ីន​ទាំង​២​នៅ​ប្រទល់​គ្នា​ត្រង់​កណ្តាល​ព្រះ‌វិហារ ២៨ទ្រង់​ក៏​ស្រោប​ចេរូប៊ីន​ទាំង​២​ដោយ​មាស​ដែរ។ ២៩ទ្រង់​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​ជា​ផ្កា​រីក​នៅ​នា​ជញ្ជាំង​ព្រះ‌វិហារ​ជុំវិញ ទាំង​ខាង​ក្នុង​ខាង​ក្រៅ ៣០ហើយ​ក្តារ​ក្រាល​ព្រះ‌វិហារ ទាំង​ខាង​ក្នុង​ខាង​ក្រៅ ទ្រង់​ក៏​ស្រោប​ដោយ​មាស​ដែរ ៣១ត្រង់​កន្លែង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត នោះ​ទ្រង់​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ ឯ​ក្រប​ទ្វារ​នោះ​មាន​កំពស់​១​ភាគ​ក្នុង​៥​នៃ​ជញ្ជាំង ៣២ទ្វារ​ទាំង​២​នោះ​ធ្វើ​ពី​ឈើ​អូលីវ ហើយ​ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ ហើយ​នឹង​ផ្កា​រីក​ដែរ រួច​ស្រោប​ដោយ​មាស​ទាំង​អស់ គឺ​ស្រោប​មាស​ទាំង​ចេរូប៊ីន នឹង​ដើម​លម៉ើ​ផង ៣៣នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ នោះ​ទ្រង់​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​បែប​ដូច្នោះ​ដែរ ឯ​ក្រប​ទ្វារ​នោះ​មាន​កំពស់​១​ភាគ​ក្នុង​៥​នៃ​ជញ្ជាំង ៣៤ហើយ​ផ្ទាំង​ទ្វារ​ទាំង​២ នោះ​ធ្វើ​ពី​ឈើ​កកោះ ឲ្យ​បត់​បាន​គ្រប់​សន្ធឹក​ទាំង​សង​ខាង ៣៥ទ្រង់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន ជា​ដើម​លម៉ើ នឹង​ផ្កា​រីក ហើយ​ស្រោប​មាស​ទ្វារ​ទាំង​នោះ ព្រម​ទាំង​ចំឡាក់​ផង ៣៦ទ្រង់​ធ្វើ​ទីលាន​ខាង​ក្នុង​ដោយ​ថ្ម​ដាប់​៣​ជាន់ នឹង​ឈើ​តាត្រៅ​១​ជាន់។ ៣៧នៅ​ឆ្នាំ​ទី​៤ ខែ​ពិសាខ នោះ​គេ​បាន​ដាក់​ចុះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ៣៨រួច​ដល់​ឆ្នាំ​១១ ខែ​កត្តិក គឺ​ជា​ខែ​ទី​៨ គេ​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច​សព្វ​គ្រប់ តាម​ផែន​ទី​គ្រប់ចំពូក ដូច្នេះ ទ្រង់​ស្អាង​ព្រះ‌វិហារ​នោះ​អស់​៧​ឆ្នាំ​ទើប​បាន​ហើយ។