ព្រះគម្ពីរ ១ ពង្សាវតាក្សត្រ ៤:២០-៣៤

ទំព័រដើម / ព្រះបន្ទូល​ប្រចាំថ្ងៃ / ថ្ងៃសុក្រ ទី​១៩ ខែកក្តដា ឆ្នាំ២០២៤
២០ឯ​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ក៏​តែង‌តែ​បរិភោគ ហើយ​លេង​សប្បាយ ២១ចំណែក​សាឡូម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ទៅ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ ក៏​នាំ​យក​សួយ‌អាករ​មក​ថ្វាយ​សាឡូម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម ២២ឯ​ស្បៀង​អាហារ​ដែល​ចាត់‌ចែង​សំរាប់​ព្រះ‌រាជ‌វាំង​ក្នុង​១​ថ្ងៃ នោះ​គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​៣០​រង្វាល់ ម្សៅ​ធម្មតា​៦០​រង្វាល់ ២៣គោ​យ៉ាង​ធាត់​១០ គោ​ដែល​រក​ស៊ី​នៅ​វាល​២០ ចៀម​១០០ ព្រម​ទាំង​ប្រើស ឈ្លូស ក្តាន់ នឹង​សត្វ​ស្លាប​ធាត់ៗ​ផង ២៤ដ្បិត​ទ្រង់​មាន​អំណាច​លើ​គ្រប់​ទាំង​អស់ នៅ​ខាង‌អាយ​ទន្លេ ចាប់​តាំង​ពី​ក្រុង​ធីពសា រហូត​ដល់​ក្រុង​កាសា ហើយ​លើ​អស់​ទាំង​ស្តេច​នៅ​ខាង‌អាយ​ទន្លេ​ដែរ ក៏​មាន​សេចក្ដី​សុខ​នៅ​គ្រប់​ទិស​ជុំវិញ ២៥ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល គេ​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ គ្រប់​គ្នានៅ​ក្រោម​ទ្រើង​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ដរាប​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូម៉ូន ២៦ទ្រង់​ក៏​មាន​រោង​សំរាប់​សេះ​៤​ម៉ឺន ដែល​ទឹម​រទេះ​ចំបាំង ហើយ​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់ ២៧ឯ​ពួក​នាយក​ទាំង​នោះ គេ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ស្តេច​សាឡូម៉ូន នឹង​អស់​ពួក​អ្នក​ដែល​ចូល​មក​បរិភោគ​នៅ​តុ​របស់​ទ្រង់ គ្រប់​គ្នា​បាន​ផ្គត់‌ផ្គង់​តាម​កំណត់​ខែ​របស់​ខ្លួន​ឥត​មាន​ខ្វះ​អ្វី​ឡើយ ២៨បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន ក៏​ដឹក​ស្រូវ​ឱក នឹង​ចំបើង​សំរាប់​សេះ នឹង​សត្វ​ជំនិះ​ផ្សេងៗ មក​ដល់​កន្លែង​ដែល​ពួក​នាយក​ទាំង​នោះ​តាំង​នៅ តាម​ដែល​លោក​បង្គាប់​រៀង​ខ្លួន។ ២៩ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា នឹង​យោបល់​ច្រើន​ក្រៃ‌លែង ព្រម​ទាំង​ព្រះ‌ហឫទ័យ​ធំ​ទូលាយ​ដូច​ជា​បណ្តា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ៣០ប្រាជ្ញា​របស់​សាឡូម៉ូន​ក៏​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត ហើយ​នឹង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង ៣១ដ្បិត​ទ្រង់​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ទាំង​អស់ គឺ​លើស​ជាង​អេថាន ជា​ពូជ​សេរ៉ា‌គីត ហើយ​លើស​ជាង​ហេម៉ាន កាល់‌កូល នឹង​ដារដា ជា​កូន​ទាំង​៣​របស់​ម៉ាហូល​ទៅ​ទៀត កិត្តិ‌នាម​របស់​ទ្រង់ ក៏​ឮ​សុស‌សាយ​ទួទៅ​ក្នុង​គ្រប់​ទាំង​នគរ​នៅ​ជុំវិញ ៣២ទ្រង់​បាន​និពន្ធ​ពាក្យ​សុភាសិត​៣​ពាន់​ខ ហើយ​ក៏​លើក​ទំនុក​ចំរៀង​១​ពាន់​៥​បទ ៣៣ទ្រង់​មាន​បន្ទូល​ពី​ដើម​ឈើ​ទាំង​ពួង ចាប់​តាំង​ពី​ដើម​តាត្រៅ ដែល​នៅ​លើ​ភ្នំ​ល្បាណូន រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​លើ​កំផែង ក៏​មាន​បន្ទូល​ពី​សត្វ​ផ្សេងៗ សត្វ​ស្លាប សត្វ​លូន​វារ ហើយ​នឹង​ត្រី​ផង ៣៤មាន​មនុស្ស​មូល​មក​ពី​គ្រប់​ទាំង​សាសន៍ ដើម្បី​ស្តាប់​ប្រាជ្ញា​របស់​សាឡូម៉ូន គឺ​មក​ពី​អស់​ទាំង​ស្តេច​នៅ​ផែនដី ជា​កន្លែង​ដែល​គេ​បាន​ឮ​ថ្លែង​ប្រាប់​ពី​ប្រាជ្ញា​ទ្រង់។