ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃពុធ ទី១៧ ខែកក្តដា ឆ្នាំ២០២៤
១៦ក្រោយតមក មានស្រីសំផឹង២នាក់បានមកឈរនៅចំពោះស្តេច ១៧នាង១ទូលថា បពិត្រព្រះអម្ចាស់អើយ ខ្ញុំម្ចាស់នឹងស្ត្រីនេះនៅផ្ទះជាមួយគ្នា យើងខ្ញុំទាំង២បានសំរាលកូននៅផ្ទះនោះ ១៨កាលខ្ញុំម្ចាស់សំរាលកូនមកបាន៣ថ្ងៃ នោះស្ត្រីនេះក៏សំរាលមកដែរ យើងខ្ញុំទាំង២នៅជាមួយគ្នា ឥតមានអ្នកដទៃណានៅក្នុងផ្ទះនោះឡើយ មានតែយើងខ្ញុំ២នាក់ប៉ុណ្ណោះ ១៩ចួនជានៅវេលាយប់១ កូនរបស់នាងនេះបានស្លាប់ទៅ ដោយម្តាយបានដេកសង្កិនលើ ២០ដល់ពាក់កណ្តាលអធ្រាត្រ កាលខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ កំពុងតែទទួលទានដំណេកលក់ នោះនាងក្រោកឡើងយកកូនខ្ញុំម្ចាស់ពីខាងខ្ញុំម្ចាស់ទៅបី ហើយដាក់កូនស្លាប់របស់នាងនែបនៅទ្រូងខ្ញុំម្ចាស់វិញ ២១លុះព្រឹកឡើង កាលខ្ញុំម្ចាស់ក្រោកឡើងនឹងបំបៅកូន នោះមើល វាបានស្លាប់ហើយ ប៉ុន្តែដល់ភ្លឺឡើង នោះខ្ញុំម្ចាស់បានពិនិត្យមើលទៅ ឃើញថាមិនមែនជាកូនដែលខ្ញុំម្ចាស់បង្កើតទេ ២២ស្ត្រី១ទៀតនោះក៏ឆ្លើយកាត់ទៅថា ទេ មិនមែនដូច្នោះទេ គឺកូនដែលរស់នៅ នោះជាកូនរបស់អញ ហើយកូនដែលស្លាប់ទៅជាកូនរបស់ឯងវិញ តែស្រីនេះប្រកែកថា មិនមែនឡើយ គឺកូនដែលស្លាប់ជាកូនរបស់ឯង ហើយកូនដែលរស់នៅនេះជាកូនរបស់អញវិញ ស្ត្រីទាំង២បានជជែកគ្នាយ៉ាងនោះនៅចំពោះស្តេច។
២៣ឯស្តេចទ្រង់មានបន្ទូលថា នាង១ថា កូនរស់នេះ ជាកូនរបស់អញ ហើយកូនស្លាប់ ជាកូនរបស់ឯង ហើយ១ទៀតថា មិនមែនដូច្នោះទេ គឺកូនស្លាប់ជារបស់ឯង ហើយកូនរស់ជារបស់អញវិញ ២៤រួចស្តេចទ្រង់បង្គាប់ថា ចូរយកដាវ១មកណេះ នោះគេក៏យកដាវ១មកនៅចំពោះស្តេច ២៥ទ្រង់មានបន្ទូលថា ចូរកាប់កូនដែលនៅរស់នោះជា២ភាគទៅ ចែក១ចំហៀងឲ្យដល់ស្ត្រីនេះ ហើយ១ចំហៀងទៀតដល់ស្ត្រីនោះ ២៦ដូច្នេះ ស្ត្រីដែលជាម្តាយនៃកូនដែលរស់ក៏ទូលដល់ស្តេច ដោយមានចិត្តអាណិតអាល័យដល់កូនខ្លួនថា ឱព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមប្រទានកូនរស់ទៅគេចុះ សូមកុំឲ្យតែសំឡាប់ឡើយ តែស្ត្រី១នោះថា កូននេះមិនត្រូវបានជារបស់ឯង ឬរបស់អញឡើយ ត្រូវពុះជា២ទៅ ២៧ដូច្នេះ ស្តេចទ្រង់ក៏មានបន្ទូលឆ្លើយឡើងថា ចូរឲ្យកូនរស់នោះទៅនាងដើមចុះ កុំសំឡាប់វាឡើយ ដ្បិតនាងនោះជាម្តាយពិត ២៨ឯជនជាតិអ៊ីស្រាអែលទាំងអស់គ្នា ក៏ឮពីបែបដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ដោយយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់ សំរាប់នឹងសំរេចសេចក្ដីយុត្តិធម៌។