ទំព័រដើម /
ព្រះបន្ទូលប្រចាំថ្ងៃ /
ថ្ងៃអាទិត្យ ទី១៤ ខែកក្តដា ឆ្នាំ២០២៤
២៦ខណនោះ ស្តេចក៏មានបន្ទូលទៅអ័បៀថើរដ៏ជាសង្ឃថា ចូរឯងត្រឡប់ទៅឯស្រែចំការរបស់ឯង ដែលនៅស្រុកអាន៉ាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែយើងមិនសំឡាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហឹបនៃព្រះអម្ចាស់យេហូវ៉ា នៅចំពោះដាវីឌ ជាព្រះវរបិតាយើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្ដីលំបាករបស់ព្រះវរបិតាយើងដែរ ២៧ដូច្នេះ សាឡូម៉ូនបានបណ្តេញអ័បៀថើរ ចេញពីដំណែងងារជាសង្ឃនៃព្រះយេហូវ៉ាទៅ ដើម្បីឲ្យបានសំរេចព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានមានបន្ទូលពីដំណើរវង្សាអេលីនៅត្រង់ស៊ីឡូរ។
២៨ដំណឹងនោះក៏ឮទៅដល់យ៉ូអាប់ ហើយលោកក៏រត់ទៅឯត្រសាលនៃព្រះយេហូវ៉ា ចាប់កាន់ស្នែងអាសនា ដ្បិតទោះបើលោកមិនបានទៅតាមអាប់សាឡំមក៏ពិត ប៉ុន្តែ បាននិយមតាមអ័ដូនីយ៉ាដែរ ២៩មានគេមកក្រាបទូលស្តេចសាឡូម៉ូនថា យ៉ូអាប់បានរត់ទៅឯត្រសាលនៃព្រះយេហូវ៉ាហើយ ក៏នៅជិតអាសនា នោះសាឡូម៉ូនចាត់បេណាយ៉ា ជាកូនយេហូយ៉ាដា ឲ្យទៅដោយបន្ទូលថា ចូរទៅប្រហារជីវិតវាទៅ ៣០បេណាយ៉ាក៏ទៅឯត្រសាលនៃព្រះយេហូវ៉ាប្រាប់យ៉ូអាប់ថា ស្តេចទ្រង់បង្គាប់ឲ្យចេញមក តែលោកប្រកែកថា ទេ ខ្ញុំនឹងស្លាប់នៅទីនេះវិញ ដូច្នេះ បេណាយ៉ាក៏ទៅក្រាបទូលដល់ស្តេចថា យ៉ូអាប់បានឆ្លើយមកទូលបង្គំយ៉ាងនោះ ៣១ស្តេចមានបន្ទូលតបថា ចូរធ្វើតាមពាក្យវាចុះ ចូរសំឡាប់វា ហើយកប់វាទៅ ដើម្បីនឹងលុបឈាមដែលយ៉ូអាប់បានកំចាយ ដោយឥតហេតុចេញពីយើង ហើយពីជំនួរវង្ស នៃព្រះវរបិតាយើងទៅ ៣២ព្រះយេហូវ៉ាទ្រង់នឹងទំលាក់ឈាមវា ទៅលើក្បាលខ្លួនវាវិញ ពីព្រោះវាបានប្រហារជីវិតមនុស្ស២នាក់ ដែលសុចរិត ហើយល្អជាងវា ដោយកាប់នឹងដាវ តែដាវីឌជាព្រះវរបិតាយើងទ្រង់មិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល នឹងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា ៣៣ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ ហើយនឹងពូជពង្សវាជាដរាបទៅ តែចំណែកឯដាវីឌ នឹងពូជពង្សទ្រង់ ព្រមទាំងជំនួរវង្សទ្រង់ ហើយរាជ្យរបស់ទ្រង់នោះនឹងបានសេចក្ដីសុខសាន្ត មកអំពីព្រះយេហូវ៉ា ជានិច្ចតទៅវិញ ៣៤ដូច្នេះ បេណាយ៉ាជាកូនយេហូយ៉ាដា ក៏ឡើងទៅប្រហារសំឡាប់យ៉ូអាប់បង់ រួចគេបញ្ចុះក្នុងម៉ុងរបស់លោកនៅទីរហោស្ថាន ៣៥ស្តេចទ្រង់ក៏តាំងបេណាយ៉ាជាកូនយេហូយ៉ាដា ឲ្យធ្វើជាមេទ័ពជំនួសលោក ហើយតាំងសាដុកដ៏ជាសង្ឃ ជំនួសអ័បៀថើរដែរ។